គណៈកម្មការអឺរ៉ុបរួមជាមួយបណ្តារដ្ឋសមាជិកនឹងផ្តល់ថវិកាសមាសភាពជាជំនួយឥតសំណងចំនួន៤៤០លានអឺរ៉ូ ឬប្រមាណ៤៩៥លានដុល្លារអាម៉េរិកដល់បណ្តាក្រុមហ៊ុនបន្ទះឈីបទើបបង្កើតថ្មីៗ ដើម្បីសម្រាលបន្ទុកចំណាយក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបន្ទះឈីបពាណិជ្ជកម្ម។ ដោយឡែកថវិកា៨៥លានអឺរ៉ូទៀត ឬប្រមាណជាង៩៥លានដុល្លារអាម៉េរិកនឹងត្រូវចាក់បញ្ចូលទៅក្នុងកិច្ចគាំទ្រវេទិការចនាបន្ទះឈីបរបស់អឺរ៉ុប។ អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកអធិបតេយ្យភាពបច្ចេកវិទ្យា សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យបានគូសបញ្ជាក់ថា អឺរ៉ុបនឹងមិនអាចពង្រឹងជំហររឹងមាំក្នុងឧស្សាហកម្មកុំព្យូទ័រ បច្ចេកវិទ្យា និងបន្ទះឈីបសកលបានឡើយ ប្រសិនបើគ្មានការជោគជ័យលើការរចនាបន្ទះឈីបផ្ទាល់ខ្លួនទេនោះ។
ទិន្នន័យរបស់គណៈកម្មការអឺរ៉ុបបានបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនរចនាបន្ទះឈីបរបស់អឺរ៉ុបគ្របដណ្តប់ចំណូលតិចជាង១%ប៉ុណ្ណោះ នៃចំណូលសរុបក្នុងវិស័យនេះនៅលើពិភពលោក។ អាស្រ័យហេតុនេះ វេទិកាថ្មីនេះ នឹងក្លាយជាស្ពានចម្លងឱ្យក្រុមហ៊ុន Startups ទទួលបានឧបករណ៍រចនាកម្រិតខ្ពស់ សេវាគាំទ្របច្ចេកទេស កម្មសិទ្ធិបញ្ញា និងឱកាសចូលរួមប្រកួតប្រជែងក្នុងខ្សែច្រវាក់ផលិតកម្ម។ គួរកត់សម្គាល់ថា ឧស្សាហកម្មបន្ទះឈីបមានការរីកចម្រើនយ៉ាងលឿន ដោយសារការផ្ទុះឡើងនៃតម្រូវការផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅលើឆាកអន្តរជាតិ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស