ការិយាល័យថវិការបស់សភាអាម៉េរិក (CBO) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវឯករាជ្យមួយបានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកញ្ញា ថា ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យយោធាអាម៉េរិក ខាតបង់ថវិកាប្រមាណ៣៨ពាន់លានដុល្លាររួចហើយ គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។ ការិយាល័យនេះបានព្រមានថា ប្រសិនបើសង្គ្រាមនៅតែបន្តអូសបន្លាយ នោះកងកម្លាំងអាម៉េរិកនឹងត្រូវចំណាយថវិកាបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិកទៀតជារៀងរាល់ខែ ដោយគ្មានច្រកចេញ។
ការិយាល័យដដែលនេះ បានសង្កត់ធ្ងន់ថា ទំហំនៃការចំណាយលើសង្គ្រាមរបស់អាម៉េរិក នាពេលអនាគតនឹងប្រែប្រួលទៅតាមកម្រិត និងទំហំនៃសមរភូមិ ប៉ុន្តែគេប៉ាន់ប្រមាណថា ក្នុងមួយខែៗកងកម្លាំងសហរដ្ឋអាម៉េរិក អាចនឹងត្រូវចំណាយចន្លោះពី២ទៅ៣ពាន់លានដុល្លារ ឬអាចច្រើនជាងនេះបន្ថែមទៀត។
ទំហំថវិកាដ៏មហាសាលខាងលើត្រូវបានចំណាយលើការទិញគ្រាប់រំសេវ និងយុទ្ធភណ្ឌយោធា ដែលបានប្រើប្រាស់ ឬខូចខាតនៅក្នុងសមរភូមិ ព្រមទាំងការកើនឡើង នៃថ្លៃដើមប្រេងឥន្ធនៈយោធា និងចំណាយបន្ទាប់បន្សំផ្សេងៗទៀត។ លើសពីនេះតួលេខចំណាយខាងលើ ក៏បានរាប់បញ្ចូលទាំងកញ្ចប់ថវិកាពិសេសប្រមាណជិត២២ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់ ដើម្បីទិញបំពេញស្តុកអាវុធ និងសម្ភារសឹកឡើងវិញ បន្ទាប់ពីបានស្រកចុះពីឃ្លាំងយ៉ាងខ្លាំង ដោយសារសង្គ្រាមរយៈពេល២០០ថ្ងៃនេះកន្លង៕
ដោយៈ សរ សុជាតិ