វិស័យកសិកម្ម

តំណាងកសិករសង្កេតឃើញថា ករណីលួចកសិផលហាក់មានការកើនឡើងនៅមួយរយៈចុងក្រោយនេះ ដែលវាកំពុងបំផ្លាញទំនុកចិត្តអ្នកវិនិយោគក្នុងវិស័យកសិកម្ម


អ្នកជំនាញបានអះអាងថា បញ្ហាចោរលួចកសិផល និងសម្ភារៈកសិកម្មនៅតាមមូលដ្ឋានកំពុងក្លាយជាក្តីព្រួយបារម្ភដ៏ធំមួយសម្រាប់ប្រជាកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្ម ខណៈការបណ្តែតបណ្តោយឱ្យជំងឺសង្គមមួយនេះបន្តកើតមានជាហូរហែ ដោយគ្មានការដាក់ទោសទណ្ឌកំពុងក្លាយជាចលករជំរុញអំពើចោរកម្មនៅតាមមូលដ្ឋានកាន់តែធ្ងន់ធ្ងរ។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញចាត់ទុកសកម្មភាពនេះមិនត្រឹមតែបំផ្លាញញើសឈាមរបស់កសិករ និងម្ចាស់ចម្ការប៉ុណ្ណោះទេ ប៉ុន្តែកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគឱ្យខ្លាចរអា និងស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគក្នុងវិស័យកសិកម្មផងដែរ ដែលទាមទារឱ្យអាជ្ញាធរដាក់ចេញនូវវិធានការក្តៅជាបន្ទាន់ ដើម្បីទប់ស្តាត់បញ្ហាចាក់ស្រេះមួយនេះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យកសិកម្ម បានសង្កេតឃើញថា បញ្ហាចោរលួចកសិផល និងទ្រព្យសម្បត្តិនានានៅតាមមូលដ្ឋានកំពុងរីករាលដាលទៅជាការលួចអាជីពយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ដែលវាមិនត្រឹមបង្កអសន្តិសុខសម្រាប់ប្រជាកសិករ ម្ចាស់ចម្ការ និងសហគ្រាសនោះទេ ប៉ុន្តែកំពុងធ្វើឱ្យអ្នកវិនិយោគធំៗហាក់ខ្លាចរអាក្នុងការមកបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។ បើតាមអ្នកជំនាញរូបនេះកត្តាដែលជំរុញឱ្យសកម្មភាពចោរកម្មទាំងនេះបន្តកើនឡើងខ្លាំង ដោយសារការអនុវត្តច្បាប់នៅមានកម្រិត ពោលគឺការចាប់បានត្រឹមអប់រំ និងធ្វើកិច្ចសន្យា រួចដោះលែង ដែលមិនអាចធ្វើឱ្យពួកគេរាងចាលឡើយ។ ហើយអ្វីកាន់តែធ្ងន់ធ្ងរនោះ ក្រុមចោរមួយចំនួនមានទាំងអាវុធជាប់ខ្លួន ដើម្បីជំរិតគំរាមដល់ម្ចាស់ចម្ការ និងសមត្ថកិច្ចវិញផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះបានអំពាវនាវឱ្យរាជរដ្ឋាភិបាលដាក់ចេញវិធានការក្តៅ និងដាក់ទោសទណ្ឌឱ្យបានតឹងរ៉ឹងបំផុត ដើម្បីលុបបំបាត់ជំងឺសង្គមមួយនេះឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានគូសបញ្ជាក់ថា បញ្ហា​ចោរកម្ម​លួចទិន្ន​ផល​ដំណាំរបស់​កសិករ​នៅតាម​ចម្ការនានាពិតជាបានកំពុងកើនឡើងខ្លាំងមែននៅមួយរយៈពេលចុងក្រោយនេះ ដែលទាមទារ​ឱ្យ​អាជ្ញាធរបង្កើនការ​អនុវត្ត​គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ សម្រាប់អ្នកជំនាញរូបនេះ ដើមចម​​នៃបញ្ហានេះអាចបណ្តាលមកពី​ការ​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដូច្នេះក្រៅពី​​ការ​អប់រំណែនាំ អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ជួយ​សម្របសម្រួល ស្វែងរក​ការងារ​ជូន​ពួកគេធ្វើ ដើម្បី​បង្កើត​ប្រាក់ចំណូល និង​កាត់បន្ថយ​ចោរកម្ម​ក្នុង​សហគមន៍​រយៈពេលវែង។

ពាក់ព័ន្ធបញ្ហានេះដែរលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានសំណូមពរយ៉ាងទទូចឱ្យអាជ្ញាធរចាត់វិធានការក្តៅលើអំពើចោរកម្មកសិផលនេះ ដោយមិនអាចបណ្តែតបណ្តោយទៀតបានឡើយ ដើម្បីស្ដារទំនុកចិត្តដល់វិនិយោគិន និងប្រជាកសិករ។ ជាការកត់សម្គាល់របស់ប្រធានសមាគមរូបនេះ ក្រោយមានការចាត់វិធានការក្តៅពីអាជ្ញារធរខេត្តកំពង់ធំ បញ្ហាចោរកម្មកសិផលនេះហាក់មានការស្ងប់ស្ងាត់បន្តិចក្នុងមូលដ្ឋានខេត្តកំពង់ធំ ប៉ុន្តែនៅតាមបណ្តាខេត្តដទៃទៀតហាក់នៅតែមានបញ្ហានេះកើតឡើងជាដដែលៗ។

គួរជម្រាបថា ការដោះស្រាយបញ្ហាចោរកម្មក្នុងចម្ការមិនមែនត្រឹមតែជាការការពារទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការការពារមុខមាត់សេដ្ឋកិច្ចជាតិ ការវិនិយោគ និងការរក្សាស្ថិរភាពសង្គមក្នុងសហគមន៍កសិកម្មទាំងមូល៕




អត្ថបទបន្ទាប់


វីង បង្ហាញមោទនភាពទៅកាន់ពិភពលោក ដោយបានឈ្នះពាន «ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ឆ្នាំ២០២៦» ពី ស្ថាប័ន Euromoney

ធនាគារ វីង ដែលជាធនាគារឌីជីថលមួយក្នុងចំណោមធនាគារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅកម្ពុជា បានបង្ហាញមោទកភាពទៅកាន់ពិភពលោកក្នុងនាមជាធន…

កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រតភ្ជាប់ពីហុងកុងមកខេត្តព្រះសីហនុនៅឆ្នាំក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា គម្រោងអូសខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រប្រវត្តិសាស្ត្រតភ្ជាប់ពីទីក្រុងហុងកុង ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ