អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានគូសបញ្ជាក់ថា បន្ទាប់ពីដំណើរការសាកល្បងផ្គត់ផ្គង់ ជីកសិកម្ម ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹក ជូនប្រជាកសិករ តាមតំបន់នានា ប្រកបដោយគុណភាពជាទីពេញចិត្ត ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម បានសម្រេចបើកសម្ពោធជាផ្លូវការនូវរោងចក្រជីមួយនេះឡើង ដែលនឹងក្លាយជាផ្នែកមួយ រួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា គឺស្របនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញ និងលើកទឹកចិត្ត ឱ្យមានការវិនិយោគលើការផលិត ជីកសិកម្មឱ្យបានកាន់តែច្រើន និងមានគុណភាព ខណៈបញ្ហាជីកសិកម្មនេះ កំពុងជះផលអវិជ្ជមាន ជាច្រើនទៅលើគុណភាព បរិមាណ និងតម្លៃរបស់ផលិតផលកសិកម្មកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ជឿជាក់ថា រោងចក្រជីកសិកម្មមួយនេះ នឹងជួយជំរុញលើការដាំដុះឱ្យទទួល បានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។