បន្លែ ផ្លែឈើ

អ្នកជំនាញស្នើឱ្យអាជ្ញាធរច្រកព្រំដែនបង្កើនការត្រួតពិនិត្យការនាំចូលបន្លែ ផ្លែឈើ ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺមហារីក


នៅមួយរយៈចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានរឹតបន្តឹងការត្រួតពិនិត្យយ៉ាងខ្លាំងក្លាលើការនាំចូលផ្លែទុរេន ដែលមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព និងទុរេនខុសច្បាប់ពីប្រទេសជិតខាង។ ទន្ទឹមគ្នានេះ មហាជនបានសម្តែងការរំពឹងទុក និងចង់ឃើញអាជ្ញាធរបង្កើនវិធានការរឹតបន្តឹងបែបនេះលើរាល់មុខទំនិញបន្លែ និងផ្លែឈើនាំចូលផ្សេងទៀតដូចគ្នាដែរ ព្រោះវាអាចមានផ្ទុកសារធាតុគីមីកសិកម្មហាមឃាត់ ដែលបំផ្លាញសុខភាពពលរដ្ឋ ខណៈក្រសួងសុខាភិបាលធ្លាប់បានចេញមកព្រមានថា ជារៀងរាល់៤០នាទីម្តងមានពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិតដោយសារជំងឺមហារីក។
បន្លែ ផ្លែឈើ
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញកសិកម្មនៅតាមច្រកព្រំដែន គឺជាចំណុចស្នូលដ៏សំខាន់បំផុត ដែលមិនត្រឹមតែជួយការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំហំពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពទៀតផង។

សម្រាប់អ្នកជំនាញរូបនេះ ការបង្កើនយន្តការត្រួតពិនិត្យលើប្រភេទទំនិញបន្លែ និងផ្លែឈើនៅតាមច្រកទ្វារព្រំដែន ពិតជាអាចចូលរួមកាត់បន្ថយចំនួនពលរដ្ឋដែលប្រឈមនឹងជំងឺមហារីកបានមួយកម្រិតធំ ខណៈបច្ចុប្បន្នអត្រាអ្នកស្លាប់ដោយសារជំងឺនេះនៅកម្ពុជា កំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ បន្ថែមលើនេះ រដ្ឋាភិបាលត្រូវតែបន្តលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពសាធារណៈ ដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹង និងចេះការពារខ្លួនពីជំងឺមិនឆ្លងកាចសាហាវទាំងឡាយ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា អាជ្ញាធរមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែយកចិត្តទុកដាក់ និងដាក់ចិត្តដាក់កាយត្រួតពិនិត្យឱ្យបានហ្មត់ចត់លើរាល់មុខទំនិញបន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគផ្សេងៗ មុននឹងអនុញ្ញាតឱ្យហូរចូលមកចរាចរលក់នៅលើទីផ្សារ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា រដ្ឋមានតួនាទីអាទិភាពក្នុងការធានាថា រាល់ស្បៀងអាហារ ដែលពលរដ្ឋទិញយកទៅបរិភោគ គឺមានសុវត្ថិភាពខ្ពស់ ហេតុនេះការពិនិត្យស្វែងរកសារធាតុគីមីនៅច្រកព្រំដែន គឺជារបាំងការពារដ៏ចាំបាច់ ដើម្បីកាត់បន្ថយអត្រាធ្លាក់ខ្លួនឈឺរបស់ពលរដ្ឋពីជំងឺដ៏កាចសាហាវ។

ជុំវិញបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌ ក៏បានចេញមុខសំណូមពរដល់អាជ្ញាធរប្រចាំច្រកព្រំដែនឱ្យពង្រីកវិសាលភាពរឹតបន្តឹងលើទំនិញផ្សេងៗលើសពីទុរេន ដើម្បីទប់ស្កាត់កុំឱ្យបន្លែផ្លែឈើមានផ្ទុកសារធាតុពុលជ្រាបចូលមកបំផ្លាញសុខភាពសាធារណៈ។ អ្នកជំនាញផ្នែកសុខាភិបាលរូបនេះបានគូសបញ្ជាក់ថា នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត តាមរយៈការដាក់ឡានពិសោធន៍ចល័ត ឬឧបករណ៍តេស្តរហ័សនៅតាមច្រកព្រំដែន ហើយក្នុងករណីរកឃើញទំនិញណាមានសារធាតុគីមីលើសកម្រិតកំណត់ ត្រូវតែចាត់វិធានការកម្ទេចចោលភ្លាមៗ ឬបញ្ជូនត្រឡប់ទៅប្រទេសដើមវិញដោយគ្មានការលើកលែង។ លោកវេជ្ជបណ្ឌិតបានព្រមានថា ប្រសិនបើអាជ្ញាធរមិនអាចគ្រប់គ្រងខ្សែច្រវាក់នាំចូលកសិផលទាំងនេះបានគ្រប់ជ្រុងជ្រាយទេ នោះកម្ពុជា ក៏មិនអាចទប់ស្កាត់ការរាលដាលនៃជំងឺមិនឆ្លងដូចជាជំងឺមហារីក ទឹកនោមផ្អែម និងលើសឈាម ដែលកំពុងឆក់យកជីវិតពលរដ្ឋរាល់ថ្ងៃបាននោះដែរ។

គួររម្លឹកថា ក្រសួងសុខាភិបាល ធ្លាប់បានចេញមកព្រមានកាលពីកន្លងទៅថា កម្ពុជា កំពុងប្រឈមជាមួយអត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីក ដោយមានមនុស្សស្លាប់ជិត១៤,០០០នាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាខ្ពស់លើស៧០% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោក គឺត្រឹមតែ៤៨% ប៉ុណ្ណោះ។ ក្រសួងបានគូសបញ្ជាក់ថា ជារៀងរាល់៤០នាទីម្តងមានពលរដ្ឋខ្មែរស្លាប់ម្នាក់ដោយសារជំងឺមហារីកនៅកម្ពុជា ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ ដែលបញ្ហានេះកំពុងអូសទម្លាក់ស្ថានភាពគ្រួសារពលរដ្ឋឱ្យធ្លាក់ចូលក្នុងទុក្ខលំបាក បន្សល់ទុកនូវកូនកំព្រា បុរសពោះម៉ាយ ឬស្ត្រីមេម៉ាយជាដើម៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា បន្តបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដូចភ្លៀងរលឹម ដោយបានធ្វើបត្យាប័នលោក លីវ យិន កូនចៅជំនិតរបស់លោក ចេន ហ្ស៊ី ទៅប្រទេសចិន ថ្មីៗនេះ

កម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam តាម​រយៈ​ការ​សហការ​យ៉ាងជ…

​តើពិព័រណ៍ផលិតផល អាស៊ាន-ចិន ឆ្នាំ២០២៦ នឹងផ្តល់ផលចំណេញអ្វីខ្លះដល់សហគ្រិន និងសេដ្ឋកិច្ចកម្ពុជា?

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ប្រចាំឆ្នាំដ៏ធំមួយ គឺពិព័រណ៍ផលិតផល អាស៊ាន -ចិន ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ