កិច្ចព្រមព្រៀងសន្តិភាព

តើថៃ អាចរងសម្ពាធអ្វីខ្លះក្រោយព្យួរកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី ហើយកម្ពុជា គួរធ្វើយ៉ាងណា?


ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ បានសម្រេចអនុម័តព្យួរសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាព កម្ពុជា-ថៃ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើជាសាក្សី។ ការសម្រេចព្យួរកិច្ចព្យួរជាឯកតោភាគីរបស់ថៃ នៅថ្ងៃទី១១ ខែវិច្ឆិកា នេះធ្វើឡើងក្រោយមានករណីទាហានថៃ បានដើរជាន់មីនបណ្ដាលឱ្យរងរបួសធ្ងន់អំឡុងពេលដើរត្បាតនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ជាមួយកម្ពុជា។ តើការចាកចេញពីកិច្ចព្រមព្រៀងសន្តិភាពរបស់ថៃ ជាការបំបាក់មុខលោក ដូណាល់ ត្រាំ ឬយ៉ាងណា?
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ភាគីថៃ ​តែងតែបង្កើត​បញ្ហារករឿងកម្ពុជា ជាបន្តបន្ទាប់ និងបានចាត់ទុកករណីទាហានថៃ ជាន់មីននាពេលថ្មីៗគ្រាន់តែជាលេស ដើម្បីព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងពន្យារពេលដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដើម្បីដាក់សម្ពាធលើកម្ពុជាប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ ភាគីថៃមិនអាចព្យួរ ឬលុបចោលកិច្ចព្រមព្រៀងសន្តិភាពនេះដោយឯកតោភាគីបាននោះទេ ព្រោះកិច្ចព្រមព្រៀងនេះមានចុះហត្ថលេខាដោយសមភាគីកម្ពុជា ថៃ និងមានការចុះហត្ថលេខាជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាប្រធានប្ដូរវេនអាស៊ាន។ សម្រាប់អ្នកជំនាញរូបនេះ ការព្យួរកិច្ចព្រមព្រៀងនេះវាបង្ហាញមហិច្ឆតារបស់ថៃ ក្នុងការចង់ឈ្លានពានទឹកដីកម្ពុជា និងចង់បានប្រជាប្រិយភាពពីក្រុមជាតិនិយមជ្រុល ដើម្បីទទួលបានសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតនាពេលខាងមុខ។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ភាគីថៃ ​ទំនងមិនចង់​មានសន្តិភាពជាមួយកម្ពុជា នោះទេ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងគូឡាឡាំពួ នាពេលកន្លងមក គ្រាន់តែដើម្បីគេចពីសម្ពាធ និងដើម្បីផ្គាប់ចិត្តលោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ។ អ្នកជំនាញរូបនេះជឿជាក់ថា ភាគីថៃនឹងនៅតែបន្តញុះញង់ក្រោមរូបភាពផ្សេង ដើម្បីធ្វើយ៉ាងណាអាចចាកចេញពីកាតព្វកិច្ច នៃកិច្ចព្រមព្រៀង និងបំបែកបំបាក់សាមគ្គីខ្មែរ និងបង្កឱ្យមានការផ្ទុះអាវុធជាថ្មី។ ស្ថិតក្នុងស្ថានភាពនេះ លោកបណ្ឌិត មាស នី យល់ថា កម្ពុជា ត្រូវជូនដំណឹងទៅប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក ដើម្បីបង្ការការផ្ទុះអាវុធជាថ្មី ដែលអាចបង្កឡើងដោយភាគីថៃ។

ជាមួយគ្នានេះលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទយល់ថា កិច្ចព្រមព្រៀង​សន្តិភាពដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា ដោយមានអាម៉េរិក និងម៉ាឡេស៊ី ធ្វើជាសាក្សីនេះ បានក្លាយជាច្បាប់អន្តរជាតិ។ ដូច្នេះប្រសិនបើមានភាគីមួយក្បត់ គឺស្មើនឹងមិនគោរពច្បាប់អន្តរជាតិ។ ប៉ុន្តែការបំពាននេះមិនមានការរងបទព្រហ្មទណ្ឌណាមួយដូចច្បាប់ក្នុងស្រុកនោះទេ គ្រាន់តែបង្ហាញទៅពិភពលោកថា ភាគីដែលបំពាន គឺមិនមានសីលធម៌ និងមិនគួរឱ្យប្រទេសដទៃរាប់អានតែប៉ុណ្ណោះ ហើយជាផលវិបាក អាចនាំឱ្យប្រទេសលើសកលលោកឈប់ទាក់ទង ឬអាចផ្តាច់ចំណងការទូតជាដើម។ នេះបើតាមការអះអាងរបស់លោកមេធាវី សុខ សំអឿន ដែលបានសង្កត់ធ្ងន់ថា ការចាកចេញពីកិច្ចព្រមព្រៀងសន្តិភាពរបស់ថៃអាចធ្វើឱ្យលោក ដូណាល់ ត្រាំ មានប្រតិកម្ម និងឈានដល់ការដាក់ទណ្ឌកម្មលើប្រទេសថៃ។ តែយ៉ាងណា នៅក្នុងស្ថានភាពនេះ អ្នកជំនាញច្បាប់រូបនេះ លើកឡើងថា កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នដោយពង្រឹងជំហររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុម័តព្យួរសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពកម្ពុជា-ថៃ និងអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដោយភាគីថៃ ​ជំរុញឱ្យកម្ពុជា ​ទទួលខុសត្រូវ​ទាំងស្រុងចំពោះឧប្បត្តិហេតុ​ទាហានថៃ ដើរជាន់មីនផ្ទុះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ The Nation៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចោទសួរក្រុមប្រឆាំងនៅថៃថា តើពួកគេសប្បាយចិត្តណាស់មែនទេ ពេលឃើញកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃត្រូវជាប់គាំង?

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី ១១ ខែវិច្ឆិកា នេះ បានចេញប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ