គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏មហិមានេះ កំពុងត្រៀមខ្លួនបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដែលនឹងក្លាយជារបត់យុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន ព្រមទាំងពង្រឹងខ្សែច្រវាក់ពាណិជ្ជកម្មដោយផ្ទាល់ពីតំបន់ភាគខាងត្បូង និងភាគនិរតី នៃប្រទេសចិន មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងផ្លូវសមុទ្រអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ចិន បានប្រកាសពីជោគជ័យ នៃការធ្វើតេស្តសាកល្បងពេញលេញលើព្រែកជីក Pinglu មុននឹងឈានទៅបើកទំព័រប្រវត្តិសាស្ត្រប្រតិបត្តិការផ្លូវការនៅខែកញ្ញា ខាងមុខនេះ។ កាលពីចុងសប្តាហ៍កន្លងទៅ អាជ្ញាធរសុវត្ថិភាពដែនទឹក នៃតំបន់ស្វយ័តគ័ងស៊ី បានបញ្ជូននាវាល្បាតឱ្យធ្វើដំណើរឆ្លងកាត់ព្រែកជីកនេះទាំងស្រុង ដោយចាប់ផ្តើមពីឈូងសមុទ្រតុងកឹង ដែលជាប់ព្រំដែនវៀតណាមរហូតដល់ចំណុចចុងក្រោយនៅភាគខាងជើងនៃទន្លេភីងថាង។
ការធ្វើតេស្តពេញប្រវែងផ្លូវទឹកជាលើកដំបូងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការដ្ឋានសាងសង់ផ្នែកសំខាន់ៗ ត្រូវបានបញ្ចប់ជាស្ថាពរកាលពីខែកក្កដា។ ក្នុងដំណើរការសាកល្បងនេះ ក្រុមបច្ចេកទេសចិនបានត្រួតពិនិត្យយ៉ាងល្អិតល្អន់លើលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពនាវាចរណ៍ រួមមានទទឹងផ្លូវទឹក ចំណុចផ្លូវកោង កម្ពស់ស្ពាន ចំណុចប្រសព្វទន្លេ ប្រព័ន្ធសញ្ញាសម្គាល់នាវាចរណ៍ និងតំបន់សង្គ្រោះបន្ទាន់។
សូមបញ្ជាក់ថា ព្រែកជីកខ្នាតយក្សនេះមានប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ និងមានសមត្ថភាពទ្រទ្រង់នាវាដឹកទំនិញធុនធ្ងន់រហូតដល់៥,០០០តោនឱ្យធ្វើដំណើរឆ្លងកាត់បានដោយរលូន។ គម្រោងស្ថាបត្យកម្មផ្លូវទឹកតម្លៃជិត១១ពាន់លានដុល្លារនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកជាអាវុធមុខពីរ ដ៏មានឥទ្ធិពលក្នុងការផ្លាស់ប្តូរមុខមាត់ភស្តុភារកម្ម ដោយតភ្ជាប់តំបន់ផលិតកម្មដ៏ធំនៅភាគខាងត្បូង និងភាគនិរតីរបស់ខ្លួនឆ្ពោះទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងបណ្តាញពាណិជ្ជកម្មសមុទ្រសកល។
ក្រុមអ្នកវិភាគបានលើកឡើងថា ទោះបីជាការដឹកជញ្ជូនតាមផ្លូវគោកមានល្បឿនលឿនសម្រាប់ទំនិញក្នុងស្រុកក៏ដោយ ប៉ុន្តែព្រែកជីក Pinglu នឹងក្លាយជាជម្រើសដ៏សំខាន់ ដែលមានប្រសិទ្ធភាពខ្ពស់ និងចំណាយប្រាក់តិចជាងមុនឆ្ងាយ សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន។ ជាមួយនឹងការបើកដំណើរការនាខែកញ្ញា ខាងមុខនេះ ព្រែកជីក Pinglu នឹងប្រែក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏ក្តៅគគុកមួយ ដែលពង្រឹងឥទ្ធិពល និងការតភ្ជាប់សេដ្ឋកិច្ចរវាងមហាយក្សចិន និងតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែស្អិតល្មួត៕
ដោយ: តែម សុខុម