ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ការឡើងថ្លៃ ឬចុះថ្លៃដឹកជញ្ជូន គឺអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់ទីផ្សារប្រេង ខណៈអ្នកប្រើប្រាស់សេវាដឹកជញ្ជូនមានសិទ្ធស្នើចរចាតម្លៃ និងសិទ្ធក្នុងការជ្រើសរើសដៃគូដឹកជញ្ជូន។ បើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ការឡើងថ្លៃប្រេងឥន្ធនៈនាពេលកន្លងមក ពុំបានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូននានាដំឡើងថ្លៃភ្លាមៗនោះទេ ខណៈមានក្រុមហ៊ុនខ្លះសុខចិត្តខាតថវិកាក្នុងរយៈពេលខ្លី ដើម្បីរក្សាការធ្វើពាណិជ្ជកម្មជាមួយអតិថិជន។ បើតាមឧកញ៉ា ស៊ិន ចន្ធី ក្រុមហ៊ុនដឹកជញ្ជូននឹងពិចារណាបញ្ចុះតម្លៃដឹកជញ្ជូន ប្រសិនបើទីផ្សារប្រេងមានស្ថិរភាព។
ដោយឡែកលោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជាបានគូសបញ្ជាក់ថា ការឡើងថ្លៃ ឬចុះថ្លៃប្រេងឥន្ធនៈនឹងធ្វើឱ្យអ្នកប្រកបរបរដឹកជញ្ជូនអ្នកដំណើរមានការឡើងថ្លៃសំបុត្រ ឬចុះថ្លៃសំបុត្រធ្វើដំណើរទៅតាមនោះដែរ។ បើតាមអ្នកជំនាញរូបនេះ ការឡើងថ្លៃ ឬបញ្ចុះថ្លៃដឹកជញ្ជូន គឺអាស្រ័យលើស្ថិរភាពទីផ្សារប្រេង ពោលគឺគេពុំអាចមានការដំឡើងភា្លមៗ ឬមានការបញ្ចុះភ្លាមៗបាននោះទេ តែគេនៅរង់ចាំស្ថានភាពទីផ្សារប្រេងឱ្យមានលំនឹងជាមុនសិន។ តែយ៉ាងណាលោកអះអាងថា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ មិនអាចបន្តរក្សាតម្លៃសំបុត្រធ្វើដំណើរឱ្យនៅថ្លៃដដែលទាំងទីផ្សារប្រេងមានការធ្លាក់ចុះនោះទេ ព្រោះបើពុំដូច្នោះទេវាអាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងបាត់បង់អតិថិជន។
សូមបញ្ជាក់ថា វិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកាលពីពេលកន្លងទៅ បានធ្វើឱ្យទីផ្សារប្រេងឥន្ធនៈសកលហក់ឡើងថ្លៃកប់ពពក និងបានបង្ខំឱ្យវិស័យដឹកជញ្ជូនត្រូវដំឡើងថ្លៃសេវាកម្មពី ២៥% ទៅ ៣០% ដើម្បីទប់ទល់នឹងបន្ទុកចំណាយប្រតិបត្តិការ។ ប៉ុន្តែមកទល់ពេលនេះ តម្លៃប្រេងបានថមថយចុះមកវិញជាបណ្តើរៗហើយ។ យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតាត្រូវបានកំណត់លក់ក្នុងតម្លៃ៤,៦០០រៀលក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ