វិស័យការងារ

កម្ពុជានឹងចាប់ជជែកលើការដំឡើងប្រាក់ឈ្នួលអប្បរមានៅដើមខែកញ្ញា ខណៈអ្នកជំនាញមិនរំពឹងទទួលបានការដំឡើងច្រើននោះទេ


ទោះបីជាសេដ្ឋកិច្ចសកល និងក្នុងតំបន់ជួបប្រទះវិបត្តិ និងភាពមិនប្រាកដប្រជាដល់ថ្នាក់ធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់ខកខានក្នុងការដំឡើងប្រាក់ឈ្នួលក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតជាបន្តបន្ទាប់ ដើម្បីសម្រាលបន្ទុកជីវភាព។ តួយ៉ាងសម្រាប់ឆ្នាំ២០២៦ ប្រាក់ឈ្នួលគោលត្រូវបានដំឡើងដល់២១០ដុល្លារក្នុងមួយខែ។ ស្របពេលកិច្ចប្រជុំត្រីភាគីជុំទី១ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា។
វិស័យការងារ
ដោយ

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត ទោះប្រទេសក្នុងតំបន់មួយចំនួនមិនបានដំឡើងក៏ដោយ។ តួយ៉ាងវៀតណាម ជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាង និងមានរោងចក្រសហគ្រាសច្រើនជាងកម្ពុជា នៅតែរក្សាកម្រិតប្រាក់ឈ្នួលស្មើកម្ពុជា ឬទាបជាងកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះវាយតម្លៃថា អត្រាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ទំនងជាមិនអាចដំឡើងបានច្រើននោះឡើយ ព្រោះកម្ពុជា បន្តរងឥទ្ធិពលពីបញ្ហាជាច្រើនរាប់ចាប់តាំងបញ្ហាសង្រ្គាម ការកាត់បន្ថយការបញ្ជាទិញលើម៉ាកយីហោមួយចំនួន ការប្រកួតប្រជែង រហូតដល់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គួបផ្សំសហគ្រាសទើបផ្តល់ថ្លៃធ្វើដំណើរបន្ថែម២,៥ដុល្លារជូនកម្មករនិយោជិត ដើម្បីសម្រួលការចំណាយក្នុងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ សម្រាប់អ្នកជំនាញអ្នកជំនាញរូបនេះ ប្រាក់ឈ្នួលអប្បបរគួរត្រូវតែដំឡើងឱ្យបានសមរម្យ តែមិនលើសពីសមត្ថភាព និងរក្សាបានទាំងការងារ និងអ្នកវិនិយោគ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ការកំណត់អត្រាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៧ ត្រូវតែផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងកម្រិតជីវភាពជាក់ស្តែងរបស់បងប្អូនកម្មករ ជាពិសេសត្រូវឆ្លុះបញ្ចាំងឱ្យស្របទៅនឹងអត្រាកំណើនអតិផរណា ដែលបានហក់ឡើងខ្ពស់នៅឆ្នាំនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធត្រូវតែពង្រឹងជំនាញ និងផលិតភាពរបស់កម្មករនិយោជិតបន្ថែម ដើម្បីបង្កើនផលិតភាពការងារ ដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចរចាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៧ នឹងចាប់ផ្តើមជុំទី១ នៅថ្ងៃទី១ខែកញ្ញា។ បើតាមអ្នកនាំពាក្យរូបនេះ យន្តការនៃការចរចាអត្រាប្រាក់ឈ្នួលអប្បបរមា នឹងត្រូវឆ្លងកាត់ការជជែកវែកញែកជាយន្តការត្រីភាគី ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុច ដែលបានកំណត់នៅក្នុងច្បាប់ ដើម្បីធានាទាំងការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករ ស្ថិរភាពការងារ និងនិរន្តរភាពរបស់រោងចក្រសហគ្រាស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់។

គួរជម្រាបថា ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិត ត្រូវបានកំណត់ថា អាចខ្ពស់ជាង ឫស្មើ តែមិនអាចទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមាដាច់ខាត ហើយប្រាក់ឈ្នួលអប្បបរមា ក៏មិនមែនជាប្រាក់ឈ្នួលសរុបរបស់កម្មករនិយោជិតដែរ ដ្បិតប្រាក់ឈ្នួលសរុបមានសមាសធាតុរួមផ្សំជាច្រើនទៀត។ ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងដល់២១០ដុល្លារក្នុង១ខែ៕




អត្ថបទបន្ទាប់


ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់

ភ្នំពេញថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនទាំងអស់ដែលតែងតែធ្វើប្រតិបត្តិការលើ AMK Mobile សម្រាប់ការទូទាត់ ផ្ទេរប្រ…

អាជ្ញាធរកម្ពុជា កំពុងប្រឈមមុខនឹងល្បិចបំប្លែងខ្លួនរបស់ក្រុមឧក្រិដ្ឋជនពីសម្បុកធំៗទៅជាសម្បុកតូចៗ

ការអូសបន្លាយពេល នៃការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាវិញ្ញាសាដ៏លំបាកមួយសម្រាប់កម្ពុជា ក្នុងការស្តារកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ