ក្រុមប្រទេសដែលមានឧស្សាហកម្មដឹកជញ្ជូនតាមសមុទ្រសំខាន់ៗចំនួន១៨ មានឈ្មោះថា ក្រុមពិគ្រោះយោបល់ផ្នែកដឹកជញ្ជូនតាមសមុទ្រ ដែលមានសមាជិករួមមានអង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង កាណាដា និងសិង្ហបុរីជាដើមបានព្រមានថា ជម្លោះប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម និងអាកាសធាតុអាក្រក់ កំពុងជំរុញឱ្យពាណិជ្ជកម្មពិភពលោកឈានទៅរកការផ្លាស់ប្ដូររចនាសម្ព័ន្ធ។
ក្រុមនេះបានព្រមានផងដែរថា ផ្លូវដឹកជញ្ជូនតាមសមុទ្រកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងធ្វើជាឧបករណ៍ដាក់សម្ពាធ និងបង្កើនហានិភ័យ។ ការបិទច្រកសមុទ្រ Hormuz គឺជាឧទាហរណ៍ដ៏សំខាន់មួយ ដែលបានធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នកើនឡើង។ ក្រុម CSG ក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនធ្វើជាភ័ស្តុតាងបង្ហាញថា ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកមានភាពងាយរងគ្រោះយ៉ាងខ្លាំង។
ការព្រមាននេះធ្វើឡើងចំពេលភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនកំពុងបន្ថែមសម្ពាធលើពាណិជ្ជកម្មអន្តរជាតិ ដោយទិន្ន័យបានបង្ហាញថា ប្រមាណ៨០% នៃពាណិជ្ជកម្មពិភពលោកត្រូវបានដឹកជញ្ជូនតាមសមុទ្រ។ ដូច្នេះពន្ធគយថ្មី ទណ្ឌកម្ម ឬការរឹតបន្តឹងលើកំពង់ផែ និងផ្លូវដឹកជញ្ជូនអាចធ្វើឱ្យថ្លៃដើមកើនឡើងនៅទូទាំងពិភពលោក។ ក្រុមប្រទេសទាំងនេះបានព្រមានថា ការបែកបាក់កាន់តែខ្លាំងអាចបង្កើតប្រព័ន្ធដឹកជញ្ជូនពីរជាន់ ដែលនាវាមួយចំនួនដំណើរការនៅក្រៅក្របខណ្ឌធានារ៉ាប់រង សុវត្ថិភាព និងតម្លាភាពតាមស្តង់ដាធម្មតា។
ទន្ទឹងនឹងនេះ ប្រទេសទាំងនេះបានស្នើឱ្យបណ្ដាប្រទេសមានវិស័យដឹកជញ្ជូនតាមសមុទ្រគោរពច្បាប់អន្តរជាតិ ការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាលំហូរពាណិជ្ជកម្មសកលឱ្យបន្តដំណើរការដោយរលូន៕
ដោយ: តែម សុខុម