ម៉ៅ សេទុង

ទទួលមរណភាព៥០ឆ្នាំហើយ ហេតុអ្វីលោក ម៉ៅ សេទុង នៅតែមានឥទ្ធិពលក្នុងប្រទេសចិន?


រយៈពេល៥០ឆ្នាំក្រោយមរណភាពរបស់លោក ម៉ៅ សេទុង បិតាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនបានផ្លាស់ប្តូរយ៉ាងខ្លាំងពីរដ្ឋកុម្មុយនីស្តដ៏ក្រីក្រ និងឯកោទៅជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។ ប៉ុន្តែមានរឿងមួយដែលនៅតែបន្តរហូតមកដល់សព្វថ្ងៃ ​នោះ​គឺឥទ្ធិពលរបស់លោក ម៉ៅ សេទុង។ មរតកនយោបាយរបស់លោកនៅតែជះឥទ្ធិពលលើប្រព័ន្ធដឹកនាំរដ្ឋរបស់ចិន ខណៈរូបភាពរបស់លោក ក៏ត្រូវបាន​មនុស្សមួយចំនួនយកធ្វើជានិមិត្តរូប ដើម្បីបង្ហាញការមិនពេញចិត្តចំពោះវិសមភាពសង្គម និងការរំលោភបំពានអំណាច។
ម៉ៅ សេទុង
ដោយ

លោក ម៉ៅ សេទុង បានទទួលមរណភាពនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ បន្ទាប់ពីដឹកនាំគណបក្សកុម្មុយនីស្តចិនឡើងកាន់អំណាច និងបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ការគ្រប់គ្រងរបស់លោក បាននាំមកនូវយុទ្ធនាការនយោបាយ និងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ដែលបន្សល់ទុកនូវរបួសសង្គមយ៉ាងជ្រៅ។ បន្ទាប់ពី លោកទទួលមរណភាព ចិនបានងាកចេញពីគំរូសេដ្ឋកិច្ចរបស់លោក ដោយបើកទូលាយដល់ទីផ្សារ អាជីវកម្មឯកជន និងពង្រីកការធ្វើពាណិជ្ជកម្មជាមួយពិភពលោក។ ប៉ុន្តែផ្នែកនយោបាយ ក្រុមអ្នកជំនាញអះអាងថា ដំណើរការលុបបំបាត់ឥទ្ធិពលសម័យលោក ម៉ៅ សេទុង មិនបានបញ្ចប់ទាំងស្រុងនោះទេ។ ការដឹកនាំរបស់គណបក្សកុម្មុយនីស្តលើរដ្ឋ និងសង្គមនៅតែជាគោលការណ៍សំខាន់ ខណៈរូបភាព និងគំនិតនយោបាយរបស់លោក ម៉ៅ សេទុង នៅតែជាផ្នែកមួយនៃមនោគមវិជ្ជាផ្លូវការរបស់ចិន។
ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ការប្រៀបធៀបជាមួយលោក ម៉ៅ សេទុង កាន់តែមានច្រើនឡើងដោយសារការប្រមូលផ្តុំអំណាច និងការសង្កត់ធ្ងន់លើឯកភាពមនោគមវិជ្ជា និងការគ្រប់គ្រងរបស់បក្ស។ ទោះជាយ៉ាងណាអ្នកជំនាញបានសង្កត់ធ្ងន់ថា លោក ស៊ី ជីនពីង មិនដូចលោក ម៉ៅ សេទុង នោះទេ។ លោក ម៉ៅ សេទុង អាចរំលងស្ថាប័ន និងប្រើចលនាមហាជន ខណៈលោក ស៊ី ជីនពីង ពឹងផ្អែកលើស្ថាប័នបក្ស និងការគ្រប់គ្រងពីថ្នាក់កណ្តាល។

លោក ម៉ៅ សេទុង ក៏នៅតែទទួលបានការគាំទ្រពីប្រជាជនចិនមួយចំនួន ដែលមើលឃើញថា សម័យរបស់លោកសង្គមមានភាពស្មើគ្នាជាងបច្ចុប្បន្ន។ ប៉ុន្តែអ្នកជំនាញថា ការនឹករលឹកសម័យនោះភាគច្រើនឆ្លុះបញ្ចាំងពីការមិនពេញចិត្តចំពោះវិសមភាពសង្គម តម្លៃផ្ទះហក់ឡើងខ្ពស់ និងឱកាសតិចតួចក្នុងការធ្វើឱ្យជីវភាពប្រសើរឡើង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺភាសាបដិវត្តន៍របស់លោក ម៉ៅ សេទុង ពេលខ្លះត្រូវបានយកមកប្រើដើម្បីរិះគន់អំពើពុករលួយ និងវិសមភាពនៅក្នុងប្រទេសចិនសព្វថ្ងៃនេះ។ ដូចនេះមរតករបស់លោក ម៉ៅ សេទុង នៅតែមានទាំងតួនាទីជានិមិត្តរូបនៃអំណាចនយោបាយ និងជាឧបករណ៍សម្រាប់មនុស្សមួយចំនួនប្រើប្រាស់ ដើម្បីបង្ហាញការរិះគន់ចំពោះសង្គមបច្ចុប្បន្ន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមប្រទេសមានការដឹកជញ្ជូនតាមសមុទ្របានព្រមាន​ថា ពាណិជ្ជកម្មពិភពលោកកំពុងបែកបាក់ ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក

ពាណិជ្ជកម្មពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងថ្មី ដែលមិនមែនមានតែសង្គ្រាម និងពន្ធគយ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរាំងស្ទះកាន់តែខ្លាំងឡើងនៅ…

មហាសេដ្ឋីនៅតំបន់អាស៊ីកំពុងស្វែងរកទីតាំងវិនិយោគ ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ

ស្របពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកកំពុងជួបភាពមិនប្រាកដប្រជា ក្រុមមហាសេដ្ឋីនៅតំបន់អាស៊ីកំពុងស្វះស្វែងរកច្រកវិនិយោគ ដែលមានសុវត្ថិភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ