ចាប់ពីពេលនេះតទៅនិស្សិតនៅសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសវៀតណាម នឹងមិនអាចបញ្ចប់ការសិក្សាបានឡើយ ប្រសិនបើគ្មានសមត្ថភាពឌីជីថល និងចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI)។ នេះគឺជាកាតព្វកិច្ចផ្លូវការលើកដំបូងបំផុត ក្រោមបទប្បញ្ញត្តិថ្មី ដែលចេញដោយក្រសួងអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈវៀតណាម ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធឧត្តមសិក្សាទូទាំងប្រទេស។
សារាចរខាងលើតម្រូវថា រាល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ត្រូវតែរៀបចំឡើងវិញ ដោយផ្តោតលើការវាស់វែងសមត្ថភាពជាក់ស្តែងរបស់និស្សិតជាចម្បង ក្នុងនោះនិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រត្រូវមានសមត្ថភាពឌីជីថល ចំណេះដឹងជាក់ស្តែងទាក់ទងនឹងបច្ចេកវិទ្យា AI ជំនាញភាសាបរទេសច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរការងារ។
ចំណែកសម្រាប់ថ្នាក់អនុបណ្ឌិត កម្មវិធីសិក្សាត្រូវតែបំពាក់បំប៉នជំនាញស្រាវជ្រាវស៊ីជម្រៅ នវានុវត្តន៍ និងសមត្ថភាពបង្កើតដំណោះស្រាយថ្មីៗ ខណៈថ្នាក់បណ្ឌិត និស្សិតត្រូវតែបង្ហាញពីសមត្ថភាពស្រាវជ្រាវឯករាជ្យ អាចបង្កើតបច្ចេកវិទ្យាថ្មី និងផលិតការបោះពុម្ពផ្សាយវិទ្យាសាស្ត្រកម្រិតអន្តរជាតិបាន។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានវាយតម្លៃថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់វៀតណាមនៅពេលនេះ មិនមែនគ្រាន់តែជាការកែទម្រង់ការអប់រំធម្មតានោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចដ៏ធំមួយ។ វៀតណាមកំពុងប្រែក្លាយធនធានមនុស្សវ័យក្មេងរបស់ខ្លួនឱ្យទៅជាចលករសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដើម្បីប្រកួតប្រជែងដណ្តើមចំណែកទីផ្សារបច្ចេកវិទ្យា និងឧស្សាហកម្មបន្ទះឈីបពីប្រទេសក្នុងតំបន់។
បទប្បញ្ញត្តិថ្មីនេះ ក៏បានតម្រូវឱ្យគ្រប់សាកលវិទ្យាល័យនានាត្រូវតែសហការជាមួយវិស័យឯកជន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានចុះកម្មសិក្សាផ្ទាល់ បទពិសោធន៍ការងារជាក់ស្តែង និងការអនុវត្តគម្រោងពិតៗនៅក្នុងទីផ្សារការងារ។ នេះគឺជាការបោះជំហានយ៉ាងលឿនមួយ ដែលធ្វើឱ្យវៀតណាមក្លាយជារដ្ឋឈានមុខគេទី២នៅក្នុងតំបន់អាស៊ាន ដែលហ៊ានកំណត់យកជំនាញ AI និងឌីជីថលជាលក្ខខណ្ឌបង្ខំសម្រាប់ធនធានមនុស្សជំនាន់ក្រោយរបស់ខ្លួន៕