ជាមួយគ្នានេះ អ្នកជំនាញស្នើឱ្យមន្ត្រីគយនៅតាមច្រកព្រំដែនជួយរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការលួចនាំចូលទុរេនខូចគុណភាព និងមានតម្លៃថោកៗពីក្រៅប្រទេស ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកដាំទុរេនក្នុងស្រុក។
លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានលើកឡើងថា បច្ចុប្បន្នតម្លៃទុរេនបោះដុំនៅតាមចម្ការក្នុងស្រុក គឺមានតម្លៃចន្លោះពី១៣,០០០ទៅ១៥,០០០រៀលក្នុង១គីឡូក្រាម ដូច្នេះការដែលឈ្មួញកណ្តាលមួយចំនួនយកមកដាក់លក់រាយនៅលើទីផ្សារក្នុងតម្លៃត្រឹមតែ ១៣,០០០រៀល គឺកំពុងតែបំផ្លាញការខិតខំប្រឹងប្រែងផលិតរបស់កសិករខ្មែរ។ លោកបានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងនៅតាមច្រកព្រំដែន គឺជាកត្តាចាំបាច់បំផុត ព្រោះអ្នកប្រើប្រាស់មិនអាចមើលដឹងថា ទុរេនណាមានផ្ទុកសារធាតុគីមីនោះទេ ដូចនេះមានតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ទើបអាចជួយទប់ស្កាត់ករណីនេះបាន។
ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន ក៏បានបង្ហាញក្តីបារម្ភដូចគ្នាចំពោះការដាក់លក់ទុរេនតម្លៃថោកខុសធម្មតានេះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះក្រើនរំលឹកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នមុននឹងទិញទុរេនមកបរិភោគ ជាពិសេសគួរទិញពីម្ចាស់ចម្ការដោយផ្ទាល់ និងពីប្រភពដែលអាចទុកចិត្តបាន។ ជាមួយគ្នានេះ លោក ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនៅច្រកព្រំដែនរឹតបន្តឹងការត្រួតពិនិត្យគុណភាពទុរេននាំចូល និងទប់ស្កាត់ការលួចនាំចូលទុរេនខុសច្បាប់ ដើម្បីការពារផលប្រយោជន៍អ្នកដាំទុរេនក្នុងស្រុក និងការពារសុខភាពអ្នកបរិភោគ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអះអាងថា បច្ចុប្បន្ននេះមន្រ្តីជំនាញកំពុងសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន ដើម្បីប្រមូលទុរេនដែលជាប់សង្ស័យយកទៅធ្វើសំណាក ហើយនឹងបញ្ឈប់មិនឱ្យលក់ដូរភ្លាមៗ និងយកទៅកម្ទេចចោលក្នុងករណីរកឃើញមានសារធាតុគីមីហាមឃាត់។ ឯកឧត្តមបានគូសបញ្ជាក់ថា មន្រ្តីជំនាញ ក.ប.ប. មានដែនសមត្ថកិច្ចត្រួតពិនិត្យតែនៅក្នុងស្រុកប៉ុណ្ណោះ ដែលកត្តានេះបានផ្ដល់ការលំបាកក្នុងការទប់ស្កាត់ការហូរចូលទុរេន ដែលទាមទារឱ្យមន្រ្តីគយនៅតាមព្រំដែនជួយទប់ស្កាត់ពីខាងក្រៅមួយតង់ទៀត។ យ៉ាងណាមិញ ឯកឧត្តម ស្នើឱ្យអ្នកលក់ទុរេនកុំប្រកួតប្រជែងតម្លៃគ្នាខ្លាំងពេក ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក។
គួរបញ្ជាក់ថា ទុរេននៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានអាជីវករដាក់លក់ក្នុងតម្លៃទាបខុសធម្មតាចន្លោះពី១៣,០០០រៀលទៅ១៥,០០០រៀលក្នុងគីឡូក្រាម ហើយអះអាងថា ទុរេនទាំងនោះយកមកពីខេត្តកំពត កោះកុង និងកំពង់ចាមជាដើម។ ប៉ុន្តែអ្នកជំនាញ និងអ្នកដាំទុរេនក្នុងស្រុកបានវាយតម្លៃថា ទុរេនទាំងនោះអាចជាទុរេននាំចូលពីប្រទេសជិតខាង ព្រោះទុរេនដាំក្នុងស្រុកមិនអាចលក់ក្នុងតម្លៃនេះបានឡើយ ពោលគឺតម្លៃទុរេនដាំក្នុងស្រុកទាបបំផុត១៨,០០០រៀលក្នុង១គីឡូក្រាម។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អភិបាលស្រុកសំឡូត ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងលក់ទុរេនមួយកន្លែងក្រោយមានការរាយការណ៍ថា មានការលួចដឹកជញ្ជូនទុរេនពីប្រភពខាងក្រៅចូលមកបន្លំលក់នៅក្នុងតំបន់ចម្ការទុរេនសំឡូត។ ទោះបីជាអាជីវកររូបនោះបានបកស្រាយថា ខ្លួនបានយកទុរេនមកពីស្រុកស្រែអំបិល ខេត្តកោះកុង ក៏ដោយ តែសមត្ថកិច្ចជំនាញនៅតែសង្ស័យថាជាការបន្លំភ្នែកអ្នកកុម្ម៉ង់ទិញ ដោយសារគ្មានប្រភពនាំចូលច្បាស់លាស់ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ៖ ជា ម៉ារ៉ា