វិស័យ ការបរទេស

តើសិង្ហបុរីមានយុទ្ធសាស្ត្របែបណាខ្លះ ដើម្បីរក្សាតុល្យភាពអំណាចរវាងឥន្ទ្រីយ៍ដែកអាម៉េរិក និងនាគក្រហមចិន?


នៅក្នុងពិភពលោកមួយ ដែលកំពុងបែកបាក់ដោយសារការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សិង្ហបុរី បានក្លាយជាមន្ទីរពិសោធ នៃនយោបាយការទូតដ៏វៃឆ្លាតបំផុត។ តើធ្វើដូចម្តេចដើម្បីរក្សាតុល្យភាពរវាងឥន្ទ្រីយ៍ស្លាបដែកនៅវ៉ាស៊ីនតោន និងនាគក្រហមនៅប៉េកាំង ដោយមិនចាំបាច់បាត់បង់អត្តសញ្ញាណខ្លួនឯង? ពាក់ព័ន្ធសំណួរនេះ លោក វីវៀន បាឡាគ្រីស្នាន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ទើបតែបានបង្ហើបនូវរូបមន្តមាស ដែលប្រទេសតូចៗគួររៀនសូត្រតាម។
វិស័យ ការបរទេស
ដោយ

លោក វីវៀន បាឡាគ្រីស្នាន រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានលើកឡើងថា ដើម្បីរក្សាជំហរ និងទំនាក់ទំនងល្អរវាងអាម៉េរិក និងចិន សិង្ហបុរី មានជំហរពិសេសមួយ ដើម្បីទាញយកអត្ថប្រយោជន៍ទៅវិញទៅមកជាមួយនឹងកំពូលមហាអំណាចទាំងពីរ ហើយសិង្ហបុរី បានប្រកាន់ជំហរដាច់ខាត គឺមិនជ្រើសរើសមហាអំណាចណាមួយឡើយ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ អ្វីដែលសិង្ហបុរី កំពុងធ្វើ គឺរក្សាសកម្មភាពដោយតម្កល់ផលប្រយោជន៍ជាតិរយៈពេលវែង  និងធ្វើយ៉ាងណាឲ្យមហាអំណាចទាំងពីរទទួលបានផលប្រយោជន៍ទៅវិញដ៏សមស្របផងដែរ។នេះបើតាមការចេញផ្សាយរបស់ CNBC។

មកទល់ពេលនេះសហរដ្ឋអាម៉េរិក គឺជាអ្នកវិនិយោគបរទេសធំជាងគេរបស់សិង្ហបុរី ដោយមានក្រុមហ៊ុនអាម៉េរិករហូតដល់ទៅ ៦ពាន់ក្រុមហ៊ុនហើយសិង្ហបុរីមានឱនភាពពាណិជ្ជកម្មជាមួយអាម៉េរិកប្រមាណ ៣,៦ពាន់លានដុល្លារ ស្របពេលដែលចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សិង្ហបុរីហើយសិង្ហបុរី គឺជាអ្នកវិនិយោគបរទេសធំជាងគេនៅចិន។

ចំណុចដ៏មុតស្រួចបំផុតដែលលោក រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានលើកឡើង គឺការប្រើប្រាស់ទំនុកចិត្តជាយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម នៃប្រតិបត្តិការ។ ក្នុងន័យនយោបាយ នៅពេលដែលមហាអំណាចជឿជាក់លើសិង្ហបុរី ពួកគេលែងចាំបាច់ប្រើប្រាស់មធ្យោបាយបង្ខិតបង្ខំ ឬការដាក់សម្ពាធ ដែលនាំឱ្យខាតបង់ទាំងសងខាង។ មិនថាវិបត្តិនៅអ៊ុយក្រែន ឬមជ្ឈិមបូព៌ានោះទេ សិង្ហបុរីតែងតែផ្ដល់នូវការទូត ដែលមានភាពច្បាស់លាស់មិនប្រែប្រួលតាមខ្យល់ ដែលធ្វើឱ្យមហាអំណាចមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការធ្វើការជាមួយ។

បើតាមការលើកឡើងរបស់ប្រមុខការទូតសិង្ហបុរីរូបនេះ យុទ្ធសាស្ត្រសិង្ហបុរី គឺមិនធ្វើឱ្យខ្លួនឯងក្លាយជាបញ្ហាសម្រាប់អ្នកដទៃ។ លោកបានសង្កត់ធ្ងន់ថា សិង្ហបុរីតែងតែនិយាយពាក្យពិត ទោះបីពាក្យនោះមិនសូវពីរោះស្ដាប់សម្រាប់មហាអំណាចក៏ដោយ ប៉ុន្តែវាជាពាក្យពិត ដែលផ្អែកលើច្បាប់អន្តរជាតិ។ ភាពជឿជាក់នេះហើយ ដែលជួយឱ្យសិង្ហបុរីអាចសម្របសម្រួលបញ្ហាស្មុគស្មាញ និងរក្សាបាននូវភាពស្ងប់ស្ងាត់ក្នុងពិភពលោកដ៏ច្របូកច្របល់។

ជារួមប្រមុខការទូតសិង្ហបុរីរូបនេះបានលើកឡើងថា យុទ្ធសាស្ត្ររបស់សិង្ហបុរី មិនមែនជាការរត់គេចពីឥទ្ធិពលមហាអំណាចនោះទេ ប៉ុន្តែជាការគ្រប់គ្រងឥទ្ធិពលតាមរយៈការកសាងតម្លៃ ដែលមិនអាចជំនួសបាន។សម្រាប់សិង្ហបុរី តុល្យភាពរវាងឥន្ទ្រីយ៍ដែកវ៉ាស៊ីនតោន និងនាគក្រហមចិនមិនមែនជាការភ័យខ្លាច តែគឺជាឱកាសមាស ដើម្បីរះឱ្យកាន់តែខ្ពស់នៅលើឆាកសកល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្កែមអនឡាញជាដុំសាច់មហារីកសម្រាប់សេដ្ឋកិច្ចសកល! កុំអង្គុយធ្វើរោគវិនិច្ឆ័យ គឺត្រូវតែវះកាត់ចោល!

ការប្រើប្រាស់ពាក្យ «Scambodia» នៅក្នុងចំណងជើងអត្ថបទរបស់សារព័ត៌មានអន្តរជាតិ The Wall Street Journal មិនត្រឹមតែជាការប្រមាថដល់កិត្តិយសនិ…

រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតដល់ ២០០តោនក្នុងមួយថ្ងៃ ត្រៀមវាយលុកទីផ្សារ និងជំនួសផលិតផលនាំចូល

ជាការបោះជំហានថ្មីមួយទៀតរបស់វិស័យកសិកម្មកម្ពុជា ដោយថ្មីៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម បានសម្ពោធរោងចក្រផលិតជីកសិកម្មដ៏ធំមួយរបស់ខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ