សារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញការអន់ចិត្តនឹងអង្គការបក្សសម្ព័ន្ធយោធា NATO កាន់តែខ្លាំង និងកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពឈរជើងនៅអាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុប។ បច្ចុប្បន្នអាម៉េរិកមានកងទ័ពប្រមាណ៦៨,០០០នាក់ កំពុងឈរជើងនៅអឺរ៉ុប ដោយក្នុងនោះជាងពាក់កណ្តាល ឬប្រមាណ៣៦,០០០នាក់ឈរជើងនៅប្រទេសអាល្លឺម៉ង់។ ចំនួននេះ គឺតិចណាស់ បើធៀបនឹងអំឡុងសង្គ្រាមត្រជាក់ ដែលកងទ័ពអាម៉េរិករហូតដល់ទៅប្រមាណ២៥០,០០០នាក់បានឈរជើងនៅអាល្លឺម៉ង់ក្នុងឆ្នាំ១៩៨៥ មុនពេលការដួលរលំនៃសង្គ្រាមត្រជាក់។
ចំណាត់ការនេះកើតឡើងនៅចំពេលដែលភាពតានតឹងកើនឡើងរវាងលោក ដូណាល់ ត្រាំ និងបណ្ដាសម្ពន្ធមិត្តអឺរ៉ុប ជាពិសេសទាក់ទិនសង្គ្រាមអ៊ីរ៉ង់ និងការចែករំលែកបន្ទុករបស់អង្គការបក្សសម្ព័ន្ធយោធា NATO។ ជាយូរមកហើយដែលលោក ត្រាំ បានរិះគន់អាល្លឺម៉ង់ និងបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកអង្គការ NATO ចំពោះការមិនចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិរបស់ពួកគេ។
ខណៈដែលគំនិតកាត់បន្ថយកងទ័ពត្រូវបានពិភាក្សាពីមុនមក មិនទាន់មានសេចក្ដីសម្រេចចុងក្រោយណាមួយត្រូវបានធ្វើឡើងនោះទេ។ មន្ត្រីយោធាអាម៉េរិក បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់នៅតែរឹងមាំ ទោះបីជាមានការមិនចុះសម្រុងគ្នាខាងនយោបាយខ្លះក៏ដោយ៕
ដោយ: តែម សុខុម