តាមរយៈសំណេរដែលលោក លុយ ដេវីត បានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាក់ថា វាជារឿងដ៏គួរឱ្យអស់សំណើច ដែលឯកអគ្គរាជទូតថៃ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកតាមបញ្ចុះបញ្ចូលរូបលោក កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានឆ្លើយតបយ៉ាងច្បាស់ថា ក្នុងនាមជាអ្នកការទូតកម្ពុជា លោកមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិអំពីជំហររបស់កម្ពុជាចំពោះជម្លោះព្រំដែន ដែលប្រទេសថៃជាអ្នកឈ្លានពានកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនមានហេតុផលត្រូវនៅស្ងៀមចំពោះបញ្ហានេះទេ ហើយលោកនឹងបន្តលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើវេទិកាអន្តរជាតិ ដើម្បីបង្ហាញពីទស្សនៈ និងជំហររបស់កម្ពុជា។
សូមបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៥ - ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។
កិច្ចប្រជុំកំពូលនេះ ក៏ដើរតួជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលនៃអង្គការ OIF ប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃរដ្ឋសមាជិក និងរដ្ឋាភិបាលចំនួន៩០ ក្នុងរយៈពេលរៀងរាល់ពីរឆ្នាំម្តង ដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក៏ដូចជាតម្លៃរួមដែលគាំទ្រដល់សហគមន៍និយាយភាសាបារាំង។