ទីផ្សារទុរេន

វៀតណាមដាក់គោលដៅរកចំណូលឱ្យបាន៤ពាន់​លានដុល្លារអាម៉េរិកពីការនាំចេញផ្លែទុរេននៅឆ្នាំនេះ


ការដាំដុះ និងនាំចេញទុរេនរបស់វៀតណាមកំពុងឈានចូលដំណាក់កាលថ្មី​កាន់​តែគួរឱ្យចាប់អារម្មណ៍ ដោយប្រទេស​នេះរំពឹងប្រមូលចំណូលបានប្រមាណ៤ពាន់លានដុល្លារអាម៉េរិកពីការនាំចេញទុរេននៅឆ្នាំ២០២៦ នេះ។ ប៉ុន្តែការពឹងផ្អែកខ្លាំងលើទីផ្សារចិនកំពុងជំរុញឱ្យវៀតណាមប្រញាប់ស្វែងរកទីផ្សារថ្មីៗ ដើម្បីកាត់បន្ថយហានិភ័យ ខណៈការប្រកួតប្រជែង និងលក្ខខណ្ឌពាណិជ្ជកម្មកាន់តែតឹងរ៉ឹងកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ការរីកចម្រើននៃការនាំចេញទុរេន។ នេះបើយោងតាមសារព័ត៌មាន VN Express។
ទីផ្សារទុរេន
ដោយ

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមលោក ដាង ង៉ុក ដៀប (Dang Ngoc Diep) រំពឹងថា ទំហំ
នាំចេញផ្លែទុរេនរបស់វៀតណាម​នឹង​​អាចឈានដល់ប្រមាណ៤ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំនេះ។ ទុរេនបានក្លាយជាទំនិញកសិកម្មនាំចេញដ៏សំខាន់មួយរបស់វៀតណាម ដោយមានផ្ទៃដីដាំដុះប្រមាណ ២០០,០០០ហិកតា និងទិន្នផលប្រចាំឆ្នាំជាង២លានតោន​ក្នុង​មួយឆ្នាំ។ នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៦ វៀតណាមបាននាំចេញទុរេនក្នុងទំហំប្រមាណជិត២ពាន់លានដុល្លារ។ ក្នុងនោះគ្រាន់​តែប្រទេសចិនបានទិញរហូតដល់ជាង១,៨ពាន់លានដុល្លារ ឬប្រមាណ៩៥% នៃការនាំចេញសរុបរបស់វៀតណាម។

ដើម្បីជំរុញការនាំចេញផ្លែទុរេន រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមដោះស្រាយឧបសគ្គនៅតំបន់ដាំដុះសំខាន់ៗ ព្រមទាំងរឹតបន្តឹងការតាមដានប្រភពដើម និងការគ្រប់គ្រងគុណភាព។ ថ្មីៗនេះ ចិនបានអនុម័តលេខកូដតំបន់ដាំដុះទុរេនរបស់វៀតណាមបន្ថែម៥៦៧តំបន់ ដែល​ធ្វើឱ្យចំនួនសរុប​កើនដល់ជាង១,៨០០តំបន់។
ទោះជាយ៉ាងណាវៀតណាម កំពុងប្រឈមនឹងលក្ខខណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស និងទីផ្សារកាន់តែតឹងរ៉ឹង ខណៈថៃ និងម៉ាឡេស៊ី ក៏កំពុងប្រជែងគ្នាយ៉ាងខ្លាំងដើម្បីដណ្ដើមចំណែកទីផ្សារទុរេនដ៏ធំរបស់ចិន។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារចិន វៀតណាមកំពុងស្វែងរកទីផ្សារថ្មីៗដូចជាឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ជាដើម។

កាលពីអំឡុងខែកក្កដា ឥណ្ឌាបានអនុម័តការនាំចូលទុរេនពីវៀតណាម ដែលបើកផ្លូវឱ្យផលិតផលនេះចូលទៅកាន់ទីផ្សារឥណ្ឌា ដែលមានប្រជាជនជាង១,៤ពាន់លាននាក់។ រដ្ឋាភិបាលវៀតណាម ក៏មានផែនការកែលម្អផលិតកម្ម សុវត្ថិភាពចំណីអាហារ ប្រព័ន្ធតាមដានការកែច្នៃ ការផ្ទុក និងភ័ស្តុភារ ដើម្បីធ្វើឱ្យការនាំចេញទុរេនរបស់ខ្លួនកាន់តែមានការប្រកួតប្រជែង និងមាននិរន្តរភាព៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក និងចិនគ្រោងជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI

ប្រភពព័ត៌មានជាន់ខ្ពស់ចំនួនពីរបានទម្លាយឱ្យដឹងថា មហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាយក្សទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិនកំពុងត្រៀមលក្ខណៈបើកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ