ស្របពេលថ្ងៃឱសានវានៃការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ពីកម្ពុជានឹងចូលមកដល់នៅត្រឹមដំណាច់ខែមេសា នេះ ការបំបែកសម្បុក Scam ដ៏ធំនៅក្រុងប៉ោយប៉ែតនាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកជំនាញយល់ឃើញថា បញ្ហាគន្លឹះមិនមែនត្រឹមតែការបង្ក្រាបក្រុមឧក្រិដ្ឋជននោះទេ ប៉ុន្តែគឺការបោសសម្អាតមន្ត្រីឃុបឃិត ដែលនៅពីក្រោយខ្នង។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា វិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលពិតជាមានប្រសិទ្ធភាព ប៉ុន្តែករណីបង្ក្រាបសំបុក Online Scam ដ៏ធំនៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៩ ខែមេសា គឺជាភស្តុតាងដែលបង្ហាញពីភាពមិនប្រក្រតី។ លោកបណ្ឌិតបានចោទសួរថា តើទីតាំងទ្រង់ទ្រាយធំបែបនេះ អាចលាក់កំបាំងភ្នែកអាជ្ញាធរមូលដ្ឋានបានយ៉ាងដូចម្តេច ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ? អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ដើម្បីបោសសម្អាតឱ្យអស់ដល់ឬសគល់ រដ្ឋាភិបាលត្រូវតែប្រើកណ្តាប់ដៃដែកដាក់ទោសទណ្ឌមន្ត្រីពាក់ព័ន្ធតាំងពីថ្នាក់តូចដល់ថ្នាក់ធំឱ្យបានធ្ងន់ធ្ងរបំផុត។ អ្នកជំនាញរូបនេះបានបន្ថែមថា Online Scam មិនត្រឹមតែបំផ្លាញកិត្តិយសជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាលេសឱ្យប្រទេសជិតខាងយកមកប្រើប្រាស់ ដើម្បីរំលោភបំពានអធិបតេយ្យភាពកម្ពុជា ថែមទៀតផង។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កត់សម្គាល់ឃើញថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការក្តៅលើការបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា ក៏ដោយ ប៉ុន្តែនៅតែមានអ្នកពាក់ព័ន្ធមួយចំនួនបន្តគប់គិតលាក់បាំងទីតាំងក្រុមឆបោកតាមអនឡាញទាំងនោះ ពិសេសនៅតាមតំបន់ព្រំដែនមួយចំនួនតែម្តង។ ជាក់ស្តែងសម្បុកក្រុមឆបោកតាមអនឡាញដ៏ធំសម្បើមមួយនៅក្រុងប៉ោយប៉ែត ទើបតែត្រូវបំបែកបានកាលពីយប់ថ្ងៃទី២៩ ខែមេសា នេះតែម្តង ខណៈថ្ងៃឱសានវាទនៃការប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា នៅត្រឹមដំណាច់ខែមេសា បានចូលមកដល់។
សរុបមកអ្នកជំនាញយល់ឃើញថា វិធានការក្តៅបន្ថែមដែលរដ្ឋាភិបាលគួរដាក់ចេញ គឺការបង្កើតអង្គភាពស៊ើបអង្កេតផ្ទៃក្នុងឯករាជ្យ ដើម្បីតាមដានមន្ត្រីមូលដ្ឋាន និងការដាក់បញ្ចូលបទល្មើសគប់គិតជាមួយក្រុម Online Scam ជាបទល្មើសក្បត់ផលប្រយោជន៍ជាតិ ដែលត្រូវរងទណ្ឌកម្មខ្លាំងបំផុត ទើបអាចបោសសម្អាតមេរោគសង្គមនេះឱ្យអស់ពីទឹកដីកម្ពុជាបាន។
គួរបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលជាង៩ខែចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង២៥០ករណី ដោយក្នុងនោះបង្ក្រាបទីតាំងកាស៊ីណូបានចំនួន៩១ទីតាំង និងបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចំនួន១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ១,០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ៕