អាកាសធាតុក្តៅសើម ឆ្នេរសមុទ្រស្រស់ស្អាត តម្លៃសមរម្យ ជើងហោះហើរត្រង់ និងការអនុញ្ញាតឱ្យ
ស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់៤៥ថ្ងៃ កំពុងជួយជំរុញប្រជាប្រិយភាពរបស់វៀតណាម។ កោះត្រល់ ឬភូគុក ក៏កំពុងទាក់ទាញភ្ញៀវទេសចររុស្ស៊ីកាន់តែច្រើន ដោយក្រុមហ៊ុនទេសចរណ៍ Anex Vietnam រំពឹងថា នឹងនាំភ្ញៀវប្រមាណ១៥,០០០នាក់មកកាន់កោះត្រល់ក្នុងមួយខែ។
ទោះជាយ៉ាងណា ចិន និងថៃ នៅតែជាគូប្រជែងដ៏ខ្លាំងក្លារបស់វៀតណាម។ ចិន ទទួលបានអត្ថប្រយោជន៍ពីទីតាំងភូមិសាស្ត្រដែលនៅជិតរុស្ស៊ី និងការអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ី ស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់៣០ថ្ងៃ។ កាលពីឆ្នាំ២០២៥ ការធ្វើដំណើររបស់ជនជាតិរុស្ស៊ី ទៅកាន់ចិន បានកើនឡើងជាង៣៣% ឈានដល់ជាង២,៤លានលើក។ ចិន ក៏កំពុងពង្រឹងសេវាកម្មជាភាសារុស្ស៊ី និងជម្រើសទូទាត់ប្រាក់ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ។
ចំណែកឯថៃ រំពឹងថា នឹងទទួលបានភ្ញៀវទេសចររុស្ស៊ី ជិត២លាននាក់ក្នុងឆ្នាំនេះ។ ទោះបីជាចំនួនភ្ញៀវក្នុងរយៈពេល៩ខែដំបូងបានធ្លាក់ចុះបន្តិចក៏ដោយ ក៏ការកក់សម្រាប់រដូវកាលសម្បូរភ្ញៀវទេសចរបានកើនឡើងពី២០% ទៅ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញបានលើកឡើងថា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែង វៀតណាម ត្រូវពង្រីកជើងហោះហើរ និងកន្លែងស្នាក់នៅបង្កើតជម្រើសទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងពង្រឹងសេវាកម្មជាភាសារុស្ស៊ី។ ជាក់ស្តែងទីក្រុងញ៉ាត្រាង កំពុងប្រឈមកង្វះមគ្គុទ្ទេសក៍ទេសចរណ៍ភាសារុស្ស៊ី ដែលអាចក្លាយជាឧបសគ្គមួយ ខណៈវិស័យទេសចរណ៍កំពុងស្ទុះងើបឡើងវិញ៕