តើការរកឃើញធនធានយុទ្ធសាស្ត្រថ្មីៗទាំងនេះ នឹងជួយពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន នៅលើឆាកអន្តរជាតិ កម្រិតណា?
ទុនបម្រុងធនធានរ៉ែយុទ្ធសាស្ត្រមានតម្លៃមហាសាលរបស់ប្រទេសចិន រួមមាន មាស រ៉េនីកែល និងរ៉េនញ៉ូម បានហក់ឡើងមានការកើនឡើងយ៉ាងគំហុក បន្ទាប់ពីក្រុមអ្នកជំនាញបានបញ្ចប់ការវាយតម្លៃឡើងវិញលើប្រភពធនធានរ៉ែនៅទូទាំងប្រទេស។ ទិន្នន័យផ្លូវការពីក្រសួងធនធានធម្មជាតិចិន បានបញ្ជាក់ថា បរិមាណធនធានរ៉ែកម្រ រ៉េនញ៉ូម ដែលបានរកឃើញ មានការកើនឡើងរហូតដល់ទៅជាង២០០% ខណៈដែលអាជ្ញាធរបានស្វែងរកឃើញអណ្តូងរ៉ែមាសថ្មីចំនួន៥០កន្លែង និងអណ្តូងរ៉ែនីកែលប្រមាណ៣០កន្លែងបន្ថែមទៀត។
ក្រៅពីលោហៈធាតុដ៏មានតម្លៃទាំងនេះ ចិន ក៏បានរកឃើញប្រភពរ៉ែកម្រយុទ្ធសាស្ត្រចំនួន១០កន្លែងថ្មីៗបន្ថែមទៀតដូចជា រ៉ែហ្គាលីញ៉ូម, អ៊ីនឌីញ៉ូម, តង់តាលូម និងវ៉ាណាឌីញ៉ូម។ គិតមកទល់ពេលនេះ ចិន កំពុងក្តោបក្តាប់អណ្តូងរ៉ែកម្រ និងអណ្តូងរ៉ែយុទ្ធសាស្ត្រចំនួន១៧ប្រភេទសរុបរហូតដល់១,៨០០អណ្តូង ដែលលូតលាស់ និងលាតសន្ធឹងលើក្រុង និងតំបន់ស្វយ័តចំនួន២៧ នៅទូទាំងប្រទេស។ ប្រភពធនធានទាំងអស់នេះកំពុងស្ថិតក្រោមការគ្រប់គ្រង និងប្រតិបត្តិការដោយក្រុមហ៊ុន និងស្ថាប័នធំៗជាង១០០ ព្រមទាំងមានកម្លាំងបុគ្គលិកជំនាញផ្នែកស្ទង់មតិជិត២,០០០នាក់កំពុងចុះស្រាវជ្រាវយ៉ាងសកម្ម។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺចិន បានប្រកាសពីការរកឃើញប្រភព រ៉ែហ្ស៊ីកូន ដែលជាប្រភេទរ៉ែកម្រ កកកុញក្នុងល្បាយដីល្បាប់ទន្លេ និងបឹងបុរាណជាលើកដំបូងនៅក្នុងតំបន់ បៃចេន នៃខេត្តស៊ីនជាំង។ ការរកឃើញនេះនឹងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនសមត្ថភាពផ្គត់ផ្គង់រ៉ែហ្ស៊ីកូនក្នុងស្រុកបានយ៉ាងច្រើនមហិមា។
គួរបញ្ជាក់ថា កន្លងមកប្រទេសចិន បានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលរ៉ែហ្ស៊ីកូន ពីបរទេស ដែលជាប្រភពធាតុដើម ហ្ស៊ីកូញ៉ូម ដ៏សំខាន់បំផុតសម្រាប់ប្រើប្រាស់ក្នុងការផលិតរ៉េអាក់ទ័រនុយក្លេអ៊ែ និងចម្រាញ់ធ្វើជាលោហៈធាតុផ្សំសម្រាប់ឧស្សាហកម្មអវកាស៕
ដោយៈ សរ សុជាតិ