វិបត្តិដ៏ធ្ងន់ធ្ងរនេះបានផ្ទុះឡើងស្របពេលដែលលោក ជេនសេន ហួង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុននេះត្រូវបានរងការស៊ើបអង្កេតមិនត្រឹមតែជុំវិញរឿងអាស្រូវស្នេហាក្រៅប្រព័ន្ធអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប់ពាក់ព័ន្ធនឹងសំណុំរឿងចារកម្មទៀតផង។ តើរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិក និង ភ្នាក់ងារ FBI បានរកឃើញតម្រុយអ្វីខ្លះជុំវិញករណីនេះ?
សារព័ត៌មាន Business Times បានរាយការណ៍នៅថ្ងៃទី១១ ខែវិច្ឆិកា ថា ទីផ្សារហិរញ្ញវត្ថុពិភពលោកបានរងការរង្គោះរង្គើយ៉ាងខ្លាំង ក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស NVIDIA បានបន្តដាំក្បាលចុះយ៉ាងគំហុក ដែលធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបកំពូលមួយនេះប្រឈមនឹងការខាតបង់ទឹកប្រាក់រហូតដល់ទៅជាង៤៧០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។
ការខាតបង់ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវស្នេហា និងចារកម្មដ៏ក្តៅគគុករបស់នាយកប្រតិបត្តិក្រុមហ៊ុន NVIDIA គឺលោក ជេនសេន ហួង ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងលួចលាក់បង្កើតស្នេហាជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ឈ្មោះ អាលីស ហួង (Alice Huang) ដែលត្រូវគេសង្ស័យថា ជាចារនារីរបស់ទីក្រុងប៉េកាំង។ តាមរយៈទំនាក់ទំនងស្នេហាលួចលាក់នេះ លោក ជេនសេន ហួង បានរងការចោទប្រកាន់ថា បានសម្របសម្រួល និងបើកផ្លូវឱ្យមានការនាំចេញបន្ទះឈីបកម្រិតខ្ពស់របស់ NVIDIA ក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ ៧,៥ពាន់លានដុល្លារអាម៉េរិកទៅឱ្យក្រុមហ៊ុននានានៅក្នុងប្រទេសចិន ដោយរំលោភលើច្បាប់អាម៉េរិក។
ប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់នេះ ក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា ពួកគេបានជួលអតីតរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនច្បាប់ល្បីៗជាច្រើន ដើម្បដឹកនាំការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងស៊ីជម្រៅ។ ជាមួយគ្នានេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាម៉េរិក FBI ក៏បានលូកដៃ និងបើកការស៊ើបអង្កេត ដើម្បីផ្ទៀងផ្ទាត់ថា តើនាយកប្រតិបត្តិវ័យ៦៣ឆ្នាំរូបនេះពិតជាបានធ្លាក់ចូលក្នុងអន្ទាក់ ឬជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់បរទេសមែនឬ?
ជុំវិញនឹងករណីដ៏រំជើបរំជួលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានទម្លាយថា លោកបានទូរសព្ទជជែកផ្ទាល់ជាមួយលោក ជេនសេន ហួង និងបានសួរត្រង់ៗថា តើលោកដឹងដែរឬទេថាស្ត្រីរូបនោះ គឺជាចារនារីរបស់ចិន? លោក ត្រាំ បានបញ្ជាក់ថា លោក ជេនសេន ហួង បានឆ្លើយតបទៅវិញថា លោកមិនបានដឹងអំពីបញ្ហានេះទាល់តែសោះ ហើយលោក ត្រាំ ខ្លួនឯង ក៏បានបង្ហាញជំហរដែរថា លោកជឿជាក់លើពាក្យសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nvidia រូបនេះ៕
ដោយៈ សរ សុជាតិ