យ៉ាងណាមិញអ្នកដាំទុរេនក្នុងស្រុកហាក់បង្ហាញពីបារម្ភចំពោះការហូរចូលទុរេនមានតម្លៃថោកៗពីប្រទេសជិតក្នុងការវាយបំបាក់ទីផ្សារទុរេនក្នុងស្រុក ចំពេលដែលថ្លៃដើមផលិតនៅឆ្នាំបានហក់ឡើងខ្ពស់ ដែលធ្វើឱ្យពួកគេបារម្ភពីការខាតបង់។
លោកស្រី ហេង សុធាណា កសិករដាំទុរេនលក្ខណៈគ្រួសារនៅខេត្តត្បូងឃ្មុំ បានអះអាងថា តម្លៃទុរេននៅឆ្នាំនេះហាក់មានការធ្លាក់ចុះបន្តិចមកនៅត្រឹមចន្លោះពី១១,០០0 ទៅ ១៥,០០០ រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំមុនដែលអាចលក់បានរហូតដល់រង្វង់២០,០០០រៀល។ លោកស្រីយល់ឃើញថា ការធ្លាក់ចុះនេះអាចបណ្តាលមកពីកត្តាសេដ្ឋកិច្ចសកល ការបន្តហូរចូលទុរេនពីក្រៅស្រុក និងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា លោកស្រី ស្នើឱ្យដាំទុរេនក្នុងស្រុករក្សាភាពស្មោះត្រង់ មិនត្រូវលក់បោកប្រាស់ កាត់ទុរេនខ្ចី ឬបន្លំភូតភរអតិថិជន ព្រោះបច្ចុប្បន្នអ្នកទិញកំពុងមានការរារែកចិត្តក្នុងការបញ្ជាទិញយកទៅបរិភោគ។
ដោយឡែក លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នកសិករកំពុងមមាញឹកជាមួយការប្រមូលផលទុរេន ដោយតម្លៃទុរេនទិញដល់ចម្ការស្ថិតក្នុងរង្វង់១២,០០០រៀលក្នុងមួយគីឡូក្រាម ដោយមិនមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ យ៉ាងណាមិញប្រធានសហគមន៍រូបនេះហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយដឹងថា ទុរេននៅប្រទេសជិតខាងដែលកំពុងចាស់កំពុងដល់រដូវប្រមូលដូចគ្នាដែរ ដែលធ្វើឱ្យមានការបារម្ភចំពោះការធ្លុះធ្លាយទុរេនពីប្រទេសជិតខាងចូលកម្ពុជា ក្នុងការវាយបំបាក់ទីផ្សារទុរេនក្នុងស្រុក ព្រោះទុរេននាំចូលតែងតែមានតម្លៃធូរថ្លៃជាងទុរេនដាំក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា មិនមែនកសិករខ្មែរមិនចង់លក់ក្នុងតម្លៃទាបនោះទេ ប៉ុន្តែដោយសារថ្លៃដើមថែទាំ ជី ថ្នាំ និងកម្លាំងពលកម្មមានតម្លៃខ្ពស់ ទើបមិនអាចលក់ក្នុងតម្លៃថោកដូចទុរេននាំចូលបាន។ ទន្ទឹមនឹងនេះ លោក បន្តទទូចដល់អាជ្ញាធរព្រំដែនឱ្យជួយទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់ ដើម្បីជួយលើកកម្ពស់ទីផ្សារ និងជីវភាពរបស់អ្នកដាំទុរេនក្នុងស្រុក។
ជុំវិញកង្វល់រឿងទុរេននាំចូល និងសុវត្ថិភាពចំណីអាហារ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានគូសបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋជួបប្រទះ ឬសង្ស័យលើការចរាចរណ៍ផ្លែទុរេនមិនប្រក្រតី សូមប្រញាប់រាយការណ៍មកមន្ត្រីជំនាញ ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីឱ្យកម្លាំងចុះអន្តរាគមន៍ត្រួតពិនិត្យភ្លាមៗ។ ឯកឧត្តម បានបន្ថែមថា ន្ត្រីជំនាញបានចុះពិនិត្យតាមទីតាំងលក់ទុរេនជាបន្តបន្ទាប់ ហើយរហូតមកទល់ពេលនេះ គឺមិនទាន់រកឃើញមានទុរេនផ្ទុកសារធាតុគីមីហាមឃាត់ណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានការដាក់លក់ទុរេននៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃទាបខុសប្រក្រតីចន្លោះពី១៣,០០០រៀលទៅ១៥,០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យអ្នកដាំទុរេនក្នុងស្រុកវាយតម្លៃថា ទុរេនទាំងនោះអាចជាទុរេននាំចូលពីប្រទេសជិតខាង។ ទុរេនដែលកំពុងចរាចរណ៍ដាក់ក្នុងតម្លៃទាបទាំងនេះត្រូវបានគេសង្ស័យថា ជាទុរេនខ្វះស្តង់ដា ឬជាប្រភេទ ដែលត្រូវបានគេច្រានចោលមិនអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិធំៗបាន ទើបយកមកបង្ហូរចូលទីផ្សារកម្ពុជារបៀបនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា