មេដឹកនាំ​អ៊ីរ៉ង់​

លោក ត្រាំ អះអាងថា ឱ្យតែសម្រេចបានកិច្ចព្រមព្រៀង លោកអាចនឹងជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងមានកិត្តិយសខ្លាំងណាស់ ប្រសិនបើមានឱកាសបានជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតុលឡា ម៉ូចតាបា ខាមេណី (Ayatollah Mojtaba Khamenei)។ ការថ្លែងបែបនេះធ្វើឡើងចំពេលដែលសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ បានអូសបន្លាយពេលចូលដល់ខែទី៤ ខណៈបច្ចុប្បន្នភាគីទាំងពីរកំពុងបន្តការចរចាគ្នាយ៉ាងអាថ៌កំបាំង។
មេដឹកនាំ​អ៊ីរ៉ង់​
ដោយ

ទីភ្នាក់ងារព័ត៌មាន CNBC បានរាយការណ៍ថា នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាននៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោកនឹងយល់ព្រមជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ ទទួលបានជោគជ័យ។ លោក ត្រាំ បានបន្តថា ទោះបីជាការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល នាពេលកន្លងមកបានសម្លាប់ឪពុក និងសមាជិកគ្រួសារផ្សេងទៀតរបស់លោក ខាមេណី ក៏ដោយ ក៏លោកនៅតែរំពឹងថា មេដឹកនាំអ៊ីរ៉ង់ រូបនេះ នឹងបង្ហាញពីភាពចាស់ទុំ និងភាពរឹងមាំក្នុងនាមជាអ្នកដឹកនាំអាជីព។
គួររំលឹកថា លោក ម៉ូចតាបា ខាមេណី ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីឪពុករបស់លោក គឺលោក អាយ៉ាតុលឡា អាលី ខាមេណី (Ayatollah Ali Khamenei) ត្រូវបានសម្លាប់នៅក្នុងថ្ងៃដំបូងនៃការបើកឆាកប្រយុទ្ធ។
ជុំវិញរបត់នយោបាយដ៏ក្តៅគគុកនេះ លោក ចេសុន ខេមប៊ែល (Jason Campbell) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានមជ្ឈិមបូព៌ា ក្នុងទីក្រុងវ៉ាស៊ីនតោន បានលើកឡើងនៅថ្ងៃទី៥ ខែមិថុនា ថា អ៊ីរ៉ង់កំពុងមានការជឿជាក់យ៉ាងមុតមាំថា ខ្លួនមានប្រៀបជាងក្នុងការចរចាជាមួយអាម៉េរិក ហើយការយល់ឃើញបែបនេះ ហាក់កំពុងក្លាយជាការពិតរហូតដល់ទៅ៩៥% ទៅហើយ ខណៈដែលបច្ចុប្បន្ន ទីក្រុងតេអេរ៉ង់ កំពុងបន្តការចរចាស្ងាត់ៗជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកច្រកចេញបញ្ចប់សង្គ្រាម។
លោក ខេមប៊ែល បានថ្លែងថា អ៊ីរ៉ង់ កំពុងបង្ហាញជំហរយ៉ាងរឹងត្អឹង និងដាច់ខាតថា ខ្លួនត្រូវតែទទួលបានការទូទាត់សំណងការខូចខាតក្នុងទម្រង់ណាមួយជាមុនសិន ដែលនេះជាលក្ខខណ្ឌមិនអាចខ្វះបាន មុននឹងសម្រេចចិត្តបើកច្រកសមុទ្រហ័រម៉ូស (Hormuz) ឡើងវិញ។ ក្រៅពីនេះ អ៊ីរ៉ង់ ថែមទាំងបានទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យសហរដ្ឋអាម៉េរិក ដកទណ្ឌកម្ម ដែលបានបង្កកទ្រព្យសម្បត្តិទំហំ២៤ពាន់លានដុល្លាររបស់ខ្លួន ព្រមទាំងបង្ខំឱ្យភាគីអ៊ីស្រាអែលអនុវត្តបទឈប់បាញ់ឱ្យបានពិតប្រាកដនៅក្នុងប្រទេសលីបង់ និងដកកងទ័ពទាំងអស់ចេញពីភាគខាងត្បូងនៃប្រទេសលីបង់ ផងដែរ។
គួរជម្រាបថា នាពេលថ្មីៗនេះ រលកព័ត៌មានចម្រុះជុំវិញការចរចាស្វែងរកសន្តិភាព បាននិងកំពុងធ្វើឱ្យទីផ្សារពិភពលោកមានការប្រែប្រួល និងច្របូកច្របល់យ៉ាងខ្លាំង ដែលជាកត្តាជំរុញឱ្យតម្លៃប្រេង និងសាំងហក់ឡើងខ្ពស់កប់ពពក ស្របពេលដែលភាគីអ៊ីរ៉ង់ នៅតែបន្តគ្រប់គ្រង និងបិទច្រកសមុទ្រយុទ្ធសាស្ត្រហ័រម៉ូសជិតស្ទើរតែទាំងស្រុងនៅឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អ្នកដាំទុរេនក្នុងស្រុកត្អូញត្អែររឿងតម្លៃធ្លាក់ចុះ និងបង្ហាញការព្រួយបារម្ភពីការហូរចូលទុរេនតម្លៃថោកៗ

កសិករនៅខេត្តត្បូងឃ្មុំ និងកំពង់ចាម កំពុងមមាញឹកជាមួយការប្រមូលផលទុរេននៅតាមចម្ការរបស់ខ្លួន ដោយតម្លៃទុរេននៅឆ្នាំនេះហាក់មានការធ្លាក់ចុះបើធ…

ភ្ញៀវទេសចរចិន កំពុងមានការភ័យខ្លាចក្នុងការទៅកម្សាន្តនៅប្រទេសថៃ ក្រោយផ្ទុះករណីចាប់ជំរិតជាបន្តបន្ទាប់

ក្តីសង្ឃឹមរបស់ប្រទេសថៃ ក្នុងការស្ដារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ កំពុងរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែក្តីបារម្ភជាថ្មីជុំវិញបញ្ហាសុវត្ថិភាព។ ស្ថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ