លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពី ការត្រួតពិនិត្យ AI កាលពីថ្ងៃអង្គារ កន្លងទៅនេះ បន្ទាប់ពីមានការពន្យារពេលកម្មវិធីមួយចំនួននៅក្នុងសេតវិមាន កាលពីសប្តាហ៍មុន ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខពាក់ព័ន្ធនឹងប្រព័ន្ធ AI។ ក្រុមអ្នកវិភាគបានអះអាងថា បទបញ្ជានេះ គឺជាការបង្កើតក្របខណ្ឌគតិយុត្តសម្រាប់រដ្ឋាភិបាលសហព័ន្ធក្នុងការវាយតម្លៃរាល់ហានិភ័យផ្នែកសន្តិសុខជាតិលើប្រព័ន្ធ AI ទំនើបៗ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ផ្អែកតាមបទបញ្ជានេះ បានបង្ហាញឱ្យឃើញថា លោក ត្រាំ ហាក់មានភាពរារែកក្នុងការសហការលើកិច្ចការមួយចំនួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដូចជា Anthropic, OpenAI និង Google ជាដើម ដោយសារលោកយល់ថា ប្រព័ន្ធ AI ទំនើបៗទាំងនោះ ហាក់ស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ និងមិនទាន់មានភាពពេញលេញក្នុងការប្រតិបត្តិការការងារ។
លោក ត្រាំ បានសង្កត់ធ្ងន់នៅក្នុងបទបញ្ជាប្រតិបត្តិខាងលើថា សមត្ថភាព AI កាន់តែទំនើបនឹងធ្វើឱ្យសហរដ្ឋអាម៉េរិក កាន់តែរឹងមាំ ប៉ុន្តែក៏តម្រូវឱ្យស្ថាប័ននានា យកចិត្តទុកដាក់ និងពិចារណាឱ្យបានដិតដល់លើបញ្ហាសន្តិសុខជាតិថ្មីៗ ដែលទាមទារឱ្យមានសកម្មភាពសម្របសម្រួលរួមគ្នានៅទូទាំងស្ថាប័នរដ្ឋ។
កន្លងមក ពោលគឺកាលពីថ្ងៃទី២១ ខែឧសភា លោក ត្រាំ ត្រូវបានគេដឹងថា បានបដិសេធមិនចុះហត្ថលេខាលើបទបញ្ជា ដែលមានទម្រង់ប្រហាក់ប្រហែលគ្នានេះ ប៉ុន្តែគេមិនទាន់ដឹងលម្អិតថា តើបទបញ្ជាប្រតិបត្តិ ដែលលោកបានចុះហត្ថលេខានៅពេលនេះ និងបទបញ្ជាដែលលោកបានបដិសេធកាលពីមុន មានភាពខុសគ្នាកម្រិតណានោះទេ។
គួររំលឹកថា ដោយសារតែហេតុផលសន្តិសុខលោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍មួយនៅសេតវិមានជាមួយនាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាមួយកាលពីខែមុន។ លោកបានប្រាប់អ្នកយកព័ត៌មាននៅពេលនោះថា អាម៉េរិក កំពុងនាំមុខប្រទេសចិន និងកំពុងដឹកនាំមនុស្សគ្រប់គ្នា ដូច្នេះលោកមិនចង់ធ្វើអ្វី ដែលនឹងរារាំងដល់ការនាំមុខនេះឡើយ៕