ទន្ទឹមនឹងនេះអ្នកជំនាញ និងអ្នកដាំទុរេនក្នុងស្រុកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការត្រួតពិនិត្យ និងរឹងបន្តឹងការនាំចូលទុរេនពីប្រទេសក្បែរខាង ដើម្បីការពារអ្នកដាំ និងអ្នកប្រើប្រាស់ក្នុងស្រុក។
លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ស្របពេលដែលទុរេនក្នុងស្រុកប្រមូលផលបានតិចជាងតម្រូវការទីផ្សារ អាចមានឈ្មួញខិលខូចមួយចំនួនលួចនាំចូលទុរេនតម្លៃថោកពីវៀតណាម ដើម្បីយកមកបន្លំធ្វើជាទុរេនខ្មែរ។ លោកបានសង្កត់ធ្ងន់ថា ការហូរចូលទុរេនថោកៗពីខាងក្រៅ ពិតជាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃទីផ្សារ និងបំផ្លាញទំនុកចិត្តរបស់អ្នកទិញ ដែលទាមទារឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ជាបន្ទាន់។
បើតាមលោក ហេង ឆេងលី តម្លៃទុរេនដាំក្នុងស្រុកលក់រាយជាមធ្យមមិនក្រោម ២០,០០០រៀលក្នុងមួយគីឡូក្រាមនោះទេ ដូច្នេះប្រជាពលរដ្ឋគួរពិចារណាឱ្យបានច្បាស់លាស់មុននឹងទិញទុរេនដែលមានតម្លៃថោកខុសធម្មតា។ លោកបានបន្ថែមថា សម្រាប់ទុរេនបែកអន្លូង បច្ចុប្បន្នសហគមន៍កំពុងរៀបចំបិទស្លាកសញ្ញាសម្គាល់ ព្រមទាំងផ្តល់លិខិតបញ្ជាក់ចេញពីចម្ការសម្រាប់អ្នកដឹកជញ្ជូនយកទៅលក់បន្ត ដើម្បីធានាទំនុកចិត្តជូនអតិថិជន។
ដោយឡែក លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនសង្កេតឃើញថា បច្ចុប្បន្ននៅតែមានការដាក់លក់ដោយបើកចំហរនូវទុរេននាំចូលថោកៗទាំងនោះនៅលើទីផ្សារកម្ពុជា។ តាមរយៈបញ្ហានេះ អ្នកជំនាញរូបនេះបារម្ភថា វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពិសេសវាបំផ្លាញដល់ទីផ្សារទុរេនក្នុងស្រុក ដែលកសិករបានខិតខំដាំដុះ និងកំពុងប្រមូលផលផងដែរ ដ្បិតអតិថិជនបាត់បង់ទំនុកចិត្តលើការបរិភោគទុរេន ដោយសារពុំមានការបញ្ជាក់ច្បាស់លាស់ថា មួយណាជាទុរេននាំចូល និងទុរេនដាំក្នុងស្រុក។
ស្រដៀងគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយល់ឃើញថា ប្រសិនបើមានការហូរចូលទុរេនមានតម្លៃថោកៗពីប្រទេសវៀតណាម ចូលមកទីផ្សារកម្ពុជាមែន នោះវាមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចអ្នកដាំដុះក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈផងដែរ បើពុំមានការត្រួតពិនិត្យត្រឹមត្រូវ។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរនៅតាមព្រំដែនពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការហូរចូលទុរេន ដែលមានសារធាតុគីមីលើសកំណត់ ខណៈបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជា ជាច្រើន កំពុងប្រឈមនឹងជំងឺមហារីក និងជំងឺផ្សេងៗដោយសារការបរិភោគចំណីអាហារដែលមានផ្ទុកសារធាតុគីមីទាំងនោះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express តម្លៃទុរេនលក់រាយនៅទីក្រុងហូជីមិញ នាពេលនេះ បានធ្លាក់ចុះមកនៅត្រឹមរង្វង់១,៥ ទៅ ២,២ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ពោលគឺធ្លាក់ចុះប្រមាណ៥០% បើធៀបនឹងរដូវកាលដូចគ្នាកាលពីឆ្នាំ២០២៥។ ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺបណ្តាលមកពីវិបត្តិចាល់ស្តុក បន្ទាប់ពីគយចិន បានរឹតបន្តឹងការត្រួតពិនិត្យ និងរកឃើញសារធាតុគីមីកសិកម្មលើសកម្រិតស្តង់ដាសុវត្ថិភាព ដែលធ្វើឱ្យទុរេនវៀតណាមមិនអាចនាំចូលទៅកាន់ទីផ្សារដ៏ធំមួយនេះបាន៕