យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៨ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែ-ម្យុង បានថ្លែងការពារភាពចាំបាច់នៃសមយុទ្ធយោធារួម Ulchi Freedom Shield ដោយគូសបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងការពារខ្លួនសុទ្ធសាធ និងមិនមែនជាការត្រៀមវាយប្រហារលើកូរ៉េខាងជើង នោះឡើយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ទោះបីជាការរក្សាសន្តិភាពជាអាទិភាពចម្បង ប៉ុន្តែកូរ៉េខាងត្បូង មិនអាចមើលរំលងការត្រៀមខ្លួនប្រឈមមុខនឹងគ្រោះថ្នាក់ ដែលទីក្រុងព្យុងយ៉ាងអាចបង្កឡើងនោះទេ។
សមយុទ្ធយោធារយៈពេល១០ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា ដោយមានកងទ័ពកូរ៉េខាងត្បូងចំនួន១៨,០០០នាក់ចូលរួមត្រូវបានលោក ត្រាំ បញ្ជាឱ្យកាត់បន្ថយទ្រង់ទ្រាយ ដោយលោកអះអាងថា ការធ្វើសមយុទ្ធធំដុំអាចបញ្ជូនសារមិនសមស្រប និងបង្កអរិភាពទៅកាន់ទីក្រុងព្យុងយ៉ាង។
អ្វីដែលធ្វើឱ្យប្រទេសសម្ពន្ធមិត្តកាន់តែព្រួយបារម្ភនោះ គឺលោក ត្រាំ បានលើកឡើងជាថ្មីពីទំនាក់ទំនងដ៏ល្អប្រសើររបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយលោកថែមទាំងពោលថា កូរ៉េខាងជើងមិនមែនជាការគំរាមកំហែង និងជានិមិត្តរូបដែលគួរឱ្យគោរព។ ចំណាត់ការនេះ បានដុតបញ្ឆេះការវិភាគថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងកំពុងប្រើយុទ្ធសាស្ត្រផ្លូវកាត់ ដើម្បីបើកការចរចាទ្វេភាគីដោយផ្ទាល់ជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ។
ផ្ទុយទៅវិញទីក្រុងព្យុងយ៉ាងនៅតែបន្តចោទប្រកាន់សមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូងថា ជាការហ្វឹកហ្វឺនសមយុទ្ធឈ្លានពាន និងបានព្រមានពីការឆ្លើយតបផ្នែកយោធា។ ស្ថានការណ៍នយោបាយកាន់តែឡើងកម្តៅ បន្ទាប់ពីលោក ត្រាំ បានសម្តែងការមិនពេញចិត្ត និងរិះគន់កូរ៉េខាងត្បូងថា មិនបានជួយជ្រោមជ្រែងអាម៉េរិកគ្រប់គ្រាន់ក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ខណៈដែលបច្ចុប្បន្ន អាម៉េរិកមានទាហានប្រមាណ២៨,៥០០នាក់កំពុងឈរជើងការពារកូរ៉េខាងត្បូង។
សារព័ត៌មាន CNA រាយការណ៍ថា ការផ្លាស់ប្តូរជំហររបស់លោក ត្រាំ បានធ្វើឱ្យសម្ពន្ធមិត្តក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានចេញមុខរំលឹកពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខរួម ខណៈប្រទេសអូស្ត្រាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់កូរ៉េខាងជើង។
អ្នកវិភាគអន្តរជាតិ យល់ឃើញថា ការកាត់បន្ថយសមយុទ្ធនេះ មិនមែនជាការបោះបង់សម្ពន្ធមិត្ត ឬដកថយផ្នែកយោធាទាំងស្រុងនោះទេ ប៉ុន្តែជាល្បែងសង្គ្រាមចិត្តសាស្ត្រ និងជានយោបាយឧបករណ៍ចរចារបស់លោក ត្រាំ ដើម្បីបើកផ្លូវជំនួបកំពូលជាថ្មីជាមួយលោក គីម ជុងអ៊ុន ដូចដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ២០១៨៕
ដោយ: តែម សុខុម