វិស័យទេសចរណ៍

ភ្ញៀវទេសចរចិន កំពុងមានការភ័យខ្លាចក្នុងការទៅកម្សាន្តនៅប្រទេសថៃ ក្រោយផ្ទុះករណីចាប់ជំរិតជាបន្តបន្ទាប់


ក្តីសង្ឃឹមរបស់ប្រទេសថៃ ក្នុងការស្ដារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ កំពុងរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែក្តីបារម្ភជាថ្មីជុំវិញបញ្ហាសុវត្ថិភាព។ ស្ថានភាពនេះបានបង្ខំឱ្យសមាគមទីភ្នាក់ងារទេសចរណ៍ថៃ (ATTA) បន្ទាបក្តីរំពឹងក្នុងការស្រូបទាញភ្ញៀវទេសចរចិន សម្រាប់ឆ្នាំ២០២៦ ពី៩លាននាក់ មកនៅត្រឹមតែ៧លាននាក់។ ការទម្លាក់តួលេខនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ការបាត់ខ្លួន និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញកំពុងបំផ្លាញទំនុកចិត្តលើទីផ្សារទេសចរណ៍របស់ថៃ។
វិស័យទេសចរណ៍
ដោយ

លោក ថាណាផុន ឈីវ៉ារ៉ាតាណាផន (Thanapol Cheewarattanaporn) ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ រំពឹងថា ប្រទេសថៃនឹងអាចស្រូបទាញភ្ញៀវទេសចរចិន បានប្រមាណ៧លាននាក់ នៅឆ្នាំ២០២៦ នេះ ដែលតួលេខនេះទាបជាងការព្យាករណ៍កាលពីដើមឆ្នាំដោយរំពឹងទទួលបានរហូតដល់ទៅ៩លាននាក់។ កត្តាដែលជំរុញឱ្យប្រធានសមាគមរូបនេះបន្ទាបក្តីរំពឹង គឺដោយសារបញ្ហាចម្បងៗចំនួន២ រួមមាន រូបភាពជារួម នៃប្រព័ន្ធសុវត្ថិភាពរបស់ប្រទេសថៃ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងចំណោមអ្នកទេសចរចិន និងការកើនឡើង នៃថ្លៃដើមធ្វើដំណើរ ដែលបណ្តាលមកពីតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារឥទ្ធិពលនៃវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា។
ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ការបារម្ភពីបញ្ហាសុវត្ថិភាពបានក្លាយជាឧបសគ្គដ៏ធំធេងបំផុតសម្រាប់ប្រទេសថៃ ក្នុងការទាក់ទាញភ្ញៀវទេសចរចិន។ ការព្រួយបារម្ភនេះកើតឡើងក្រោយមានពលរដ្ឋចិន ជាច្រើន ត្រូវបានចាប់ឃុំខ្លួន ដើម្បីជំរិតទារប្រាក់ ឬបានបាត់ខ្លួនដោយអាថ៌កំបាំងភ្លាមៗ បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសថៃ។ ក្រៅពីនេះ ការព្រួយបារម្ភជុំវិញបណ្តាញឆបោកតាមទូរសព្ទ និងអនឡាញ ក៏កាន់តែបន្ថែមការភ័យខ្លាចដល់ភ្ញៀវទេសចរចិន ផងដែរ។ អ្វីដែលគួរឱ្យព្រួយបារម្ភ រឿងរ៉ាវអវិជ្ជមានទាំងនេះបានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គម និងកម្មវិធីវីដេអូខ្លីៗរបស់ចិន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ដែលធ្លាប់ជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព។
ទំនុកចិត្តរបស់ភ្ញៀវទេសចរចិន កាន់តែធ្លាក់ចុះដុនដាបថែមទៀត បន្ទាប់ពីមានការចែកចាយព័ត៌មានតាមអ៊ីនធឺណិតថា មានមន្ត្រីរដ្ឋ និងប៉ូលិសថៃ ខិលខូចមួយចំនួន មានការពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស។ ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ទីផ្សារចិន តែងតែចាត់ទុកសុវត្ថិភាពជាអាទិភាពចម្បងបំផុតក្នុងការដើរកម្សាន្តទៅក្រៅប្រទេស។ ដូច្នេះ ព័ត៌មានអវិជ្ជមានអំពីឧក្រិដ្ឋកម្ម និងភាពកម្សោយ នៃការការពារសន្តិសុខបានជះឥទ្ធិពលអាក្រក់ភ្លាមៗដល់តម្រូវការធ្វើដំណើរ ខណៈវិធានការឆ្លើយតបរបស់រដ្ឋាភិបាលថៃ ហាក់នៅមានភាពទន់ជ្រាយ និងមិនទាន់ច្បាស់លាស់គ្រប់គ្រាន់ក្នុងក្រសែភ្នែករបស់ជនជាតិចិន នៅឡើយ។
បច្ចុប្បន្នសមាគមទីភ្នាក់ងារទេសចរណ៍ថៃ កំពុងដេញជើង និងជំរុញយ៉ាងទទូចឱ្យរដ្ឋាភិបាលថៃ ដាក់ចេញនូវវិធានការសន្តិសុខជាក់ស្តែង និងម៉ឺងម៉ាត់ជាងមុន។ អាជ្ញាធរចាំបាច់ត្រូវតែបង្ហាញសកម្មភាពឱ្យឃើញច្បាស់ៗថា ប្រទេសថៃ កំពុងយកចិត្តទុកដាក់ខ្លាំងលើរឿងនេះតាមរយៈផែនការទប់ស្កាត់ជាប្រព័ន្ធ ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងការចេញមុខបកស្រាយបំភ្លឺរាល់ឧប្បត្តិហេតុផ្សេងៗ ដើម្បីស្រោចស្រង់ទំនុកចិត្ត និងសេដ្ឋកិច្ចទេសចរណ៍ឱ្យត្រឡប់មកវិញ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា ឱ្យតែសម្រេចបានកិច្ចព្រមព្រៀង លោកអាចនឹងជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងមានកិត្តិយសខ្លាំងណាស់ ប្រសិនបើមានឱកាសបានជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំ…

តើអ៊ុយក្រែន កំពុងទន់ជើងនឹងសង្គ្រាម ឬយ៉ាងណា បានជាសរសេរលិខិត​សុំជួបចរចាទល់មុខជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្គ្រាម?

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បាន​ធ្វើឱ្យ​ពិភព​លោក​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី​លោកបានសរសេរលិខិតចំហផ្ញើជូនប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ