ត្រាំ និងលោក ស៊ី

តើលោក ត្រាំ និងលោក ស៊ី អាចពិភាក្សាលើបញ្ហាសំខាន់ៗខ្លះនៅក្នុងជំនួបកំពូលនៅក្រុងវ៉ាស៊ីនតោន សប្តាហ៍ក្រោយ?


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងត្រៀមលក្ខណៈស្វាគមន៍ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ក្នុងជំនួបកំពូលលើកទី២រវាងមេដឹកនាំមហាអំណាចផុតលេខទាំងពីរនៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោននេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកស្ថិរភាព នៃទំនាក់ទំនងទ្វេភាគី ដែលកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរចាប់តាំងពីសង្គ្រាមពាណិជ្ជកម្ម សំណុំរឿងកោះតៃវ៉ាន់ វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់រហូតដល់ការប្រកួតប្រជែងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ត្រាំ និងលោក ស៊ី
ដោយ

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១៨ ខែកញ្ញា ថា ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រទៅកាន់សេតវិមានជាលើកដំបូងក្នុងរយៈពេល១ទសវត្សរ៍របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើឡើងចំពេលដែលសេដ្ឋកិច្ចចិនកំពុងហក់ឡើងយ៉ាងខ្លាំង ដោយរំពឹងទទួលបានអតិរេកពាណិជ្ជកម្មរហូតដល់១ទ្រីលានដុល្លារសម្រាប់រយៈពេល២ឆ្នាំជាប់ៗគ្នា។ ជាមួយគ្នានេះលោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាព និងការជាប់ផុងក្នុងសង្គ្រាមនៅអ៊ីរ៉ង់ កំពុងស្រេកឃ្លានសមិទ្ធផលផ្នែកពាណិជ្ជកម្មជាមួយចិន ដើម្បីយកទៅលួងចិត្តពលរដ្ឋអាម៉េរិកដែលកំពុងក្តៅក្រហាយនឹងបញ្ហាទំនិញឡើងថ្លៃ។
ចំណុចក្តៅបំផុតដែលទីផ្សារហិរញ្ញវត្ថុពិភពលោកកំពុងតាមដានយ៉ាងដិតដល់ គឺថាតើភាគីទាំងពីរនឹងព្រមព្រៀងពន្យារពេលការផ្អាកសង្គ្រាមពាណិជ្ជកម្មឬយ៉ាងណា? កិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធគយសសងសឹកគ្នា ដែលបានប្រកាសក្រោយជំនួបកំពូលនៅប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំមុន នឹងត្រូវផុតកំណត់នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ។ ប្រភពព័ត៌មានបានបង្ហើបថា លោក ស៊ី ជីនពីង កំពុងរៀបចំគណៈប្រតិភូធុរកិច្ចខ្នាតធំមួយ ដើម្បីអមដំណើរលោកមកកាន់ទីក្រុងវ៉ាស៊ីនតោន ដូចកាលពីឆ្នាំ២០១៥ ដែរ។
សង្គ្រាមនៅអ៊ីរ៉ង់ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ដោយមានការចូលរួមពីអ៊ីស្រាអែល បានក្លាយជាបញ្ហាដ៏ក្តៅគគុកសម្រាប់រដ្ឋបាលលោក ត្រាំ។ ទោះបីជាទីក្រុងវ៉ាស៊ីនតោន មើលឃើញថា លោក ស៊ី ជីនពីង គឺជាមេដឹកនាំតែមួយគត់ ដែលមានឥទ្ធិពលលើទីក្រុងតេអេរ៉ង់ក៏ដោយ ប៉ុន្តែក្រុមអ្នកតាមដានជឿជាក់ថា លោក ត្រាំ ប្រហែលជាមិនពឹងពាក់ចិនទាំងស្រុងនោះទេ។ ជាមួយគ្នានេះ បញ្ហាកោះតៃវ៉ាន់ត្រូវបានគេរំពឹងថា នឹងនៅតែជាប្រធានបទដ៏ស្រួចស្រាល់សម្រាប់មេដឹកនាំទាំងពីរ។ ទីក្រុងប៉េកាំងបានសង្ឃឹមជាយូរមកហើយថា នឹងទទួលបានការធ្វើសម្បទាននយោបាយពីលោក ត្រាំ លើបញ្ហាអធិបតេយ្យភាពកោះប្រជាធិបតេយ្យមួយនេះ ដែលជាមជ្ឈមណ្ឌលផលិតបន្ទះឈីបទំនើបបំផុតលើពិភពលោក ខណៈដែលអាជ្ញាធរតៃវ៉ាន់បានបន្តបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទាររបស់ចិន។
បញ្ហាមួយទៀតដែលត្រូវបានគេរំពឹងថា មេដឹកនាំទាំងពីរនឹងលើកយកមកជជែកគ្នាដែរនោះ គឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានគេមើលឃើញថា ជាវិស័យចម្បងដែលអាចមានកិច្ចសហប្រតិបត្តិការរួមគ្នា ដោយសារក្តីបារម្ភពាក់ព័ន្ធនឹងសន្តិសុខជាតិ និងការយក AI ទៅប្រើប្រាស់ខុសគោលដៅ។ ទោះជាយ៉ាងណាក្រុមអ្នកជំនាញព្យាករថា ការប្រកួតប្រជែងដណ្តើមឧត្ដមភាពបច្ចេកវិទ្យាយោធា នឹងធ្វើឱ្យកិច្ចព្រមព្រៀងលើវិស័យ AI នេះអាចលេចចេញជាលក្ខណៈនិម្មិតរូបប៉ុណ្ណោះ។ ការទប់ស្កាត់លំហូរសារធាតុសំយោគសម្រាប់ផលិតសារធាតុញៀន Fentanyl ពីប្រទេសចិន ដែលកំពុងបំផ្លាញជីវិតពលរដ្ឋអាម៉េរិកយ៉ាងធ្ងន់ធ្ងរ ក៏ជាអាទិភាពកំពូលមួយដែលលោក ត្រាំ នឹងយកមកគៀបសង្កត់លើភាគីចិនផងដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សហការជាមួយ VET Charging Station ចាប់ផ្តើមអាជីវកម្មជាមួយអតិថិជនដែលមានស្រាប់

ក្នុងបរិបទនៃការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា VET Charging Station កំពុងពង្រីកបណ្តាញស្ថានីយសាកថ្ម និងបើកឱកាសសម្រាប់ម្ចាស់ទ…

មាសស្ទុះឡើងវិញ បន្ទាប់ពីធនាគារកណ្តាលអាមេរិកដំឡើងការប្រាក់! ហេតុអ្វី?

តម្លៃមាសបានដាំក្បាលចុះយ៉ាងគំហុកជាង១៣០ដុល្លារអាម៉េរិកក្នុង១អោនភ្លាមៗ បន្ទាប់ពីធនាគារកណ្តាលអាមេរិកប្រកាសដំឡើងអត្រាការប្រាក់កាលពីយប់ថ្ងៃពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ