រដ្ឋចំនួន២៥ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការពាណិជ្ជកម្មអន្តរជាតិ របស់អាម៉េរិក ដើម្បីជំទាស់នឹងវិធានការដំឡើងពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចន្លោះពី១០% ទៅ១២,៥% លើទំនិញភាគច្រើន ដែលនាំចូលពីបណ្តាដៃគូពាណិជ្ជកម្មប្រមាណ៦០ ទូទាំងពិភពលោក។ បើតាមការអះអាងរបស់រដ្ឋទាំងនោះ វិធានការពន្ធនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនិញនាំចូលរហូតដល់៩៩,៤% នៃទំនិញនាំចូលសរុបរបស់សហរដ្ឋអាម៉េរិក។
បណ្តារដ្ឋទាំងនោះបានចោទប្រកាន់ថា មន្ត្រីរដ្ឋបាលលោក ត្រាំ បានប្រើមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ និងការលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មដោយបង្ខំមកធ្វើជាលេស ដើម្បីបង្កើតរបាំងពន្ធសកលឡើងវិញយ៉ាងប្រញាប់ប្រញាល់។ ទន្ទឹមនឹងនេះពួកគេស្នើឱ្យតុលាការផ្អាកការប្រមូលពន្ធគយនេះជាបន្ទាន់ ព្រោះវាជាអំពើខុសច្បាប់ ព្រមទាំងទាមទារឱ្យរដ្ឋបាលសហព័ន្ធសងប្រាក់ពន្ធ ដែលពួកគេបានបង់រួចមកវិញផងដែរ។
លោកស្រី ឡេទីធៀ ចេម (Letitia James) អគ្គព្រះរាជអាជ្ញារដ្ឋញូវយ៉កបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីចាញ់ក្តីនៅតុលាការកំពូលម្តងរួចមក រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមដំឡើងពន្ធដោយខុសច្បាប់ជាថ្មីម្តងទៀត លើគ្រួសារពលរដ្ឋ និងអាជីវកម្មអាម៉េរិកតាមរយៈពន្ធគយជុំថ្មីនេះ។
ទោះជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធភ្លាមៗចំពោះការចោទប្រកាន់ទាំងនេះ។ លោក ខូស ដេសៃ (Kush Desai) អ្នកនាំពាក្យសេតវិមានបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាម៉េរិកចាំបាច់ត្រូវតែប្រើប្រាស់អំណាចស្របច្បាប់របស់ខ្លួន ដើម្បីលុបបំបាត់សកម្មភាពគោលនយោបាយ និងការអនុវត្តដែលមិនសមហេតុផល ទាំងឡាយណាដែលបង្កើតជាបន្ទុកដល់ពាណិជ្ជកម្មអាម៉េរិក។ លោកបានបន្ថែមថា ប្រទេសទាំងនោះបានបរាជ័យក្នុងការអនុវត្តបម្រាមផលិតទំនិញដោយប្រើប្រាស់ពលកម្មដោយបង្ខំ ដែលជាបញ្ហាចាំបាច់ត្រូវតែមានដំណោះស្រាយ។
លោកបានសង្កត់ធ្ងន់ថា ពន្ធតាមមាត្រា៣០១ គឺជាឧបករណ៍ច្បាប់ដ៏រឹងមាំតាំងពីអាណត្តិទី១របស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយបច្ចុប្បន្នវានៅតែជាឧបករណ៍ ដែលមានប្រសិទ្ធភាពដដែល។ រដ្ឋបាលបានសម្រេចដាក់ពន្ធនេះ បន្ទាប់ពីរកឃើញថា ប្រទេសទាំង៦០ និងសហភាពអឺរ៉ុបបានបរាជ័យក្នុងការរារាំងទំនិញ ដែលផលិតដោយការប្រើប្រាស់ពលកម្មដោយបង្ខំមិនឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
សូមបញ្ជាក់ថា ការប្តឹងផ្ដល់លើកនេះ គឺជាការតវ៉ាតាមផ្លូវច្បាប់លើកទី២ប្រឆាំងនឹងពន្ធថ្មីនេះ បន្ទាប់ពីក្រុមអាជីវកម្មខ្នាតតូចមួយក្រុមកាលពីពេលថ្មីៗនេះ បានប្តឹងរដ្ឋបាលអាម៉េរិកដោយលើកឡើងពីអំណះអំណាងស្រដៀងគ្នាថា លោក ត្រាំ មិនអាចប្រើប្រាស់អំណាចផ្នែកច្បាប់ថ្មី ដើម្បីបង្កើតឡើងវិញនូវពន្ធគយ ដែលត្រូវតុលាការកំពូលប្រកាសលុបចោលរួចហើយនោះទេ៕