ប៉ុន្តែអ្នកជំនាញបានសង្កត់ធ្ងន់ៗថា រូបសំណាកមិនមែនជា«មេដែក»ស្នូលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នោះទេ ប្រសិនបើរដ្ឋបាលខេត្តនានាមិនអភិវឌ្ឍសក្ដានុពលធម្មជាតិ វប្បធម៌ និងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អទេនោះ។ តើការសាងសង់រូបសំណាកតំណាងខេត្ត អាចជួយទាក់ទាញភ្ញៀវទេសចរបានកម្រិតណា?
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់រូបសំណាកតំណាងផលិតផលសក្តានុពលក្នុងខេត្តនីមួយៗគ្រាន់តែជាការបង្ហាញពីអត្តសញ្ញាណ និងនិមិត្តរូបរបស់ខេត្តប៉ុណ្ណោះ ប៉ុន្តែមិនមែនជាកត្តាសំខាន់ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានច្រើននោះទេ។ ទោះជាយ៉ាងណា រូបសំណាកតំណាងនេះ ក៏អាចរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរក្នុងស្រុកបានខ្លះដែរ តាមរយៈការផ្សព្វផ្សាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។
បើតាមអ្នកជំនាញរូបនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ រដ្ឋបាលខេត្តនីមួយៗគួរផ្ដោតលើការអប់រំសីលធម៌សង្គម ការលើកស្ទួយវប្បធម៌ អរិយធម៌ និងប្រពៃណី ព្រមទាំងការបង្ហាញពីសក្ដានុពល និងធនធានមនុស្សក្នុងមូលដ្ឋាន ដោយប្រែក្លាយចំណុចខ្លាំងទាំងនេះទៅជាផលិតផលទេសចរណ៍ឱ្យមានភាពទាក់ទាញ។ ជាក់ស្ដែងសម្រាប់ខេត្តព្រៃវែង និងស្វាយរៀង លោកបណ្ឌិតយល់ថា គួរតែផ្ដោតលើការអភិវឌ្ឍ និងពង្រីកសក្ដានុពលធនធានធម្មជាតិដូចជា បឹង ទន្លេ និងតំបន់ធម្មជាតិផ្សេងៗទៀត ដើម្បីបង្កើតជាគោលដៅទេសចរណ៍ថ្មីៗ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍នៅរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ឃើញថា ការសាងសង់រូបសំណាកតំណាងខេត្ត ដូចជា នៅខេត្តកំពត និងខេត្តតាកែវ មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណ និងលក្ខណៈពិសេសរបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកជួយជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋានទៀតផង។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ការសាងសង់រូបសំណាកតំណាងខេត្តមិនគួរធ្វើឡើងតាមគ្នាដោយខ្វះការសិក្សានោះទេ ពោលគឺរដ្ឋបាលខេត្តនីមួយៗត្រូវសិក្សាឱ្យបានច្បាស់ពីលក្ខណៈពិសេស និងអត្តសញ្ញាណរបស់ខេត្តខ្លួន មុននឹងសម្រេចបង្កើតរូបសំណាក។
ទន្ទឹមនឹងការសាងសង់រូបសំណាកតំណាងខេត្ត រដ្ឋបាលខេត្តនីមួយៗត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍគោលដៅទេសចរណ៍ផ្សេងៗដូចជាតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៌ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាថា ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ល្អ និងមានមូលដ្ឋានច្បាស់លាស់ក្នុងការត្រឡប់មកទស្សនាម្ដងទៀត។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២,៤លាននាក់ ធ្លាក់ចុះជិត៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះភ្ញៀវទេសចរវៀតណាម ឈរកំពូលតារាងមានរហូតដល់ជាង៦៥ម៉ឺននាក់ ធ្លាក់ចុះ២៨% ចិន ជាង ៦៤ម៉ឺននាក់ធ្លាក់ចុះជាង២៧% និងអាម៉េរិក មានប្រមាណ១៤ម៉ឺននាក់ធ្លាក់ចុះជាង៥%៕
អត្ថបទ៖ ជា ម៉ារ៉ា