សារព័ត៌មាន CNA បានរាយការណ៍នៅថ្ងៃទី១០ ខែកញ្ញា ថា លោក ដូណាល់ ត្រាំ បានសន្យាផ្តល់ប្រាក់ដល់ពលរដ្ឋអាម៉េរិកពេញវ័យម្នាក់៥,០០០ដុល្លារនេះកាលពីថ្ងៃទី៩ ខែកញ្ញា នៅក្នុងសមាជពាក់កណ្តាលអាណត្តិលើកដំបូងរបស់គណបក្សសាធារណរដ្ឋ ដោយអំពាវនាវឱ្យអ្នកបោះឆ្នោតបន្តគាំទ្របក្សសាធារណរដ្ឋរបស់លោក ដើម្បីរក្សាការគ្រប់គ្រងសភា។ ទិន្នន័យបានបង្ហាញថា សហរដ្ឋអាម៉េរិកមានពលរដ្ឋពេញវ័យប្រមាណ២៧០លាននាក់ ដូចនេះប្រសិនបើផ្តល់ប្រាក់ម្នាក់ៗ៥,០០០ ដុល្លារ នោះរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវចំណាយរហូតដល់ទៅជាង១,៣ទ្រីលានដុល្លារ។ ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ថា ប្រាក់នេះត្រូវផ្តល់តាមរបៀបណា និងបានពីណានោះទេ។
ការសន្យានេះកើតឡើង ខណៈដែលបក្សសាធារណរដ្ឋកំពុងព្យាយាមជំរុញអ្នកគាំទ្រឱ្យចេញទៅបោះឆ្នោត ស្របពេលប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ធ្លាក់ចុះខ្លាំង ហើយបញ្ហាថ្លៃជីវភាពរស់នៅ និងវិបត្តិសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងបង្កការព្រួយបារម្ភក្នុងចំណោមអ្នកបោះឆ្នោត។ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ចុងឆ្នាំនេះ ក៏កំពុងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់បក្សសាធារណរដ្ឋផងដែរ ខណៈការស្ទង់មតិបង្ហាញថា គណបក្សប្រជាធិបតេយ្យកំពុងមានការលើកទឹកចិត្តខ្លាំងក្នុងការចេញទៅបោះឆ្នោត។
លោក ដូណាល់ ត្រាំ បានសន្យាថា នឹងធ្វើយុទ្ធនាការយ៉ាងសកម្មនៅតាមរដ្ឋ និងមណ្ឌលបោះឆ្នោត
សំខាន់ៗក្នុងរយៈពេល៨សប្តាហ៍ចុងក្រោយ មុនដល់ថ្ងៃបោះឆ្នោត៕
ដោយ: តែម សុខុម