វិស័យការបរទេស

​ថៃ យកលេសចង់ពង្រីកការសាងសង់របងព្រំដែនជាមួយម៉ាឡេស៊ី ដើម្បីបង្ក្រាបក្រុមផ្ដាច់ខ្លួន


រដ្ឋាភិបាលថៃ កំពុងរៀបចំផែនការបិទបាំងភាពបរាជ័យសន្តិសុខនៅភាគខាងត្បូង ដោយយកលេសចង់ពង្រីករបងព្រំដែនថៃ-ម៉ាឡេស៊ី ក្រោមហេតុផលទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការរត់ពន្ធ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានអះអាងថា លោកនឹងស្នើគម្រោងនេះទៅកាន់ម៉ាឡេស៊ី ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង គឺថៃ កំពុងក្រហល់ក្រហាយយ៉ាងខ្លាំង និងមានចេតនាចង់បង្ក្រាបលើក្រុមចលនាទាមទារទឹកដីប្រដាប់អាវុធ BRN ដែលកំពុងវាយបក និងបង្កអសន្តិសុខយ៉ាងកាចសាហាវនៅក្នុងខេត្តភាគខាងត្បូង ជាប់ព្រំដែនម៉ាឡេស៊ី។
វិស័យការបរទេស
ដោយ

កាសែត Khaosod របស់ថៃ បានចុះផ្សាយនៅថ្ងៃទី១ ខែកញ្ញា ថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងថា រដ្ឋាភិបាលថៃ ត្រូវការកិច្ចសម្របសម្រួលព័ត៌មានចារកម្ម និងការចូលរួមពីសហគមន៍ជនជាតិដើមក្នុងតំបន់ ដើម្បីរារាំងអំពើហិង្សាក្នុងខេត្តភាគខាងត្បូងទាំង៣។ លើសពីនេះថៃ ថែមទាំងបានលើកឡើងអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាមួយម៉ាឡេស៊ី ដើម្បីបង្កើតរូបភាពល្អក្នុងន័យស្តារទំនុកចិត្តប្រជាជនឡើងវិញ។ លោក ស៊ីហាសាក់ បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខ ដោយនាំទៅជាមួយនូវប្រធានទីភ្នាក់ងារចារកម្មសម្ងាត់ជាតិ និងជាប្រធានក្រុមការងារសន្ទនាសន្តិភាពភាគខាងត្បូង ដើម្បីជំរុញកិច្ចការងារនេះ។
ទោះជាយ៉ាងណាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខេត្តភាគខាងត្បូងរបស់ថៃ ចំនួន៣ រួមមាន យ៉ាឡា ណារ៉ាធិវ៉ាត និងប៉ាតានី បានក្លាយជាតំបន់ភ្លើងសង្គ្រាមក្នុងស្រុក ដែលពោរពេញដោយការប្លន់ទ្រព្យសម្បត្តិទ្រង់ទ្រាយធំ និងអំពើភេរវកម្មបំផ្ទុះគ្រាប់បែក បង្កឡើងដោយក្រុមចលនាផ្តាច់ខ្លួនប្រដាប់អាវុធ BRN និងក្រុមសកម្មប្រយុទ្ធម៉ាឡាយូ ផ្សេងទៀត។
ភាពបរាជ័យរបស់ថៃ ក្នុងការគ្រប់គ្រងសន្តិសុខបានស្តែងឱ្យឃើញកាន់តែច្បាស់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលក្រុម BRN បានបង្កើនការវាយប្រហារយ៉ាងសាហាវឃោរឃៅ មានទាំងការប្លន់ហាងមាសនៅកណ្តាលក្រុង ការបើកការបាញ់ប្រហារលើកងយោធាការពារព្រំដែនថៃ និងការដាក់គ្រាប់បែកបំផ្ទុះទ្រង់ទ្រាយធំជាង៥០កន្លែង ព្រមគ្នាទូទាំងខេត្តភាគខាងត្បូង។ ខណៈដែលប្រទេសម៉ាឡេស៊ី ហាក់រក្សាជំហរអត់ធ្មត់ និងមិនសូវសហការក្តៅគគុកតាមការចង់បានរបស់ថៃ លើបញ្ហារ៉ាំរ៉ៃនេះ ការព្យាយាមរុញច្រានគម្រោងពង្រីករបងព្រំដែនរបស់ថៃ នៅពេលនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសនយោបាយ ដើម្បីបិទបាំងភាពកម្សោយសន្តិសុខ និងអសមត្ថភាពរបស់អាជ្ញាធរថៃក្នុងការបង្ក្រាបក្រុមសកម្មប្រយុទ្ធក្នុងស្រុកតែប៉ុណ្ណោះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ប្រធានធនាគារកណ្ដាលអង់គ្លេស ព្រមានថា បច្ចេកវិទ្យា AI អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដាំក្បាលចុះ

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែពីក្រោយការរីកចម្រើនដ៏គួរឱ្យភ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ