ក្រសួងបានប៉ាន់ប្រមាណថា វៀតណាម អាចខ្វះសមត្ថភាពផលិតអគ្គិសនីប្រមាណ ៤,២៥៦មេហ្គាវ៉ាត់នៅឆ្នាំ២០២៧ ហើយកង្វះនេះអាចកើនដល់ជិត១៤,០០០មេហ្គាវ៉ាត់នៅឆ្នាំ២០៣០។ ការព្រមាននេះកើតឡើង ខណៈតម្រូវការអគ្គិសនីកំពុងកើនឡើងពីវិស័យឧស្សាហកម្ម មជ្ឈមណ្ឌលទិន្នន័យ បច្ចេកវិទ្យា AI រថយន្តអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់។
សារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃទី១៥ ខែកញ្ញា ថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអះអាងថា ប្រព័ន្ធអគ្គិសនីនៅក្នុងប្រទេសគួរតែអាចបំពេញតម្រូវការបានជាមូលដ្ឋាននៅឆ្នាំ២០២៦ នេះ ប៉ុន្តែហានិភ័យខ្វះអគ្គិសនីអាចកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ២០២៧។ ឱនភាពអគ្គិសនីត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងពីជិត៣ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៧ ឈានដល់ជាង៦១ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣០ ខណៈខេត្តនៅភាគខាងជើងវៀតណាម ត្រូវបានរំពឹងថា នឹងប្រឈមសម្ពាធខ្លាំងជាងគេ។
ក្រសួងឧស្សាហកម្មវៀតណាម ចាត់ទុកការយឺតយ៉ាវ នៃគម្រោងផលិត និងបញ្ជូនអគ្គិសនីជាមូលហេតុសំខាន់មួយ ដែលធ្វើឱ្យវៀតណម ប្រឈមនឹងការខ្វះអគ្គិសនីនេះ។ ជាង៣ឆ្នាំក្រោយការអនុវត្តផែនការអភិវឌ្ឍន៍ថាមពលទី៨ មានតែប្រមាណ៥% ប៉ុណ្ណោះ នៃសមត្ថភាពផលិតដែលបានគ្រោងទុកបានដាក់ឱ្យដំណើរការ ខណៈប្រមាណ៤៥% នៅមិនទាន់ទទួលបានការអនុម័តវិនិយោគនៅឡើយទេ។
ដើម្បីកាត់បន្ថយហានិភ័យ វៀតណាម គ្រោងពន្លឿនការដំឡើងប្រព័ន្ធសូឡាលើដំបូល និងអាគុយស្តុកថាមពល បង្កើនការនាំចូលអគ្គិសនីពីឡាវ និងចិន ព្រមទាំងពន្លឿនគម្រោងបណ្តាញបញ្ជូនអគ្គិសនី
សំខាន់ៗ។ រដ្ឋាភិបាលវៀតណាម ក៏គ្រោងកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅម៉ោង ដែលគេប្រើច្រើនបំផុតផងដែរ ដើម្បីបន្ធូរបន្ថយសម្ពាធលើបណ្តាញអគ្គិសនី៕
ដោយ: តែម សុខុម