វិស័យកសិកម្ម

ក្រោយរកឃើញស្ពៃបូកគោត្រាំទឹកថ្នាំ ហ្វ័រម៉ាលីន ពេលនេះចិន រកឃើញខាត់ណាជ្រលក់ថ្នាំគីមីបន្ថែមទៀត


ត្រឹមតែ២សប្តាហ៍បន្ទាប់ពីផ្ទុះអាស្រូវស្ពៃបូកគោជ្រលក់ទឹកថ្នាំហ្វ័រម៉ាលីន នៅខេត្ត ហ៊ើប៉ី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ពេលនេះអាជ្ញាធរចិន បានរកឃើញខាត់ណាជ្រលក់ថ្នាំពណ៌គីមី ជាបន្តទៀតនៅក្នុងទីក្រុង ឡានចូវ ខេត្ត ហ្គាន់ស៊ូប្រទេសចិន។ អាជ្ញាធរចិន បានចុះបង្រ្កាប និងរឹបអូសបន្លែជ្រលក់ថ្នាំគីមីទាំងនេះ បន្ទាប់ពីមានការទម្លាយភស្តុតាងនៅលើបណ្តាញសង្គម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnam.vn។
វិស័យកសិកម្ម
ដោយ

ប្រព័ន្ធផ្សព្វផ្សាយចិន បានចុះផ្សាយព្រោងព្រាតកាលពីពេលថ្មីៗនេះ បន្ទាប់ពីអ្នកផលិតមាតិកាម្នាក់បានបង្ហោះរូបភាព និងវីដេអូជាច្រើន បង្ហាញពីសកម្មភាពជ្រលក់ដើមខាត់ណាក្នុងល្បាយសារធាតុគីមីពណ៌ ដែលបានដុតកំហឹង និងបង្កការជជែកដេញដោលយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមចិន។ បើតាមការរៀបរាប់របស់បុរសរូបនោះ នៅក្នុងអំឡុងពេលដែលរូបលោកចុះអង្កេតឃ្លាំងស្តុកបន្លែចំនួន១៣កន្លែងក្នុងស្រុក ឌូហ្សុង លោកបានរកឃើញថា ឃ្លាំងស្តុកបន្លែជាងពាក់កណ្តាលបានប្រើប្រាស់ទឹកល្បាយគីមីមិនស្គាល់សមាសធាតុផ្សំ ដើម្បីត្រាំបន្លែ ក្នុងបំណងលុបបំបាត់ស្នាមលឿង និងការខូចខាតផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលប្រមូលផល និងរក្សាទុក។
ដោយមានការសង្ស័យអ្នកបង្កើតមាតិការូបនោះ បានយកគំរូទឹកត្រាំបន្លែពីឃ្លាំងចំនួន៣ទៅធ្វើតេស្តពិសោធន៍ ហើយជាលទ្ធផលបានបង្ហាញថា គំរូចំនួន២មានផ្ទុកសារធាតុម្សៅល័ក្តពណ៌បៃតងភ្លឺ និងពណ៌លឿង ដែលជាសារធាតុពណ៌បន្ថែមក្នុងអាហារ។ អ្នកសរសេរប្លុករូបនេះបានបញ្ជាក់ថា ទោះបីជាសារធាតុបន្ថែមពណ៌ទាំងនេះត្រូវអនុញ្ញាតឱ្យប្រើប្រាស់ក្នុងក្រុមអាហារមួយចំនួនក៏ពិតមែន ប៉ុន្តែត្រូវហាមឃាត់ដាច់ខាតក្នុងការយកមកប្រើប្រាស់លើបន្លែស្រស់។
ជុំវិញបញ្ហានេះ លោក លីវ សៅវើយ (Liu Shaowei) អ្នកជំនាញមកពីសមាគមស្រាវជ្រាវសុវត្ថិភាពចំណីអាហារក្រុងសៀងហៃ បានព្រមានថា ការបរិភោគបន្លែដែលជ្រលក់ពណ៌សិប្បនិម្មិតច្រើនហួសហេតុ ឬក្នុងរយៈពេលយូរអាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ និងប្រឈមមុខខ្ពស់នឹងជំងឺមហារីក។
ជាមួយគ្នានេះ កាលពីថ្ងៃទី៥ ខែកញ្ញា ការិយាល័យកសិកម្មជនបទ និងការិយាល័យគ្រប់គ្រងទីផ្សារនៃស្រុក ឌូហ្សុង បានចុះត្រួតពិនិត្យទីតាំងប្រមូលទិញ និងឃ្លាំងស្តុកបន្លែចំនួន៥៣កន្លែង ដោយបានរកឃើញក្រុមហ៊ុនចំនួន៦ បានប្រើប្រាស់សារធាតុគីមីបន្ថែមពណ៌អាហារដោយខុសច្បាប់ ព្រមទាំងបានរឹបអូស និងបំផ្លាញចោលបន្លែពាក់ព័ន្ធជិត១២តោន។
រឿងអាស្រូវខាត់ណាជ្រលក់ពណ៌នេះ មានទម្រង់ស្រដៀងគ្នាទៅនឹងករណីស្ពៃបូកគោជ្រលក់ទឹកថ្នាំហ្វ័រម៉ាលីន នៅស្រុក កាងប៉ៅ ខេត្តហ៊ើប៉ី កាលពីចុងខែសីហា ដែរ ដែលបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករ និងអាជីវកម្មក្នុងស្រុក។រលកនៃបារម្ភនេះ បានរីករាលដាលយ៉ាងឆាប់រហ័សទៅដល់ទីផ្សារនាំចូលស្ពៃបូកគោ និងផលិតផលកែច្នៃពីចិន ដោយក្នុងនោះ ប្រទេសកូរ៉េខាងត្បូង បានប្រកាសបង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើស្ពៃបូកគោ និងជ្រក់ស្ពៃគីមឈីនាំចូល ខណៈដែលប្រទេសជប៉ុន បានចាប់ផ្តើមផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលដែលនាំចូលពីតំបន់ពាក់ព័ន្ធផងដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កសិករ​ធ្វើសែ្រនៅវៀតណាម កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ក្រោយតម្លៃ​ស្រូវ​ធ្លាក់ចុះមកនៅក្រោម១,០០០រៀលក្នុង១គីឡូក្រាម

កសិកររស់នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាជម្រុកស្រូវ និងជាមជ្ឈមណ្ឌលកែច្នៃនាំចេញអង្ករដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្…

តើរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីនៅសិង្ហបុរី ទទួលបានប្រាក់ខែប៉ុន្មាន?

សមាជិកសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលសិង្ហបុរី ត្រៀមខ្លួនបើកកិច្ចពិភាក្សាដេញដោលគ្នានៅក្នុងរដ្ឋសភានៅថ្ងៃទី៨ ខែកញ្ញា ជុំវិញប្រធានបទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ