អ្នកនិពន្ធសៀវភៅស្វ័យអភិវឌ្ឍន៍ និងហិរញ្ញវត្ថុដ៏ល្បីល្បាញលំដាប់ពិភពលោកលោក រ៉ូបឺត គីយ៉ូសាគី កំពុងតែលិចលង់ក្នុងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយជំពាក់បំណុលវ័ណ្ឌករហូតដល់ទៅ១,២ពាន់លានដុល្លារអាម៉េរិក ដែលជាបំណុលកើតចេញពីការវិនិយោគលើវិស័យអចលនទ្រព្យ។ មុនពេលធ្លាក់ចូលក្នុងអន្ទាក់បំណុលនេះ អ្នកនិពន្ធវ័យ៧៩ឆ្នាំរូបនេះ ធ្លាប់បានសរសេរសៀវភៅដោយលើកឡើងពីទស្សនទានដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយអះអាងថា ការខ្ចីប្រាក់ដើម្បីយកទៅវិនិយោគលើទ្រព្យសកម្ម គឺជាច្រកទ្វារបង្កើតប្រាក់ចំណូល និងជាយុទ្ធសាស្ត្រឆ្លាតវៃ ដែលអ្នកមានតែងតែប្រើប្រាស់។ ប៉ុន្តែចុងក្រោយរូបលោកផ្ទាល់បែរជាត្រូវមកលិចលង់ក្នុងគំនរបំណុល ដែលពិបាកនឹងរើខ្លួនទៅវិញ។
អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញរូបនេះបានបន្តថា អ្វីដែលលោកអាចចែករំលែកបាននៅពេលនេះ គឺរូបលោកជាអ្នកមានដែលកំពុងលិចលង់ក្នុងបំណុល ហើយអ្នកអានមានសិទ្ធិសម្រេចចិត្តថា តើគួរធ្វើតាមរូបលោក ឬយ៉ាងណានោះ។ លោកបានបន្ថែមថា លោកបានតាមដាន និងវិភាគលើបញ្ហាយុទ្ធសាស្ត្របំណុលនេះតាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ ហើយប្រសិនបើអ្នកអានចង់រៀនសូត្រពីរបៀបប្រើប្រាស់បំណុល ពួកគេអាចអាន និងដកពិសោធន៍ដោយខ្លួនឯងបាន។
លោក រ៉ូបឺត គីយ៉ូសាគី បានគូសបញ្ជាក់ថា គំនរបំណុលដ៏ធំសម្បើមនេះ គឺជាផលកើតចេញពីយុទ្ធសាស្ត្រវិនិយោគរបស់លោកផ្ទាល់។ មូលហេតុ គឺនៅពេលដែលតម្លៃទ្រព្យសម្បត្តិរបស់លោកកើនឡើង លោកមិនបានយកប្រាក់ទៅរំលោះបំណុលចាស់នោះទេ ប៉ុន្តែបែរជាទាញយកឱកាសនោះទៅបង្កើតបំណុលបន្ថែមទៀត ដោយសារលោកចាត់ទុកប្រាក់កម្ចី ដែលបានមកពីស្ថាប័នហិរញ្ញវត្ថុថា ជាប្រាក់ចំណូល ដែលមិនបាច់បង់ពន្ធទៅវិញ៕
ដោយៈ សរ សុជាតិ