សង្រ្គាមពាណិជ្ជកម្ម

ទម្រាំប៉ូលិសវៀតណាមបង្ក្រាបបាន ជើងមាន់ដុះផ្សិត និងផ្ទុកជំងឺផ្តាសាយបក្សីជាង១ម៉ឺនតោនត្រូវបានលក់ទៅលើទីផ្សារ


សង្រ្គាមពាណិជ្ជកម្មដ៏ក្តៅគគុកថ្មីមួយទៀតអាចនឹងផ្ទុះឡើងរវាងសហភាពអឺរ៉ុប និងចិនដូចទៅនឹងអ្វីដែលបានកើតឡើងរវាងចិន និងសហរដ្ឋអាម៉េរិកដែរឬទេ? សំណួរនេះកំពុងចោទឡើងយ៉ាងខ្លាំង ក្រោយពេលដែលទំហំឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយចិនបានហក់ឡើងដល់ចំណុចកំពូលប្រមាណ៤១៣ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលបង្ខំឱ្យមេដឹកនាំ នៃបណ្តាប្រទេសនៅអឺរ៉ុបចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។
សង្រ្គាមពាណិជ្ជកម្ម
ដោយ

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន France 24 បានឱ្យដឹងថា មេដឹកនាំសហភាពអឺរ៉ុបបានឈានដល់ការព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ក្នុងការជំរុញឱ្យប្លុកសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយនេះបង្កើន និងពង្រឹងយន្តការការពារពាណិជ្ជកម្មរបស់ខ្លួន ដើម្បីប្រឆាំងនឹងការកើនឡើងនៃការនាំចេញយ៉ាងគំហុករបស់ចិន ដែលទីក្រុងព្រុចសែល ចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ឧស្សាហកម្មផ្ទៃក្នុងរបស់អឺរ៉ុប។ ទោះជាយ៉ាងណា អឺរ៉ុបនៅតែព្យាយាមរក្សាការសន្ទនាប្រកបដោយស្ថាបនាជាមួយទីក្រុងប៉េកាំង ដើម្បីបញ្ចៀសការបែកបាក់។

និន្នាការនៃការគាំពារផលិតផលឧស្សាហកម្មផ្ទៃក្នុងរបស់អឺរ៉ុប កំពុងតែងើបឡើងយ៉ាងខ្លាំងក្លា បន្ទាប់ពីទិន្នន័យបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងប្លុកអឺរ៉ុប និងចិនបានហក់ឡើងរហូតដល់ទៅ៤១៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥។ ចលនា និងស្ថានភាពជាក់ស្តែងនៅអឺរ៉ុបនាពេលនេះ កំពុងឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែខ្លាំងឡើងអំពីការពឹងផ្អែកផ្នែកសេដ្ឋកិច្ចខ្លាំងពេករបស់សហភាពអឺរ៉ុបទៅលើប្រទេសចិន។ ហេតុដូច្នេះហើយទើបនៅក្នុងកិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានឯកភាពគ្នាថា ប្លុកនេះត្រូវតែបង្កើតខែលការពារពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ ដើម្បីទប់ស្កាត់លំហូរនៃការនាំចេញទំនិញតម្លៃថោករបស់ចិន ដែលទីក្រុងព្រុចសែល មើលឃើញថា ជាការគំរាមកំហែងដល់អនាគតនៃឧស្សាហកម្មអឺរ៉ុប។

តាមស្មារតីនៃកិច្ចប្រជុំ មេដឹកនាំអឺរ៉ុបបានបង្ហាញពីសាមគ្គីភាព និងការឯកភាពគ្នាកាន់តែខ្លាំង ដោយពួកគេបានលើកឡើងថា អឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពពឹងផ្អែកខ្លាំងជ្រុលលើប្រទេសចិន ដែលកត្តានេះធ្វើឱ្យអឺរ៉ុបងាយរងគ្រោះទាំងចំពោះការបង្ខិតបង្ខំផ្នែកនយោបាយ និងផលប៉ះពាល់អវិជ្ជមាន នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ទោះបីជាអឺរ៉ុបមើលឃើញយ៉ាងច្បាស់អំពីឥទ្ធិពល និងការគំរាមកំហែងរបស់ចិនមកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែមេដឹកនាំអឺរ៉ុបទាំង២៧ប្រទេស នៅតែប្រកាន់ឥរិយាបថប្រយ័ត្នប្រយែងបំផុតក្នុងការឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយផ្ទាល់។

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់បានបង្ហើបថា មេដឹកនាំបានប្រគល់ភារកិច្ចឱ្យគណៈកម្មការអឺរ៉ុបបន្តចូលរួមក្នុងការសន្ទនាប្រកបដោយស្ថាបនាជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗរបស់ខ្លួន ប៉ុន្តែមិនបានបញ្ចេញចំឈ្មោះប្រទេសចិនដោយផ្ទាល់នៅក្នុងសេចក្តីថ្លែងការណ៍នោះឡើយ។ មន្ត្រីរូបនេះបានបន្ថែមថា ពួកគេក៏បានស្នើឱ្យគណៈកម្មការអឺរ៉ុបសិក្សាស្រាវជ្រាវយ៉ាងលម្អិត និងស្វែងរកវិធីសាស្ត្រសមស្រប ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់អឺរ៉ុប។

ពាក់ព័ន្ធនឹងបញ្ហានេះដែរនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេដ្រូ សាន់ឆេ (Pedro Sánchez) បានគូសបញ្ជាក់ថា អឺរ៉ុបត្រូវការមិត្តភក្តិ ប៉ុន្តែអឺរ៉ុប ក៏ត្រូវការទំនាក់ទំនងដែលមានតុល្យភាព និងភាពជាក់ស្តែងនិយមផងដែរ ដោយអឺរ៉ូបត្រូវតែកសាងស្ពានទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយសម្ព័ន្ធមិត្តនានា រួមទាំងប្រទេសចិនផងដែរ។

ដោយឡែកមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់ក៏បានបង្ហើបផងដែរថា អាល្លឺម៉ង់កំពុងប្រកាន់យកឥរិយាបថប្រុងប្រយ័ត្នខ្ពស់បំផុតពីព្រោះសេដ្ឋកិច្ចរបស់ខ្លួនងាយនឹងរងការសងសឹកតាមផ្លូវពាណិជ្ជកម្មពីសំណាក់ចិន ប្រសិនបើមានការប៉ះទង្គិចណាមួយកើតឡើង។ ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអៀរឡង់លោក មីឆែល ម៉ាទីន (Micheál Martin) ក៏បានព្រមានផងដែរថា លោកចង់ឃើញយន្តការការពារមួយដ៏ច្បាស់លាស់ ប៉ុន្តែអឺរ៉ុបត្រូវតែប្រាកដថា ខ្លួនបានយល់ដឹង និងវាយតម្លៃពីផលវិបាកដោយប្រុងប្រយ័ត្នជាមុនសិន មុននឹងសម្រេចចិត្តដើរយុទ្ធសាស្ត្រណាមួយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីតម្លៃដឹកជញ្ជូនមិនអាចធ្លាក់ថ្លៃភ្លាមៗតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ?

វិបត្តិដ៏ក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ាបានចាប់ផ្តើមបង្ហាញសញ្ញាធូរស្រាលជាងមុន បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឈានដល់ការចុះកិច្ចព្រមព្រៀង…

កម្ពុជាប្រាប់រដ្ឋភាគី UNCLOS ថា ការជ្រើសប្រើយន្តការផ្សះផ្សាដោយបង្ខំ ដោយសារថៃលុប MOU 2001 ដោយឯកតោភាគី

នៅក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ