យោងតាមការចុះផ្សាយរបស់កាសែត ខាវសុត របស់ថៃ បានឱ្យដឹងថា លោក ណាថាផុង រឿងបញ្ញាវុធ (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជន រួមដំណើរដោយសមាជិកសភាខេត្តឈៀងម៉ៃ បានចូលជួបពិភាក្សាជាមួយមន្ត្រីស្ថានទូតចិន ប្រចាំទីក្រុងបាងកក ដោយពួកគេបានប្រគល់ឯកសារភ័ស្តុតាងសំខាន់ៗ រួមមានលទ្ធផលស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងទិន្នន័យទីតាំងអណ្តូងរ៉ែ ដែលពួកគេអះអាងថា ជាប្រភពចម្បងនៃការបំពុលទឹកទន្លេឆ្លងដែន។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានបញ្ជាក់ថា ការបំពុលទឹកទន្លេឆ្លងដែននេះកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងក្រោមនៃដងទន្លេ។
ផ្អែកលើការតាមដានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គេបានរកឃើញសារធាតុពុលក្នុងកម្រិតគ្រោះថ្នាក់នៅក្នុងទន្លេក្រាប៊ុរី ដែលជាព្រំដែនធម្មជាតិ រវាងថៃ និងមីយ៉ាន់ម៉ា។ លទ្ធផលវិភាគបានបង្ហាញថា ទឹកទន្លេមានផ្ទុកជាតិអាសេនិច និងជាតិសំណក្នុងកម្រិតខ្ពស់ហួសពីស្តង់ដាសុវត្ថិភាព ដែលបង្កឡើងដោយការធ្វើអាជីវកម្មរ៉ែខុសច្បាប់ពីក្រុមហ៊ុនមីយ៉ាន់ម៉ាសហការជាមួយវិនិយោគិនចិន។ ការសិក្សាស្រាវជ្រាវបានរកឃើញផងដែរថា សារធាតុពុលទាំងនេះបានជ្រាបចូលទៅក្នុងខ្សែសង្វាក់អាហារប្រចាំថ្ងៃរបស់មនុស្សរួចទៅហើយ ដោយសារធាតុលោហៈកម្រិតខ្ពស់ត្រូវបានរកឃើញនៅក្នុងបន្លែបង្ការ និងជាតិសំណពុលនៅក្នុងសាច់ត្រីដែលចាប់បានពីក្នុងទន្លេ។
ឆ្លើយតបនឹងការដាក់ឯកសារតវ៉ាពីសំណាក់គណបក្សប្រឆាំងថៃនេះ ស្ថានទូតចិន ប្រចាំទីក្រុងបាងកក នៅថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ថា ករណីនេះគួរតែត្រូវបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ប្រកបដោយភាពមិនលម្អៀង ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ស្ថានទូតចិន បានសង្កត់ធ្ងន់ថា ប្រទេសចិន គាំទ្រឱ្យមានការស៊ើបអង្កេតរួមគ្នារវាងថៃ និងមីយ៉ាន់ម៉ា ហើយចិន ត្រៀមខ្លួនជាស្រេចក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ក៏ដូចជាការការពារបរិស្ថាន។ ទន្ទឹមនឹងនេះ ស្ថានទូតចិន បានច្រានចោលទាំងស្រុងនូវរាល់ការចោទប្រកាន់ និងមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះដោយគ្មានមូលដ្ឋានច្បាស់លាស់ណាមួយ ដែលពាក់ព័ន្ធនឹងប្រទេសចិន៕
អត្ថបទៈ សួន ឡង់ទី