ការបង្ហាញការគាំទ្រនេះ ធ្វើឡើងក្រោយអាជ្ញាធរខេត្តកំពត បានឆ្មក់បង្ក្រាបសិប្បកម្មវេចខ្ចប់ស្ករស ដែលលួចប្តូរសំបកបាវពីអក្សរថៃមកជាអក្សរវៀតណាម ដើម្បីក្លែងបន្លំភ្នែកអ្នកប្រើប្រាស់ ស្របពេលពលរដ្ឋខ្មែរកំពុងធ្វើចលនាពហិការទំនិញថៃយ៉ាងខ្លាំងក្លា។
ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការចុះត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំប្រភពដើមទំនិញនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីការពារឧស្សាហកម្មផលិតក្នុងស្រុក និងសេដ្ឋកិច្ចជាតិ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានកត់សម្គាល់ថា ការលួចបន្លំវេចខ្ចប់ទំនិញស្ករសរបស់ថៃ ទៅជាផលិតផលវៀតណាម ដែលទើបបង្ក្រាបបានកាលពីពេលថ្មីៗនេះ គឺជាចេតនាអាក្រក់ក្នុងគោលបំណងកេងចំណេញតាមរយៈការបំភាន់ភ្នែករបស់អតិថិជន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទំនិញទាំងនេះភាគច្រើនហូរចូលមកទីផ្សារកម្ពុជាតាមច្រករបៀងតូចៗ ដែលខ្វះការត្រួតពិនិត្យឱ្យបានដិតដល់។ ឧកញ៉ា តែ តាំងប៉ បានចាត់ទុកសកម្មភាពនេះថា ជាការក្បត់ទំនុកចិត្តអតិថិជន និងបង្កឱ្យបាត់បង់តុល្យភាពប្រកួតប្រជែងសម្រាប់អ្នកផលិតទំនិញខ្មែរពិតប្រាកដ។ ទន្ទឹមនឹងនេះ មេ SME រូបនេះ ស្នើឱ្យអាជ្ញាធរពង្រឹងការត្រួតពិនិត្យឱ្យដល់ឬសគល់តាំងពីព្រំដែនរហូតដល់ឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការបន្លំភូតភរភស្តុតាង ឬប្រភពដើមទំនិញដោយត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកឱ្យខ្លាំង និងដើម្បីឱ្យពលរដ្ឋមានជម្រើសល្អជាងមុន។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នពលរដ្ឋ និងក្រុមឈ្មួញត្រូវតែអនុវត្តឱ្យស្របតាមគោលការណ៍របស់រដ្ឋាភិបាល ដើម្បីកុំឱ្យក្រុមជ្រុលនិយមរបស់ថៃបន្តប្រមាថមកលើកម្ពុជា ព្រោះការនាំចូលទំនិញរបស់ថៃ ខុសពីគោលការណ៍នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ឆន្ទៈ និងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរក្នុងកាបង្រ្កាបផលិតផលក្លែងបន្លំប្រភពដើមទំនិញនិងបានអំពាវនាវឱ្យមានការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធថែមទៀត ដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត។ សម្រាប់អ្នកជំនាញរូបនេះ ការក្លែងបន្លំប្រភពដើមទំនិញ ដើម្បីចរាចរនៅក្នុងទីផ្សារកម្ពុជាពុំមែនជារឿងត្រឹមត្រូវនោះទេ ខណៈមានពលរដ្ឋខ្មែរជាច្រើនបានធ្វើពហិការលើទំនិញរបស់ថៃ ដោយសារតែសកម្មភាពឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អាជ្ញាធរខេត្តកំពត បានចុះបង្ក្រាបជាក់ស្តែងក្នុងទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។ ម្ចាស់ទីតាំងនេះបានលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករសដែលមានអក្សរថៃ ដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មី(ប្តូរអាវ) ដែលមានអក្សរវៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ