លោក រែនឌី ឃែស៊ីងហ៊ែម (Randy Cassingham) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែវិច្ឆិកា ថា លោកសូមអរគុណចំពោះក្រុមគ្រូពេទ្យនៅប្រទេសថៃ ដែលបានព្យាបាលជំងឺមហារីករបស់លោក ហើយលោកទើបតែបញ្ចប់ការព្យាបាលដោយកាំរស្មីកាលពីមួយខែមុន។ ទោះជាយ៉ាងណា លោកបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការយកឈ្មោះ និងរូបថតរបស់លោកទៅប្រើក្នុងគោលបំណងឃោសនាទុច្ចរិត ដោយគ្មានការយល់ព្រមពីលោក ហើយបានហៅទង្វើនេះថា ជារឿងគួរឱ្យអាម៉ាស់បំផុត។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិខ្មែរទាំងអស់ដែលលោកបានជួបសុទ្ធតែមានភាពថ្លៃថ្នូរ រាក់ទាក់ ចិត្តល្អ និងបានជួយដល់ពួកគេទាំងអស់គ្នា។
គួររំឭកថា កាលពីថ្ងៃទី២ ខែវិច្ឆិកា សារព័ត៌មានថៃ Khaosod English បានចុះផ្សាយអត្ថបទមួយអំពីអ្នកដំណើរនៅលើនាវាទេសចរណ៍ Odyssey ដែលត្រូវកាត់ផ្តាច់ដំណើរកម្សាន្តជុំវិញពិភពលោក ក្រោយធ្វើដំណើរបានប្រហែលពីរឆ្នាំ ហើយបានជាប់គាំងនៅក្រុងព្រះសីហនុ។
ក្នុងអត្ថបទនោះមានការដកស្រង់សម្តីភ្ញៀវទេសចរខាងលើទាំងបំពានការពិត និងខ្វះវិជ្ជាជីវៈថា៖«យើងបានចុះឈ្មោះសម្រាប់ការធ្វើដំណើរអស់មួយជីវិត និងទន្ទឹងរង់ចាំការធ្វើដំណើរជុំវិញពិភពលោក ប៉ុន្តែទីបំផុត យើងបែរជាជាប់គាំងនៅក្នុងមជ្ឈមណ្ឌលឆបោក»។
តែយ៉ាងណាលោក រែនឌី ឃែស៊ីងហ៊ែម បានអះអាងថា លោកមិនបាននិយាយបែបនេះនោះទេ។ នេះជាការបកអាក្រាតកាសែត ដែលបម្រើឱ្យនយោបាយរបស់រដ្ឋាភិបាលថៃមួយនេះ ដែលតែងតែសម្អុយឈ្មោះកម្ពុជា ទាំងគ្មានមូលដ្ឋាន ដែលជាទង្វើដ៏គួរឱ្យអាម៉ាស់ និងខ្វះវិជ្ជាជីវៈ៕
ដោយ: តែម សុខុម