មេដឹកនាំអាស៊ាន​

អ្នកជំនាញថា ជម្លោះព្រំដែន កម្ពុជា-ថៃ បង្ហាញពីភាពទន់ខ្សោយរបស់អាស៊ាន ដែលទាមទារឱ្យធ្វើកំណែទម្រង់ជាបន្ទាន់


​​គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្ពុជា បានចូលរួមរស់ក្នុងគ្រួសារអាស៊ានអស់រយៈពេល ២៧ឆ្នាំហើយ។ ទោះបីជាអាស៊ានបានក្លាយជាវេទិកាមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ច និងលើកកម្ពស់មុខមាត់លើឆាកអន្តរជាតិ ក៏ដោយ ប៉ុន្តែយន្តការដោះស្រាយជម្លោះរវាងប្រទេសសមាជិក ជាពិសេសជម្លោះព្រំដែន កម្ពុជា-ថៃ ត្រូវបានអ្នកជំនាញមើលឃើញថា នៅមានភាពទន់ខ្សោយនៅឡើយ។ អ្នកជំនាញបានព្រមានថា ប្រសិនបើអាស៊ានមិនធ្វើកំណែទម្រង់រចនាសម្ព័ន្ធឱ្យឆាប់រហ័សទេ នោះសហគមន៍តំបន់មួយនេះអាចនឹងប្រឈមនឹងការបែកបាក់ ឬបាត់បង់ឥទ្ធិពលនៅថ្ងៃអនាគត។
មេដឹកនាំអាស៊ាន​
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការចូលជាសមាជិកអាស៊ាន បានជួយកម្ពុជាឱ្យមានការផ្លាស់ប្តូរមុខមាត់ និងចាកចេញពីភាពឯកោរ។ តាមរយៈយន្តការនេះ កម្ពុជា ក៏ទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទាក់ទាញវិនិយោគិនដោយផ្ទាល់ផងដែរ តែយ៉ាងណាយន្តការអាស៊ានសម្រាប់ដោះស្រាយជម្លោះកម្ពុជាថៃ ហាក់មិនមានគោលដៅច្បាស់លាស់។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើកំណែទម្រង់អាស៊ានហាក់មានភាពលំបាក ព្រោះអាស៊ានផ្តោតលើសេដ្ឋកិច្ច និងកាទូតជាសំខាន់ តែយ៉ាងណាលោកយល់ថា អាស៊ានគួរតែធ្វើកំណែទម្រង់លុបគោលការណ៍កុងសង់ស៊ីស ពង្រឹងតួនាទីអគ្គលេខាធិការអាស៊ាន និងបង្កើតយន្តការដោះស្រាយវិវាទក្នុងតំបន់ តែយ៉ាងណាដើម្បីអាចកែប្រែបានលុះត្រាតែកែជាប្រព័ន្ធតាមប្រទេសនីមួយៗ។

ជាមួយគ្នានេះ លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អ កត់សម្គាល់ឃើញថា តាមរយៈភាពជាសមាជិករបស់អាស៊ាន កម្ពុជា បានទាញផលប្រយោជន៍យ៉ាងច្រើន ជាពិសេសវិនិយោគិន វិស័យឯកជន និងអង្គការសង្គមស៊ីវិល ក៏ដូចជាការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបណ្ដាប្រទេសអាស៊ានជាដើម។ តែយ៉ាងណាអ្នកជំនាញបានសង្កត់ធ្ងន់ថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន កំពុងក្លាយជាខ្នោះឃ្នាង ដែលធ្វើឱ្យការដោះស្រាយជម្លោះរវាងសមាជិក និងសមាជិកមិនមានប្រសិទ្ធភាព។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថា អាស៊ានគួរកែទម្រង់លើ៤យន្តការសំខាន់ៗរួមមាន ត្រួតពិនិត្យលើយន្តការ ឬធម្មនុញ្ញណា ដែលមិនដំណើរការ, យន្តការដោះស្រាយជម្លោះ និងដាក់ទោសទណ្ឌភ្លាមៗ, យន្តការឃ្លាំមើលសភាពការណ៍ប្រទេសជាសមាជិកហើយអន្តរាគមន៍ភ្លាមៗនៅពេលមានអ្វីមួយមិនស្រួលកើនឡើង និងយន្តការកិច្ចព្រមព្រៀងរក្សាសន្តិភាពស៊ីជម្រៅរវាងសមាជិកដោយមានការចូលរួមទទួលស្គាល់ពីភាគីទី៣។

ដោយឡែក លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យល់ឃើញថា បើប្រៀបធៀបអាស៊ានជាមួយសហគមន៍អឺរ៉ុប គឺនៅខុសគ្នាឆ្ងាយណាស់ ដោយសារអឺរ៉ុបមានរហូតដល់តុលាការសិទ្ធិមនុស្ស ដែលអាចសម្រេច និងបង្គាប់ឱ្យប្រទេសជាសមាជិកគោរពតាមការសម្រេចរបស់តុលាការបាន ចំណែកអាស៊ានមិនទាន់មាននៅឡើយនោះទេ គឺសព្វថ្ងៃគ្រាន់តែដើរតួរសម្របសម្រួលផ្នែកសេដ្ឋកិច្ចតែប៉ុណ្ណោះ ហើយក៏មិនមានកម្លាំងបង្ខំឱ្យសមាជិករបស់ខ្លួនត្រូវតែគោរពតាមនោះដែរ។ បើតាមអ្នកជំនាញផ្នែកច្បាប់រូបនេះ អាស៊ានគួរតែពង្រឹងផលប្រយោជន៍សេដ្ឋកិច្ចឱ្យបានច្រើនជាងនេះ ហើយត្រូវមានប្រទេសណាមួយហ៊ានចំណាយច្រើន ដើម្បីជួយដល់សមាជិកដទៃ ដើម្បីពង្រឹងឥទ្ធិពលអាស៊ានលើសមាជិករបស់ខ្លួន។ អ្នកជំនាញរូបនេះបានចោទជាសំណួរថា តើប្រទេសណាមួយ ដែលហ៊ានចេញមុខធ្វើជាបងធំរបស់អាស៊ាន?

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា អាស៊ានបានដើរតួជាវេទិកាមួយ ដែលមិនអាចខ្វះបានសម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនសំឡេងរបស់កម្ពុជា នៅលើឆាកតំបន់ និងពិភពលោក។ ប្រមុខការទូតរូបនេះបានបន្តទៀតថា តាមរយៈការចូលជាសមាជិកអាស៊ានក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ពង្រីកកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ បង្កើនការតភ្ជាប់តំបន់ ពង្រឹងភាពធន់ នៃខ្សែច្រវាក់ផ្គត់ផ្គង់ បង្រួមគម្លាតអភិវឌ្ឍន៍ ព្រមទាំងជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។

បើតាមការគូសបញ្ជាក់របស់រដមន្ត្រីការបរទេសកម្ពុជា ធម្មនុញ្ញអាស៊ានតម្រូវឱ្យប្រទេសជាសមាជិកត្រូវគោរពអធិបតេយ្យ និងបូរណភាពទឹកដីគ្នា មិនប្រើប្រាស់កម្លាំង ដើម្បីគំរាមកំហែង និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្នុងនាមជាគ្រួសាររួមគ្នាមួយ ត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ និងជ្រើសរើសផ្លូវសន្តិភាពជាជាងជម្លោះ ដើម្បីអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងកសាងតំបន់មួយដែលកំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើរដ្ឋាភិបាល គួរដាក់ចេញវិធានការក្តៅអ្វីបន្ថែមទៀត ដើម្បីឱ្យការបោសសម្អាតការឆបោកតាមអនឡាញកាន់តែមានប្រសិទ្ធភាព?

ទោះបីជាយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែសំណួរដ៏សំខ…

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ខេត្តបាត់ដំបង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ — កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ