វិស័យពាណិជ្ជកម្ម

វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអឺរ៉ុបចំនួន៤ ដើម្បីពង្រីកទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក


វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមានសមាជិក៤ប្រទេស គឺស្វីស ន័រវែស អ៊ីស្លង់ និងលិចថេនស្តាញ។ កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រីកទីផ្សារនាំចេញ និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាម៉េរិក ខណៈពន្ធគយអាម៉េរិកកំពុងបង្កសម្ពាធលើពាណិជ្ជកម្ម។
វៀតណាមបើកទីផ្សារថ្មីៗនៅអឺរ៉ុបខណៈពន្ធអាម៉េរិករឹតត្បិតពាណិជ្ជកម្ម
ដោយ

ពន្ធគយរបស់សហរដ្ឋអាម៉េរិកកំពុងធ្វើឱ្យពាណិជ្ជកម្មពិភពលោករង្គោះរង្គើ ខណៈវៀតណាមកំពុងស្វែងរកច្រកសេដ្ឋកិច្ចថ្មីៗនៅអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារធំៗ។ ជាក់ស្តែង ប្រទេសដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅអាស៊ីអាគ្នេយ៍មួយនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសអឺរ៉ុបចំនួន៤ ក្នុងគោលបំណងពង្រីកទីផ្សារនាំចេញ និងបង្កើតឱកាសអាជីវកម្មថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅទីក្រុងហាណូយកាលពីថ្ងៃទី១៨ ខែតុលា ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមានសមាជិក៤ប្រទេស រួមមាន ស្វីស ន័រវែស អ៊ីស្លង់ និងលិចថេនស្តាញ (Liechtenstein)។ មេដឹកនាំកំពូលរបស់វៀតណាម លោក តូ ឡឹម ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខានេះដែរ។ កិច្ចព្រមព្រៀងនេះនឹងលុបចោល ឬកាត់បន្ថយពន្ធគយលើទំនិញឧស្សាហកម្ម គ្រឿងសមុទ្រ និងផលិតផលកសិកម្ម ព្រមទាំងគ្របដណ្តប់លើពាណិជ្ជកម្មសេវាកម្ម កម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋាភិបាលវៀតណាមរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជួយពង្រីកទីផ្សារនាំចូល និងនាំចេញ ព្រមទាំងពង្រឹងតួនាទីរបស់វៀតណាមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

គួររំឭកថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ ប៉ុន្តែបានជាប់គាំងនៅឆ្នាំ២០១៨ មុនពេលចាប់ផ្តើមឡើងវិញនៅខែកញ្ញា ឆ្នាំ២០២៥ ហើយទីបំផុតភាគីទាំងពីរក៏បានសម្រេចកិច្ចព្រមព្រៀងនេះនៅខែកក្កដា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបនេះកើតមានឡើង ខណៈពន្ធគយរបស់អាម៉េរិកកំពុងដាក់សម្ពាធលើការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអាម៉េរិក ដែលជំរុញឱ្យទីក្រុងហាណូយស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម។

យោងតាមសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងសមាគមដែលមានសមាជិក៤ប្រទេសនេះ និងវៀតណាមមានទំហំ៤,៨ពាន់លានអឺរ៉ូ ឬប្រមាណ៥,៤ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


លោក ត្រាំផ្អាកទណ្ឌកម្មលើរុស្ស៊ី ខណៈលោក ពូទីនចង់ជួបជាមួយលោក ត្រាំ និងលោក ស៊ី ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

លោក ដូណាល់ ត្រាំការពារការសម្រេចចិត្តផ្អាកទណ្ឌកម្មមួយចំនួនលើរុស្ស៊ី ដោយអះអាងថាចង់រក្សាឱកាសចរចាសន្តិភាព។ ទន្ទឹមនឹងនេះ មានសេចក្តីរាយការណ៍ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ