ទន្ទឹមនឹងការខាតបង់ដ៏មហាសាលនេះ មនុស្សជាង១,១០០នាក់បានស្លាប់ ឬបាត់ខ្លួន ដោយសារព្យុះទីហ្វុងដ៏កំណាច ទឹកជំនន់ និងការបាក់ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge នៅថ្ងៃទី២២ ខែតុលា នេះ។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ចិន បានរាយការណ៍ថា គ្រោះមហន្តរាយធម្មជាតិ បានបង្កការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ចាប់ពីខែមករា ដល់ខែកញ្ញា ធ្លាក់ចុះ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងណា មនុស្សជាង១,១៦២ នាក់បានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងរយៈពេលនេះ ដោយកើនឡើងពី៧៤២នាក់កាលពីឆ្នាំមុន។
ក្រសួងដដែលនេះបានឱ្យដឹងថា ទឹកជំនន់ជន់លិចភ្លាមៗដ៏ធ្ងន់ធ្ងរកាលពីខែសីហា នៅតំបន់ជិតព្រំដែន
នេប៉ាល់ និងទីបេត៍ បានបណ្តាលឱ្យជនជាតិចិនចំនួន៥៦២នាក់ស្លាប់ និងបាត់ខ្លួន។ សូមបញ្ជាក់ថា តំបន់ភាគនិរតី និងភាគខាងត្បូងប្រទេសចិន គឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ក្នុងនោះគ្រោះមហន្តរាយដូចជាការបាក់ដី និងការបាក់ដីដោយសារភ្លៀងបានបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាងគេ។ ចំណែកឯព្យុះទីហ្វុងវិញបានបង្កការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ជាពិសេសនៅតំបន់ឆ្នេរសមុទ្រភាគខាងកើត។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំនេះ ប្រជាជនចិន ជាង៥លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ឬស្វែងរកជម្រកបណ្តោះអាសន្ន។ ក្រសួងចិន ក៏បានបញ្ជាក់ដែរថា ព្យុះទីហ្វុងចំនួន២៦ បានកកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងសមុទ្រចិនខាងត្បូង គិតត្រឹមចុងខែកញ្ញា ក្នុងនោះព្យុះទីហ្វុងចំនួន៧ បានបោកបក់មកលើឆ្នេរសមុទ្រចិន។ តួលេខទាំងពីរនេះខ្ពស់ជាងកម្រិតមធ្យមជាប្រវត្តិសាស្ត្រសម្រាប់រយៈពេលដូចគ្នា៕