តុលាការបានបង្គាប់ឱ្យស្ថាប័ននេះ រួមទាំងអ្នកសរសេរអត្ថបទផ្ទាល់ ត្រូវរួមគ្នាផ្តល់សំណងជំងឺចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ជនរងគ្រោះ។ យោងតាមការចុះផ្សាយរបស់កាសែត The Straits Times មន្រ្តីជាន់ខ្ពស់សឹង្ហបុរីទាំងពីររូបដែលឈ្នះក្តី និង ទទួលបានសំណងក្នុងម្នាក់ៗចំនួន២៣ម៉ឺនដុល្លារសិង្ហបុរី ឬ ប្រមាណជិត១៨ម៉ឺនដុល្លារអាម៉េរិកនោះរួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស។
តុលាការជាន់ខ្ពស់របស់សិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា បានសម្រេចឱ្យស្ថាប័ន និងអ្នកសរសេរព័ត៌មានរបស់សារព័ត៌មាន Bloomberg ផ្តល់សំណងជំងឺចិត្តដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងធនធានមនុស្សក្នុងម្នាក់ៗប្រមាណជិត ១៨ម៉ឺនដុល្លារអាម៉េរិក បន្ទាប់ពីរកឃើញភ័ស្តុតាងច្បាស់ថា អ្នកយកព័ត៌មានរបស់ស្ថាប័ននេះបានសរសេរអត្ថបទបរិហារកេរ្តិ៍ និងចោទប្រកាន់ទៅលើពួកគេដោយចេតនាអាក្រក់។
នៅក្នុងសវនាការ ចៅក្រមបានរកឃើញថា អត្ថបទដែលមានចំណងជើងថា កិច្ចព្រមព្រៀងវិមានសិង្ហបុរី ត្រូវបានលាក់បាំងកាន់តែសម្ងាត់ ដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ មានបង្កប់នូវខ្លឹមសារមិនពិត និងត្រូវបានបោះពុម្ពផ្សាយឡើងដោយអត្តនោម័ត គ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់។ អ្វីដែលគួរឱ្យហួសចិត្តនោះ ចៅក្រមបានគូសបញ្ជាក់ថា Bloomberg បានបង្ហាញចេតនាទុច្ចរិត ដោយបានព្យាយាមទាញភ្ជាប់រឿងរ៉ាវទិញលក់អចលនទ្រព្យស្របច្បាប់របស់រដ្ឋមន្ត្រីទាំងពីររូបទៅនឹងករណីលាងលុយកខ្វក់ ដើម្បីគ្រាន់តែធ្វើឱ្យអត្ថបទរបស់ខ្លួនមានភាពទាក់ទាញ និងឆក់យកការចាប់អារម្មណ៍ពីអ្នកអាន។
សំណុំរឿងនេះមិនត្រឹមតែជាការព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នោះទេ តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់អ្នកសារព័ត៌មានអនឡាញ ក៏ដូចជាក្រុមអ្នកមានឥទ្ធិពលនៅក្នុងបណ្តាញសង្គម ឬ Influencers មួយចំនួននៅក្នុងប្រទេសកម្ពុជា ផងដែរ។ កន្លងមកមហាជនតែងសង្កេតឃើញថា មានម្ចាស់គណនី និងអ្នកបង្កើតមាតិកាមួយចំនួនហ៊ានសរសេរវាយប្រហារ រិះគន់ ជាន់ឈ្លីកេរ្តិ៍ឈ្មោះអ្នកដទៃ ឬបង្កើតរឿងរ៉ាវបំផ្លើសផ្សេងៗដោយគ្មានមូលដ្ឋានការពិតទាល់តែសោះ ដោយគ្រាន់តែចង់បាន Views Likes និងចង់ល្បីល្បាញ ឬរកលុយតាមអនឡាញ។
ច្បាប់មិនមែនជាល្បែងលេងសើចឡើយ សូមកុំអាងថា ខ្លួនមានទូរសព្ទដៃ មានអ៊ីនធឺណិត រួចចេះតែនឹកឃើញចង់និពន្ធសាច់រឿងលាបពណ៌បំប៉ោងព័ត៌មានតាមចិត្តនឹកឃើញ ព្រោះយន្តការច្បាប់ស្តីពី បទបរិហារកេរ្តិ៍ គឺមានចែងយ៉ាងច្បាស់លាស់។ នៅកម្ពុជា ស្ថាប័នតុលាការ ក៏ធ្លាប់បានចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង និងជាបន្តបន្ទាប់រួចមកហើយទៅលើជនណា ដែលប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវខុស មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ។ ដូច្នេះសំណុំរឿងនៅសិង្ហបុរីដ៏រសើបមួយនេះ គឺជាមេរៀនដ៏មានតម្លៃសម្រាប់ដាស់តឿនអ្នកលេងបណ្តាញសង្គមគ្រប់រូបឱ្យភ្ញាក់រលឹកថា មុននឹងចុច Share ឬសរសេររិះគន់គេត្រូវប្រាកដថាអ្នកមានភ័ស្តុតាងច្បាស់លាស់ ចៀសវាងការល្បីត្រឹមតែមួយឆាវ តែត្រូវមកទទួលទោស ឬអស់ប្រាក់សងជំងឺចិត្តព្រោះតែភាពមិនច្បាស់លាស់របស់ខ្លួន៕
ដោយ៖ សរ សុជាតិ