មហាសេដ្ឋីនៅតំបន់អាស៊ី

មហាសេដ្ឋីនៅតំបន់អាស៊ីកំពុងស្វែងរកទីតាំងវិនិយោគ ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ


ស្របពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកកំពុងជួបភាពមិនប្រាកដប្រជា ក្រុមមហាសេដ្ឋីនៅតំបន់អាស៊ីកំពុងស្វះស្វែងរកច្រកវិនិយោគ ដែលមានសុវត្ថិភាពខ្ពស់បំផុត សម្រាប់ការពារទ្រព្យសម្បត្តិ និងធានាអនាគតគ្រួសាររបស់ពួកគេ។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមអ្នកមានទ្រព្យស្តុកស្តម្ភនៅតំបន់អាស៊ី ជាពិសេសមហាសេដ្ឋីចិន កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ ដោយក្នុងនោះសិង្ហបុរី និងម៉ាឡេស៊ី បានក្លាយជាគោលដៅយុទ្ធសាស្ត្រកំពូល ដែលពួកគេកំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់។
មហាសេដ្ឋីនៅតំបន់អាស៊ី
ដោយ

ក្រុមមហាសេដ្ឋីកំពូលៗនៅតំបន់អាស៊ី ជាពិសេសពីប្រទេសចិន កំពុងផ្លាស់ប្តូរផ្នត់គំនិត ដោយងាកមកសិក្សា និងស្វែងរកគំរូវិនិយោគថ្មីៗ ដែលផ្តល់នូវនិរន្តរភាព និងសុវត្ថិភាពចម្បង។ គោលដៅស្នូលរបស់ពួកគេនៅពេលនេះ គឺការស្វែងរកដែនដី ដែលមានស្ថិរភាពរឹងមាំ ឱកាសប្រមូលផលចំណេញខ្ពស់ អមដោយការចំណាយលើការរស់នៅសមរម្យ និងបរិយាកាសល្អប្រសើរសម្រាប់សុខុមាលភាពគ្រួសារ។
ពាក់ព័ន្ធនឹងនិន្នាការនេះលោក អាល់វិន លី (Alvin Lee) នាយកប្រតិបត្តិ Maybank Singapore បានគូសបញ្ជាក់ថា លក្ខណៈវិនិច្ឆ័យចម្បងនៅក្នុងក្រសែភ្នែកក្រុមអ្នកមាន គឺការផ្តោតលើឧបករណ៍ហិរញ្ញវត្ថុ ទ្រព្យសកម្មរូបវន្ត និងចលនាទីផ្សារលោហៈធាតុមានតម្លៃ។ លោកបានបន្ថែមថា សិង្ហបុរីនៅតែរក្សាឥទ្ធិពល និងភាពទាក់ទាញយ៉ាងខ្លាំងក្លា ខណៈដែលតំបន់មជ្ឈិមបូព៌កំពុងជួបប្រទះវិបត្តិ រីឯម៉ាឡេស៊ីឯណោះវិញ ក៏កំពុងលេចធ្លោឡើងជាជម្រើសប្រកួតប្រជែងខ្ពស់ផងដែរ។
បច្ចុប្បន្នក្រុមអ្នកមាននៅអាស៊ីនៅតែរក្សាទម្លាប់វិនិយោគលើលោហៈធាតុមានតម្លៃជាប្រភពជម្រកទ្រព្យសកម្មដ៏សំខាន់ បន្ទាប់ពីអចលនទ្រព្យ ដោយសារពួកគេជឿជាក់ថា ទ្រព្យសកម្មទាំងនេះមានភាពងាយស្រួលក្នុងការផ្ទេរបន្តទៅកាន់អ្នកបន្តវេន ទោះបីជាអ្នកវិនិយោគមួយចំនួនចាប់ផ្តើមបើកចិត្តទទួលស្គាល់ទ្រព្យសកម្មឌីជីថលហើយក៏ដោយ។
លោក លី បានសង្កត់ធ្ងន់ថា សម្រាប់មហាសេដ្ឋីចិន សិង្ហបុរីគឺជាជម្រកដ៏មានសុវត្ថិភាព ដោយសារមានប្រព័ន្ធច្បាប់តឹងរ៉ឹង ស្ថិរភាពនយោបាយខ្ពស់ និងនយោបាយពន្ធដារប្រកបដោយភាពទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញវិនិយោគិនចិនកាន់តែច្រើនឡើងៗបានចាប់ផ្តើមបង្វែរទិសដៅទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាដែនដីមានឧត្តមភាព និងបរិយាកាសប្រហាក់ប្រហែលគ្នានឹងសិង្ហបុរី ប៉ុន្តែមានចំណាយប្រកួតប្រជែងជាង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទទួលមរណភាព៥០ឆ្នាំហើយ ហេតុអ្វីលោក ម៉ៅ សេទុង នៅតែមានឥទ្ធិពលក្នុងប្រទេសចិន?

រយៈពេល៥០ឆ្នាំក្រោយមរណភាពរបស់លោក ម៉ៅ សេទុង បិតាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនបានផ្លាស់ប្តូរយ៉ាងខ្លាំងពីរដ្ឋកុម្មុយនីស្តដ៏ក្រី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ