ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយសកលវិទ្យាល័យ ហ្សេជាំង របស់ចិនបានវ៉ាដាច់សកលវិទ្យាល័យដ៏ល្បីល្បាញរបស់អាម៉េរីកឡើងគ្រងតំណែងជាសកលវិទ្យាកំពូលនៅលើពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅក្នុងការចាត់ចំណាត់ថ្នាក់សកលវិទ្យាល័យប្រចាំឆ្នាំ២០២៦។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times ក្នុងចំណោមសកលវិទ្យាល័យកំពូលទាំង១០នៅលើពិភពលោក ហាវើដ ជាសាកលវិទ្យាល័យអាម៉េរិកតែមួយគត់ ដែលស្ថិតនៅក្នុងតារាង ខណៈ៩ផ្សេងទៀតសុទ្ធសឹងជារបស់ប្រទេសចិន។
មូលហេតុចម្បងដែលរុញឱ្យសកលវិទ្យាល័យចិនឡើងគ្រងតំណែងកំពូល គឺការវិនិយោគ។ រដ្ឋាភិបាលចិនបានចាក់ថវិកាដ៏មហាសាលលើវិស័យអប់រំជាន់ខ្ពស់ ដោយផ្តោតខ្លាំងលើការសាងសង់មន្ទីរពិសោធន៍ទំនើបៗ និងការទាក់ទាញអ្នកវិទ្យាសាស្ត្រឆ្នើមៗពីជុំវិញពិភពលោក។ ជាលទ្ធផលសកលវិទ្យាល័យចិន កំពុងដណ្តើមឧត្តមភាពលើមុខជំនាញសំខាន់ៗជាច្រើនរួមមានគីមីវិទ្យា វិទ្យាសាស្ត្រអនុវត្ត ធរណីវិទ្យា និងបរិស្ថាន។
ផ្ទុយទៅវិញសកលវិទ្យាល័យ ហាវើដ ទោះបីនៅតែរក្សាបានភាពខ្លាំងលើផ្នែកវិទ្យាសាស្ត្រជីវវិទ្យា និងវិទ្យាសាស្ត្រសង្គមក៏ដោយ ក៏ការធ្លាក់ចុះចំណាត់ថ្នាក់នេះ ត្រូវបានអ្នកជំនាញអះអាងថា គឺបណ្តាលមកពីគោលនយោបាយកាត់បន្ថយថវិកាគាំទ្រការស្រាវជ្រាវ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់សកលវិទ្យាល័យអាម៉េរិកកាន់តែខ្សោយទៅៗ៕
ដោយៈ សរ សុជាតិ