សារព័ត៌មាន The Straits Times បានរាយការណ៍នៅថ្ងៃទី១៥ ខែកក្កដា នេះថា សេដ្ឋកិច្ចចិន សម្រេចបានកំណើន ៤,៣% នៅឆមាសទី១ឆ្នាំនេះ ដោយធ្លាក់ចុះពី៥% ក្នុងត្រីមាសទី១។ លទ្ធផលនេះ គឺទាបជាងការរំពឹងទុករបស់កក្រុមអ្នកវិភាគ ហើយក៏ទាបជាងគោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលកំណត់នៅចន្លោះ ៤,៥% ដល់ ៥%។ ទោះបីជាកំណើនសេដ្ឋកិច្ចចិនក្នុងឆមាសទី១ សម្រេចបាន ៤,៧% ស្ថិតក្នុងគោលដៅយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា ក្ដីបារម្ភនៅតែមានចំពោះនិរន្តរភាពរយៈពេលវែង នៃគំរូកំណើនដែលគ្មានតុល្យភាពរបស់ចិន។
ទោះបីការនាំចេញនៅតែរីកចម្រើន តែតម្រូវការក្នុងស្រុកនៅតែទន់ខ្សោយ។ ជាក់ស្តែងការលក់រាយក្នុងខែមិថុនា កើនឡើងត្រឹម១% ប៉ុណ្ណោះ ខណៈផលិតកម្មឧស្សាហកម្មកើនឡើងរហូតដល់៥,៣% ដែលបង្ហាញថា ចិន កំពុងពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញសេដ្ឋកិច្ច។ ទន្ទឹមនេះ ពលរដ្ឋចិន ជាច្រើន កំពុងត្បិតត្បៀតការចាយវាយដោយសារប្រាក់ចំណូលមិនកើន ការងារគ្មានស្ថិរភាព និងវិបត្តិអចលនទ្រព្យដែលនៅតែអូសបន្លាយ។ ការវិនិយោគលើវិស័យអចលនទ្រព្យបានធ្លាក់ចុះ ១៨% ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ខណៈតម្លៃផ្ទះនៅតែបន្តធ្លាក់ចុះ។
មិនតែប៉ុណ្ណោះការវិនិយោគលើរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធក៏បានថយចុះផងដែរ ខណៈដែលកម្មករកាន់តែច្រើនបង្ខំចិត្តងាកទៅរកការងារក្រៅប្រព័ន្ធដូចជាការដឹកជញ្ជូនអាហារ និងបើករថយន្តដឹកអ្នកដំណើរ ដែលមានប្រាក់ចំណូលទាបជាងមុន។ ផ្ទុយទៅវិញ ការនាំចេញរបស់ចិន បានកើនឡើងរហូតដល់ទៅ២៧% ដោយសារតម្រូវការរបស់ពិភពលោកនូវផលិតផលពាក់ព័ន្ធបច្ចេកវិទ្យា AI និងការបញ្ជាទិញទុកជាមុនពីអ្នកនាំចូលនៅអាម៉េរិកមុនការអនុវត្តពន្ធថ្មី ដែលអាចកើតមាននៅចុងឆ្នាំនេះ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា ចិន មិនអាចពឹងផ្អែកលើការនាំចេញជារៀងហូតបានឡើយ។ សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងដំឡើងពន្ធនាំចូលថ្មីៗ ខណៈសហភាពអឺរ៉ុប ក៏កំពុងរៀបចំវិធានការកាន់តែតឹងរ៉ឹង ដើម្បីការពារឧស្សាហកម្មរបស់ខ្លួនពីការប្រកួតប្រជែងរបស់ចិនផងដែរ។
ក្រុមអ្នកវិភាគបានលើកឡើងថា បញ្ហាប្រឈមដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង នៅពេលនេះ គឺធ្វើឱ្យប្រជាពលរដ្ឋហ៊ានចាយលុយឡើងវិញ។ ប្រសិនបើការនាំចេញចាប់ផ្តើមថយចុះនៅប៉ុន្មានខែខាងមុខ រដ្ឋាភិបាលចិន អាចនឹងត្រូវដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចកាន់តែខ្លាំងដើម្បីគាំទ្រគ្រួសារពលរដ្ឋ និងរក្សាកំណើនសេដ្ឋកិច្ចឱ្យបន្តទៅមុខ៕
ដោយ: តែម សុខុម