លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ១លានតោនក្នុង១ឆ្នាំៗក៏ដោយ ប៉ុន្តែមូលដ្ឋានកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកហាក់មានកម្រិតទាបនៅឡើយមកទល់ពេលនេះ។ បើតាមប្រធានសមាគមរូបនេះ ការវិនិយោគកែច្នៃនៅមានកម្រិតទាបនេះ ក៏ដោយសារក្រុមហ៊ុនវិនិយោគមួយចំនួន ដែលគ្រោងបើកដំណើរការកែច្នៃត្រូវបានជាប់គាំងដោយសារបញ្ហាមួយចំនួន។ បញ្ហានេះធ្វើឱ្យប្រធានសមាគមរូបនេះវាយតម្លៃថា វិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងពុំអាចដើរទៅមុខបានលឿននោះទេ និងបានស្នើឱ្យរាជរដ្ឋាភិបាលគួរបន្តការផ្តល់វិញ្ញាបនបត្រជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬ QIP ដល់វិស័យស្វាយចន្ទីឡើងវិញ ព្រោះវាជាមធ្យោបាយចម្បងសម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីទទួលបាននូវការលើកទឹកចិត្តផ្នែកពន្ធដារដ៏ច្រើនសន្ធឹកសន្ធាប់ និងការការពារនានាពីរាជរដ្ឋាភិបាល។
ដោយឡែក លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មយល់ឃើញថា កត្តាដែលធ្វើឱ្យការវិនិយោគលើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅមានកម្រិតរួមមានការកង្វះខាតដើមទុនលើដំណើរការខ្សែច្រវាក់ផលិតកម្ម បច្ចេកទេសកែច្នៃនៅមានកម្រិត និងថ្លៃដើមផលិតខ្ពស់ ពិសេសតម្លៃអគ្គិសនីតែម្តង ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលគួរមានការលើកទឹកចិត្ត និងដាក់ចេញយន្តការបន្ថែម ដើម្បីជួយជំរុញការកែច្នៃក្នុងស្រុក ពិសេសការផ្តល់ទុនវិនិយោគសម្រាប់សហគមន៍ នៅតាមខេត្ត ដែលមានសក្តានុពលលើដំណាំនេះ ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ឆៅទៅក្រៅប្រទេស ដែលបាត់បង់ធាតុចូលសេដ្ឋកិច្ច។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណជាង៥០ក្នុងនោះ ចំនួន៦ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧ពាន់តោនទៅ១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ ខណៈជាង៤០សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។ បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅបានត្រឹមតែប្រមាណ២ម៉ឺន៥ពាន់តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលជាតួលេខទាបមួយបើធៀបនឹងទិន្នផល១លានតោន ដែលកម្ពុជា ផលិតបានក្នុង១ឆ្នាំៗ៕