កាសែត The Nation របស់ថៃបានរាយការណ៍នៅថ្ងៃទី២៩ ខែកញ្ញា ថា ស្ថានភាពទឹកជំនន់នៅទូទាំងទីក្រុងបាងកក បានធ្វើឱ្យមានការរិះគន់ និងចោទសួរពីមហាជនជុំវិញសមត្ថភាពគ្រប់គ្រងវិបត្តិ និងប្រព័ន្ធផ្តល់សញ្ញាព្រមានជាសាធារណៈរបស់រដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល ក្នុងការទប់ទល់នឹងបាតុភូតធម្មជាតិដ៏អាក្រក់នេះ។ បញ្ហានេះបានធ្វើឱ្យពលរដ្ឋថៃមួយចំនួន ដែលរងគ្រោះធ្ងន់ធ្ងរបានប្រើប្រាស់ពាក្យសម្តីចំអកឡកឡើយ និងចោទជាសំណួរ អ្នកមកធ្វើអ្វី? ដាក់លោក អានុទីន ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះ។
ភ្លៀងធ្លាក់យ៉ាងកំហុកនៅប៉ុន្មានថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា មក បានធ្វើឱ្យខណ្ឌជាច្រើននៅក្នុងក្រុងបាងកក គ្របដណ្តប់ដោយទឹក លិចលង់ផ្លូវថ្នល់ ផ្ទះសំបែង និងយានយន្ត ព្រមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ពលរដ្ឋថៃរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តជម្លៀសខ្លួនរកទីទួលសុវត្ថិភាព ខណៈអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មានមនុស្សស្លាប់ដោយសារករណីឆក់ខ្សែភ្លើងក្នុងគ្រោះទឹកជំនន់នេះថែមទៀតផង។
ស្របពេលដែលរដ្ឋាភិបាលកំពុងរងសម្ពាធលើការឆ្លើយតបនឹងគ្រោះធម្មជាតិ ស្ថានភាពនយោបាយរបស់លោក អានុទីន ក៏កំពុងស្ថិតក្នុងភាពរង្គោះរង្គើផងដែរ។ ផ្អែកតាមលទ្ធផលស្ទង់មតិថ្នាក់ជាតិរបស់ NIDA Poll ដែលធ្វើឡើងលើប្រជាជន២,៥០០នាក់ អត្រាគាំទ្រចំពោះលោក អានុទីន ក្នុងនាមជានាយករដ្ឋមន្ត្រី បានធ្លាក់ចុះជាលំដាប់ក្នុងរយៈពេល៣ត្រីមាសចុងក្រោយនេះ ដោយនៅត្រីមាសទី១ទទួលបានការគាំទ្រ ជាង២៩% ខណៈនៅត្រីមាសទី២ធ្លាក់ចុះមកនៅត្រឹមជាង២១% និងនៅត្រីមាសទី៣បានបន្តធ្លាក់ចុះមកនៅត្រឹមជិត១៤%ប៉ុណ្ណោះ។ ដូចគ្នានេះដែរ ការគាំទ្រចំពោះគណបក្សភូមិចៃថៃក៏បានធ្លាក់ចុះពីជាង២៦% ក្នុងត្រីមាសទី១មកនៅត្រឹម១៧% ក្នុងត្រីមាសទី២ និងបន្តធ្លាក់មកនៅត្រឹមជាង១២% នៅក្នុងត្រីមាសទី៣។
គួរបញ្ជាក់ថា ការស្ទង់មតិនេះបានប្រមូលទិន្នន័យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺមួយថ្ងៃមុនពេលវិបត្តិទឹកជំនន់បានផ្ទុះឡើងខ្លាំង។ ដូច្នេះតួលេខទាំងនេះមិនទាន់បានឆ្លុះបញ្ចាំងពីប្រតិកម្មរបស់ប្រជាជនចំពោះចំណាត់ការដោះស្រាយទឹកជំនន់របស់រដ្ឋាភិបាលថៃនៅឡើយទេ។ យ៉ាងណាក៏ដោយ ចំណាត់ការលើគ្រោះមហន្តរាយនាពេលនេះ នឹងក្លាយជាការសាកល្បងសមត្ថភាពនយោបាយដ៏សំខាន់មួយទៀតសម្រាប់លោក អានុទីន ថាតើលោកអាចស្តារប្រជាប្រិយភាព និងទំនុកចិត្តពីសាធារណជនឡើងវិញបាន ឬយ៉ាងណា៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស