ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មបានចាត់ទុកវេទិកាដ៏សំខាន់នេះមិនត្រឹមជាស្ពានចងភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខស្បៀងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាវាឱកាសមាសសម្រាប់កម្ពុជា ក្នុងការដណ្តើមយកចំណែកទីផ្សារដ៏ធំមួយនេះបន្ថែមទៀត។
លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម បានចាត់ទុកវេទិកាផ្សារភ្ជាប់ទំនាក់ទំនងទីផ្សាររវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសកម្ពុជា និងហ្វីលីពីន គឺជាដំណើរឆ្ពោះទៅរកដំណោះស្រាយទីផ្សារកសិផលដ៏សំខាន់សម្រាប់កម្ពុជា ជាពិសេសផលិតផលអង្ករតែម្តង។ បើតាមអ្នកជំនាញរូបនេះទោះបីជាហ្វីលីពីនជា ប្រទេសមានបច្ចេកទេសខ្ពស់ក្នុងការស្រាវជ្រាវលើដំណាំស្រូវ ប៉ុន្តែនៅតែផលិតមិនទាន់គ្រប់គ្រាន់សម្រាប់បម្រើតម្រូវការទីផ្សារប្រើប្រាស់ ដូច្នេះហ្វីលីពីន នៅតែមានតម្រូវការខ្ពស់លើការនាំចូលអង្ករពីកម្ពុជា រួមទាំងកសិផលផ្សេងៗទៀត។ សម្រាប់អ្នកជំនាញរូបនេះ ការនាំអង្ករកម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីនដោយផ្ទាល់ គឺនឹងជួយផ្តល់តម្លៃបន្ថែមកាន់តែប្រសើរសម្រាប់កសិករកម្ពុជា តែយ៉ាងណាការពង្រឹងខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ និងវេចខ្ចប់ គឺជាចំណុចសំខាន់ ដើម្បីធានានិរន្តភាព នៃការចាប់យកឱកាសទីផ្សារនាំចេញបានយូរអង្វែង។
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងធុរកិច្ចកសិកម្មរវាងកម្ពុជា និងហ្វីលីពីននេះ គឺជាជំហានមួយដ៏ប្រសើរសម្រាប់ជួយបើកផ្លូវឱ្យកម្ពុជា អាចពង្រីកវិសាលភាព នៃការនាំចេញកសិផលទៅកាន់ទីផ្សារហ្វីលីពីនបានកាន់តែច្រើន ដ្បិតប្រទេសហ្វីលីពីន គឺជាទីផ្សារដ៏ធំមួយក្នុងតំបន់ ដែលមានតម្រូវការនាំចូលផលិតផលកសិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។ បន្ថែមលើនេះ អ្នកជំនាញរូបនេះយល់ឃើញថា ការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាបន្ថែមទៅកាន់ទីផ្សារហ្វីលីពីននេះ នឹងផ្តល់លទ្ធភាព និងកលានុវត្តភាពកាន់តែខ្ពស់សម្រាប់កម្ពុជា ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានដូចគ្នា។
គួរជម្រាបថា នៅក្នុងវេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្មកាលពីពេលថ្មីៗនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីន ចំនួន៣៣ក្រុមហ៊ុន ដើម្បីចូលរួមពិភាក្សាពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជា ទៅកាន់ហ្វីលីពីន និងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វទៅកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្ម ដើម្បីធានានិរន្តរភាពធាតុចូលកសិកម្ម នៃប្រទេសទាំងពីរផងដែរ។ បើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏មានសក្តានុពលមួយសម្រាប់កម្ពុជា តួយ៉ាងនៅក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសហ្វីលីពីនចំនួនប្រមាណ៧ម៉ឺនតោនកើនឡើងខ្លាំងគួរឱ្យកត់សម្ពាល់បើធៀបនឹងឆ្នាំមុន៕