កាតព្វកិច្ចយោធា

យុវជនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀលក្នុង១ខែ ខណៈអ្នកជំនាញហាក់បារម្ភពីតម្លាភាពនៃការអនុវត្ត


ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ និងបង្កើតកម្លាំងបម្រុង ដែលមានជំនាញច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាជាផ្លូវការនៅឆ្នាំ២០២៦ នេះ។ យុវជនដែលចូលបំពេញកាតព្វកិច្ចយោធាមិនត្រឹមតែទទួលបានការហ្វឹកហ្វឺនយ៉ាងខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់៤០ម៉ឺនរៀល រួមជាមួយនឹងគោលរបបសង្គមកិច្ចផ្សេងៗទៀតដូចយោធិនអាជីពដែរ។
កាតព្វកិច្ចយោធា
ដោយ

អ្នកជំនាញយល់ឃើញថា ដើម្បីឱ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពលុះត្រាតែមានការតាមដាន និងត្រូវអនុវត្តប្រកបដោយតម្លាភាព នោះទើបវាអាចក្លាយជាថ្នាលកសាងធនធានមនុស្សពិតប្រាកដ។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមកត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរដែលស្ថិតក្នុងវ័យបំពេញកាតព្វកិច្ចយោធាភាគច្រើនកំពុងបន្តការសិក្សា និងបំពេញការងារនៅក្នុង និងក្រៅប្រទេស។ អ្នកជំនាញរូបនេះជឿជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធានឹងអាចទាក់ទាញការចូលរួមពីពលរដ្ឋខ្មែរ ខណៈនៅក្នុងច្បាប់នេះ បានចែងពីការចូលរួមដោយស្ម័គ្រចិត្ត ការបំពេញកាតព្វកិច្ចយោធាតាមរយៈការចាប់ឆ្នោត និងការផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់៤០ម៉ឺនរៀល និងគោលរបបផ្សេងៗទៀតដូចយោធាអាជីពជាដើម។ ទោះជាយ៉ាងណា លោកបណ្ឌិត បានបង្ហាញក្តីបារម្ភពីចន្លោះប្រហោងនៃការអនុវត្ត ហើយបានស្នើឱ្យមានការតាមដាន និងការពង្រឹងយន្តការឱ្យបានច្បាស់លាស់ និងមានតម្លាភាពបំផុត ដើម្បីបង្កើតទំនុកចិត្តដល់សាធារណជន និងយុវជនបន្តវេន។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវសង្កេតឃើញថា មកទល់ពេលនេះមានសាធារណមតិមួយចំនួនបានបង្ហាញការបារម្ភចំពោះការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ពិសេសរវាងកូនអ្នកធនធាន និងកូនអ្នកមានជីវភាពខ្សត់ខ្សោយ ដោយសារតែកន្លងមកតែងតែកើតមាននូវភាពអយុត្តិធម៌។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើការអនុវត្តមិនមានតម្លាភាពទេ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យអ្នកពាក់ព័ន្ធអនុវត្តច្បាប់ដោយតម្លាភាព និងមានការទទួលខុសត្រូវនៅពេលមានបញ្ហាកើតឡើងក្នុងពេលអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា។
បើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែសីហា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធាមិនត្រឹមតែទទួលបានការហ្វឹកហ្វឺនយ៉ាងខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់៤០ម៉ឺនរៀល រួមជាមួយនឹងគោលរបបសង្គមកិច្ចផ្សេងៗទៀតដូចយោធិនអាជីពដែរ។ វិសាលភាពនៃការធ្វើជំរឿនយោធាត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ឆ្នាំ ដល់២៥ឆ្នាំ ដោយឡែកការចូលរួមបំពេញកាតព្វកិច្ចយោធាផ្ទាល់ គឺតម្រូវសម្រាប់យុវជនដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ក្នុងរយៈពេលកំណត់២៤ខែ ឬ២ឆ្នាំ។ សម្រាប់ស្ត្រីការចូលរួម គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា សហការជាមួយ UnionPay International ដាក់ឱ្យប្រើប្រាស់សេវាហិញ្ញវត្ថុ ដែលផ្តល់ប្រយោជន៍ដ៏សម្បូរបែប និងបទពិសោធន៍លំដាប់ពិភពលោក

ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប័ណ្ណឥណពន្ធយូភីអាយ…

រ៉ូយ៉ាល់ គ្រុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Marriott International ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Marriott International,…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ